ព័ត៌មានថ្មីៗ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងសម្អាតស្មៅនិងកាត់ក្រីកូនឈើនៅលើប្រាសាទក្រហម

បានផ្សាយនៅ ថ្ងៃទី 01 ខែ កុម្ភៈ ឆ្នាំ2016 08:18 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។

ដោយឡែកទាក់ទងនឹងការថែរក្សា អភិរក្សវិញ ប្រាសាទនេះត្រូវបានភ្នាក់ងារអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គររបស់អាជ្ញាធរជាតិអប្សរា រៀបចំតម្លើងរន្ទាដែកដើម្បីដកសម្អាតស្មៅនិងកូនរុក្ខជាតិដែលដុះនៅតាមតួប្រាសាទនិងលើកំពូលប្រាសាទចេញកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៦។ លោក សំ សារេត ប្រធានការិយាល័យនៃ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឲ្យដឹងថា ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវប្រាំងក្រុមការងារតែងតែឡើងសម្អាតស្មៅនិងដកកូនរុក្ខជាតិតូចធំដុះលើតួនិងកំពូលប្រាសាទក្រហមនិងប្រាសាទផ្សេងៗជាប្រចាំ។ នេះជាលើកទី១ដែលក្រុមការងារសាកល្បងតម្លើងរន្ទាដែកសម្រាប់ឡើងដកសម្អាតស្មៅនិងកាត់ក្រីរុក្ខជាតិនៅតំបន់កោះកេរដោយខ្លួនឯង ព្រោះកន្លងមកយើងដាក់ត្រឹមជណ្តើរឈើឡើងឬរន្ទាទាបៗប៉ុណ្ណោះតាមស្ថានភាពជាក់ស្តែងនិងលទ្ធភាពដែលយើងអាចធ្វើបានក្នុងការសម្អាតប្រាសាទ។

លោក សារេត បន្ថែមទៀតថា សព្វថ្ងៃនេះ យើងមានរន្ទារដែក១៥០ដើមនិងមានបុគ្គលិក១០នាក់ ជាបុគ្គលិកធម្មតា៧នាក់និងអ្នកបច្ចេកទេស៣នាក់សម្រាប់ដំណើរការការងារនេះ។ ការសម្អាតប្រាសាទ ដកស្មៅ និងកាត់ក្រីកូនឈើតូចធំលើតួនិងកំពូលប្រាសាទគឺដើម្បីថែរក្សាការពារប្រាសាទកុំឲ្យបាក់បែកប្រេះស្រាំដោយសាររុក្ខជាតិទាំងនោះ ថែមទាំងធ្វើឲ្យប្រាសាទមានសោភណភាពស្អាត និងទាក់ទាញភ្ញៀវទេសចរផងដែរ។

លោក ហុង ហាក់
ជាបុគ្គលិកជំនាញដែលបានផ្តួចផ្តើមរៀបរន្ទានេះ បានប្រាប់ថា លោកធ្លាប់ឃើញគេតំឡើងរន្ទាដែកសម្រាប់សម្អាតប្រាសាទនិងកាត់ដើមឈើ ព្រមទាំងមានបទពិសោធន៍ធ្លាប់សម្អាតតាមប្រាសាទកន្លងមកនៅក្នុងតំបន់អង្គរផង ទើបយកចំណេះដឹងទាំងនោះមកអនុវត្តនៅប្រាសាទក្រហមម្តង ដើម្បីងាយស្រួលឡើងសម្អាត។ ប៉ុន្តែនៅទីនេះមានការលំបាកច្រើន ហើយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងការសម្អាតប្រាសាទនៅតំបន់អង្គរ ព្រោះប្រាសាទនៅតំបន់នេះធ្វើពីឥដ្ឋ ពិសេសប្រាសាទក្រហម វាងាយពុកផុយ និងជ្រុះជាប្រចាំ មិនធន់នឹងកម្លាំងសង្កត់ធ្ងន់បានឡើយ ។

លោកបន្តទៀតថា ចំពោះការតម្លើងរន្ទាដែកដើម្បីសម្អាតប្រាសាទនីមួយៗ គឺមិនឲ្យប៉ះតួប្រាសាទឡើយ ហើយប្រើរយៈពេលបីថ្ងៃទើបតំឡើងរួច ឯការកាត់សម្អាតវិញយើងចំណាយពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះនឹងរួចរាល់ហើយ។ យើងអាចធ្វើការងារនេះបានតែនៅរដូវប្រាំងទេព្រោះរដូវនេះប្រាសាទស្ងួតល្អ មិនរអិល មិនពុកផុយ ងាយស្រួលក្នុងការឡើង។ អាជ្ញាធរជាតិអប្សរាបានធ្វើកិច្ចការងារនេះជាប្រចាំតាំងតែពីឆ្នាំ២០០៥មកដើម្បីថែរក្សាការពារនូវប្រាង្គប្រាសាទបុរាណទាំងអស់ក្នុងតំបន់កោះកេរ ដែលជាកេរ្តិ៍តំណែលរបស់បុព្វបុរសយើងនិងជាមត៌កសម្បត្តិវប្បធម៌បេតិកភណ្ឌមនុស្សជាតិមិនអាចកាត់ថ្លៃបានក្នុងលោក ឲ្យគង់វង្ស មិនឲ្យខូចបាក់បែក និងបាត់បង់សម្រស់សោភណភាពរបស់ប្រាសាទទាំងមូល៕

 

 

រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (នៅខាងត្បូងទីតាំងបាឡុង មុខប្រាសាទអង្គរវត្ត) បានប្រទះឃើញបំណែកវត្ថុបុរាណចំនួន២ដុំ
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ បានចុះឃាត់ការសាងសង់ របងថ្មបេតុង ដែលធ្វើហ៊ុមព័ទ្ធទីទួលបុរាណ
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាសហការជាមួយនគរបាលការពារបេតិកភណ្ឌ បានចុះឃាត់ប្រជាពលរដ្ឋ ២គ្រួសារ ដែលបានរុករានដីធ្វើកសិកម្ម ធ្វើឲ្យប៉ះពាល់ដល់ឡបុរាណ
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រុមអ្នកជំនាញអភិរក្សនិងជួសជុលក្បាច់ចម្លាក់ ១៩នាក់ដែលមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ និងសារមន្ទីរព្រះនរោត្តមសីហនុនៃអាជ្ញាធរជាតិអប្សរា និង អាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារការអភិរក្ស និងការ ជួសជុលក្បាច់ចម្លាក់ទាំង៤ការដ្ឋាននៅតំបន់ឧទ្យានអង្គរដល់ព្រះសង្ឃចំនួន៧៥អង្គ នៅវត្តរាជបូណ៌។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
26054
ម្សិលមិញ
:
23792
សប្តាហ៍នេះ
:
26054
ខែនេះ
:
0107331
សរុប
:
009289613