ព័ត៌មានថ្មីៗ

កសិណអង្គរធំនិងអង្គរតូច នឹងមានទឹកពេញឡើងវិញ រយៈពេលប៉ុន្មានថៃ្ងខាងមុខ

បានផ្សាយនៅ ថ្ងៃទី 28 ខែ មករា ឆ្នាំ2016 08:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាបត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹកទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើបពេញកសិណទាំងពីរ។ នេះជាការអះអាងរបស់លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។

លោកសុឃីម បញ្ជាក់ថា យើងបានបង្ហូរទឹកចូលទៅក្នុងកសិណទាំងនេះ រយៈពេលពីរថ្ងៃកន្លងមកហើយ។ ការរៀបចំបង្ហូរនៅពេលនេះ យើងធ្វើឡើងក្រោយពីយើងបានបើកស្ទឹងសៀមរាបរយៈពេលជាង២ខែបញ្ជូនទឹកទៅផ្នែកខាងក្រោម ដើម្បីប្រជាពលរដ្ឋនៅសង្កាត់ជ្រាវប្រើប្រាស់ស្រោចស្រពដំណាំ និងស្រែចម្ការរបស់គាត់ តាមសំណើរបស់មន្ទីរធនធានទឹក និងឧតុនិយម។

ដោយពិនិត្យឃើញថា កម្ពស់ទឹកនៅភ្នំគូលែនកាន់តែតិច ទើបយើងប្រញាប់ប្រញាល់ប្រមូលទឹកបញ្ចូលទៅក្នុងកសិណអង្គរឲ្យហើយ ព្រោះបើទុករយៈពេលយូរជាងនេះ ទឹកនឹងហូរធ្លាក់ទៅទន្លេសាបអស់ ហើយយើងមិនអាចបញ្ចាល់ទឹកឲ្យខ្ពស់បង្ហូរចូលកសិណបានឡើយ។

លោកបន្ថែមទៀតថា ទឹកដែលស្ថិតនៅក្នុងកសិណនីមួយៗនេះមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ថែរក្សារចនាសម្ព័ន្ធប្រាសាទ និងប្រព័ន្ធទឹកក្រោមដី ព្រោះប្រាសាទ និងរចនាសម្ព័ន្ធសុទ្ធតែមានគ្រឹះជាដីខ្សាច់ ដែលទាមទារសំណើមជាប្រចាំ។ ចំពោះកសិណអង្គរធំក្រៅពីទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទ ទឹកនេះក៏ត្រូវបានបើប្រាស់សម្រាប់ប្រជាពលរដ្ឋស្រោចស្រពស្រែដំណាំនៅសង្កាត់គោកចកមួយចំនួនផងដែរ។

គួររំឭកថា អាងដ៏ធំនៃកសិណអង្គរធំអាចផ្ទុកទឹកជិត២លានម៉ែត្រគូប វាជាកសិណទឹកដែលមានប្រវែង១២គីឡូម៉ែត្រ ព័ទ្ធជុំវិញក្រុងអង្គរធំ។ កាលពីពេលថ្មីៗនេះ មានតែកសិណទឹកផ្នែកខាងត្បូងឈៀងខាងលិច ប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះដែលមានទឹក ខណៈដែលផ្នែកខាងត្បូងឈៀងខាងកើតនៃកសិណគ្មានទឹកទៀតឡើយនៅរដូវវស្សា។ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងទឹកបានជួសជុលកាលពីឆ្នាំ២០១០មក កំណាត់នៃកសិណខាងត្បូងឈៀងខាងកើតប្រវែង៣០០ម៉ែត្រ មានទឹកពេញជាប់ជាប្រចាំរាល់ឆ្នាំ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។

ដោយឡែក កសិណអង្គរតូច ដែលមានសមត្ថភាពអាចផ្ទុកទឹកបានជាង១លានម៉ែត្រគូប កាលពីមុនឆ្នាំ២០១០ ប្រព័ន្ធបង្ហូរទឹកគឺប្រើប្រឡាយមួយ ដែលគេកសាងឡើងនៅចន្លោះកសិណទឹករបស់ក្រុងអង្គរធំខាងត្បូងឈៀងខាងលិច រហូតដល់ត្រពាំងសេះ ឆ្លងកាត់ខាងក្រោយកន្លែងបង្ហោះបាល់ឡុង (Balloon) ក្នុងសម័យថ្មីនេះ។ បច្ចុប្បន្ន នាយកដ្ឋានគ្រប់គ្រងទឹក បានស្តារ ប្រព័ន្ធបុរាណឡើងវិញ ដោយភ្ជាប់កសិណទឹករបស់ក្រុងអង្គរធំផ្នែកខាងត្បូងឈៀងខាងកើត ទៅកសិណទឹកអង្គរវត្តផ្នែកខាងជើងឈៀងខាងលិចផ្ទាល់ ដោយឆ្លងកាត់កសិណទឹករបស់ភ្នំបាខែង និងអូរសំពៅលូន។ ប្រព័ន្ធនេះបានធ្វើឲ្យ កម្រិតទឹកក្នុងកសិណអង្គរវត្តកើនបានកម្ពស់១ម៉ែត្រ បើប្រៀបធៀបទៅនឹងកម្រិតទឹករបស់វានៅពេលមុន៕








ស្រះស្រង់ មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដោយមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បានធ្វើឱ្យទឹកក្នុងស្រះប្រុស ស្រះស្រីមុខអង្គរវត្តនារដូវប្រាំងស្រក ខ្វះ បាត់បង់ភាពស្រស់ស្អាត។ ដូច្នេះដើម្បីរក្សាទឹកឱ្យនៅមានដូចរដូវវស្សានិងធ្វើឱ្យស្រះមានសោភ័ណភាពស្រស់បំព្រងឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបូមទឹកពីកសិណមកបញ្ចូលស្រះទាំងពីរនេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
ប្រជាពលរដ្ឋប្រមាណ៦០រូប ដែលតំណាងឲ្យអ្នកស្រុកចំនួនបួនឃុំ នៅស្រុកពួក គឺឃុំសំរោងយារ ឃុំពួក ឃុំកែវព័ណ៌ និងឃុំខ្នាត បានជួបពិភាក្សាជាមួយមន្ត្រីជំនាញគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមក្នុងការខ្វះទឹកបង្កបង្កើនផល។
ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល២ថ្ងៃកន្លះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1090
ម្សិលមិញ
:
1988
សប្តាហ៍នេះ
:
11893
ខែនេះ
:
0007097
សរុប
:
010595195