ព័ត៌មានថ្មីៗ

គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើ នៅតំបន់ប្រាសាទកោះកេរបានចេញជាផ្លូវការហើយ

បានផ្សាយនៅ ថ្ងៃទី 04 ខែ កុម្ភៈ ឆ្នាំ2016 01:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ បានលេចចេញរូបរាងជាផ្លូវការហើយ។ ពិធីប្រកាស សមាសភាពគណៈកម្មការថ្មី នេះ ត្រូវបានរៀបចំឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ សមាសភាពនៃគណៈកម្មការចម្រុះនេះ មានឯកឧត្តម ឈរ ថាណាត អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាជាប្រធាន អមដោយអនុប្រធាន៥រូប ដែលមានអភិបាលរងខេត្តព្រះវិហារ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្នងការនគរបាលខេត្តព្រះវិហារ ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា អភិបាលស្រុកគូលែន រួមនឹងសមាជិកទាំងអស់ជាង១០រូបទៀត។

តាមសេចក្តីលេខ០៤សសរ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលស្តីពីការបង្កើតគណៈកម្មការនេះ បានកំណត់ឲ្យគណៈកម្មការចម្រុះនេះរៀបចំផែនការអភិរក្ស បង្ការការពារ និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ ធានានិរន្តរភាពព្រៃឈើ ការបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេស គណៈកម្មការនេះក៏មានសិទ្ធិចាត់ចែងផ្លូវច្បាប់ទៅតុលាការ ទាំងក្នុងករណីបទល្មើសជាក់ស្តែង និងមិនជាក់ស្តែង។ល។

គួរបញ្ជាក់ថា បើទោះបីជាមួយរយៈចុងក្រោយនេះ ក្រុមភ្នាក់ងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរាចាប់បាន និងទប់ស្កាត់ជាបន្តបន្ទាប់ក៏ដោយក្តី ក៏មានឈ្មួញទុច្ចរិត និងជនខិលខូចមួយចំនួន ដែលខ្លះមានទាំងអាវុធជាប់ដៃទៀតផង បានចូលមកកាប់ឈើប្រណិត និងខ្លះទៀតបានចូលមកកាប់ទន្ទ្រានដីកាន់កាប់ធ្វើកម្មសិទ្ធិក្នុងតំបន់ការពារនៃប្រាសាទកោះកេរ។ ដើម្បីឲ្យការទប់ស្កាត់បទល្មើសនេះកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ស្នើបង្កើតគណៈកម្មការចម្រុះមួយ ដែលមានទាំងកងកម្លាំងប្រដាប់អាវុធចូលរួមជាមួយផង ហើយអាជ្ញាធរជាតិអប្សរាធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុលើដំណើរការនៃគណៈកម្មការនេះ៕










ស្រះស្រង់ មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដោយមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បានធ្វើឱ្យទឹកក្នុងស្រះប្រុស ស្រះស្រីមុខអង្គរវត្តនារដូវប្រាំងស្រក ខ្វះ បាត់បង់ភាពស្រស់ស្អាត។ ដូច្នេះដើម្បីរក្សាទឹកឱ្យនៅមានដូចរដូវវស្សានិងធ្វើឱ្យស្រះមានសោភ័ណភាពស្រស់បំព្រងឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបូមទឹកពីកសិណមកបញ្ចូលស្រះទាំងពីរនេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
ប្រជាពលរដ្ឋប្រមាណ៦០រូប ដែលតំណាងឲ្យអ្នកស្រុកចំនួនបួនឃុំ នៅស្រុកពួក គឺឃុំសំរោងយារ ឃុំពួក ឃុំកែវព័ណ៌ និងឃុំខ្នាត បានជួបពិភាក្សាជាមួយមន្ត្រីជំនាញគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមក្នុងការខ្វះទឹកបង្កបង្កើនផល។
ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល២ថ្ងៃកន្លះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0474
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
33509
ខែនេះ
:
0128188
សរុប
:
012897620