ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាកំពុងពង្រឹងសមត្ថភាពមន្ត្រីជំនាញ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាអវកាស(Remote Sensing)ក្នុងការងារអភិរក្សរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 28 ខែ មករា ឆ្នាំ2016 12:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ចាប់ពីឆ្នាំ២០១៣មក មានមន្ត្រី និងបុគ្គលិកបច្ចេកទេសជាង១០នាក់ហើយ ដែលត្រូវបានបណ្តុះបណ្តាលសមត្ថភាព ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាអវកាស (Remote Sensing) ក្នុងការងារអភិរក្សរមណីយដ្ឋានអង្គរ។

ការពង្រឹងសមត្ថភាពនេះ ធ្វើឡើងតាមរយៈគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប(Remote Sensing for Environmental of Angkor Site Project)ក្រោមជំនួយរបស់មជ្ឈមណ្ឌលHIST (International Center on Space Technologies for Natural and Cultural Heritage)និងវិទ្យាស្ថាន RADI(Institute of Remote Sensing and Digital Earth)ដើម្បីចេះប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធកម្មវិធីទទួលបានទិន្នន័យពីផ្កាយរណប។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកបានលើកឡើងថា ក្នុងរយៈកាលកន្លងមកយើងបានបញ្ជូនមន្រ្តីបុគ្គលិកឲ្យចូលរួមវគ្គបណ្តុះបណ្តាលនេះជាច្រើនដងមកហើយដូចជាឆ្នាំ២០១៣អាជ្ញាធរជាតិអប្សរាបានចាត់បញ្ជូនបុគ្គលិកបច្ចេកទេសចំនួន២រូបឲ្យចូលរួមសិក្ខាសាលាអន្តរជាតិលើកទី១ស្តីពីបច្ចេកវិទ្យាអវកាសបង្ការមហន្តរាយនៅទីក្រុងសាន់យ៉ានៃសាធារណរដ្ឋប្រជាមានិតចិន។ឆ្នាំ២០១៤ មន្ត្រីបុគ្គលិកបច្ចេកទេសបានទៅចូលរួមវគ្គបណ្តុះបណ្តាលចំនួន៣លើក នៅប្រទេសចិន ដែលសរុបទាំងអស់៩រូប។នៅឆ្នាំ២០១៥ សាស្រ្តាចារ្យចំនួន៣រូបមកពីវិទ្យាស្ថាន RADIនិងមជ្ឈមណ្ឌលHISTនៃបណ្ឌិតសភាវិទ្យាសាស្រ្តចិនបានរៀបចំវគ្គបណ្តុះបណ្តាលនេះ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាដោយមានការចូលរួមពីមន្រ្តី/បុគ្គលិកនាយកដ្ឋាននានាដែលទាក់ទងនឹងជំនាញនេះ។

លោកបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៦នេះវិទ្យាស្ថានRADIនិងHISTនឹងបន្តបញ្ជូនអ្នកជំនាញមកធ្វើការបណ្តុះបណ្តាលមន្រ្តី/បុគ្គលិកអាជ្ញាធរជាតិអប្សរាដើម្បីកសាងសមត្ថភាពឲ្យកាន់តែមានជំនាញច្បាស់លាស់ថែមទៀតលើការប្រើប្រាស់ តាមដាន និងការវិភាគទិន្នន័យដែលផ្កាយរណបបានផ្តល់មកកាន់ស្ថានីយ៍ និងជួយធ្វើបច្ចុប្បន្នភាព(Update)លើប្រព័ន្ធSoftwareដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ។

អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈកាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៣រវាងអាជ្ញាធរជាតិអប្សរានិងមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌និងធម្មជាតិក្រោមអាណាព្យាបាលនៃអង្គការយូណេស្កូស្តីពីគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប។

គម្រោងនេះនឹងជួយដល់ការងារអភិរក្សរមណីយដ្ឋានអង្គរ ដូចជា ការគ្រប់គ្រងធនធានទឹក ការធ្វើផែនការអំពីការប្រើប្រាស់ដីធ្លី និងការតាមដានស្ថានភាពព្រៃឈើជាដើម។ លោក មាន់ ផានិត បុគ្គលិកបច្ចេកទេស ដែលធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់បច្ចេកវិទ្យានេះរៀបរាប់ថា បច្ចេកវិទ្យានេះអាចផ្តល់រូបភាពច្បាស់ ពីលើអាកាស ស្តីពីបច្ចុប្បន្នភាពអង្គរជាប្រចាំ។ យើងដឹងជាមុនអំពីបញ្ហាទឹកជំនន់ ដែលអាចជួយឲ្យយើងអាចទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗបាន។ ម្យ៉ាងទៀត យើងក៏អាចដឹងអំពីបម្រែបម្រួលព្រៃឈើ ដែលអាចឲ្យយើងរិះរកវិធីសាស្ត្រឆ្លើយតបទាន់ពេលភ្លាមៗផដែរ៕








ស្រះស្រង់ មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដោយមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បានធ្វើឱ្យទឹកក្នុងស្រះប្រុស ស្រះស្រីមុខអង្គរវត្តនារដូវប្រាំងស្រក ខ្វះ បាត់បង់ភាពស្រស់ស្អាត។ ដូច្នេះដើម្បីរក្សាទឹកឱ្យនៅមានដូចរដូវវស្សានិងធ្វើឱ្យស្រះមានសោភ័ណភាពស្រស់បំព្រងឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបូមទឹកពីកសិណមកបញ្ចូលស្រះទាំងពីរនេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
ប្រជាពលរដ្ឋប្រមាណ៦០រូប ដែលតំណាងឲ្យអ្នកស្រុកចំនួនបួនឃុំ នៅស្រុកពួក គឺឃុំសំរោងយារ ឃុំពួក ឃុំកែវព័ណ៌ និងឃុំខ្នាត បានជួបពិភាក្សាជាមួយមន្ត្រីជំនាញគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមក្នុងការខ្វះទឹកបង្កបង្កើនផល។
ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល២ថ្ងៃកន្លះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3005
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
10531
ខែនេះ
:
0105210
សរុប
:
012874642