ព័ត៌មានថ្មីៗ

អ្នកស្រុកនគរក្រៅប្រារព្ធពិធីប្លុងក្រឡានតាមទំនៀមបុរាណ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មករា ឆ្នាំ2016 02:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្ទើរគ្រប់ផ្ទះតែងនាំគ្នាដុតក្រឡាន វេចនំអន្សមផ្អាវ អន្សមក្បុង ដើម្បីយកទៅចូលរួមក្នុងពិធីប្លុងក្រឡាននាពេលយប់ នៅសាលាឆទានឬវត្តអារាម។

ពិធីនេះត្រូវបានអ្នកស្រុកធ្វើតៗគ្នាពីដូនតាមក ទុកថាជាទំនៀមពិសេសដោយឡែកពីភូមិស្រុកដទៃ។ អ្នកស្រុកហៅពិធីនេះថា ពិធីប្លុងក្រឡាន មានន័យថា ពិធីបុណ្យដែលគេយកក្រឡានទៅប្លុងឬទុកចោល ក្នុងគោលបំណងឲ្យព្រះសង្ឃទៅទស់យក ដើម្បីឱ្យបានបុណ្យកុសលឧទ្ទិសដល់ញាតិកាដែលស្លាប់ទៅហើយ។ ព្រះគ្រូចៅអធិការវត្តថ្មីដំរីសែនជ័យស្ថិតក្នុងភូមិនគរក្រៅ ព្រះនាម ម៉ឹង សោម ព្រះជន្ម៧២វស្សា មានសង្ឃដីកាថា ឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកស្រុកនេះតែងនាំគ្នាធ្វើក្រឡាន ធ្វើអន្សមយកទៅប្លុងចោលតាមទម្លាប់ពីបុរាណ ដើម្បីឱ្យលោកទស់យក ហើយឧទ្ទិសកុសលដល់ញាតិកាដែលបានចែកឋានទៅហើយ។ ពិធីនេះគេធ្វើនៅវត្តក៏បាន សាលាឆទានក្នុងស្រុក ឬទីអាស្រមណាក៏បានដែរ ស្រេចតែការកំណត់។ នេះជាពិធីតាមខែមួយក្នុងចំណោមពិធីជាច្រើនក្នុងមួយឆ្នាំៗរបស់អ្នកស្រុកអង្គរ។

លោកអាចារ្យ យ៉ែម ឯក អាយុ៧៥ឆ្នាំ ជាអ្នករៀបចំកម្មវិធីនេះរាល់ឆ្នាំបានរៀបរាប់ដំណើរពិធីថា ដំបូងឡើយអ្នកស្រុកយកគ្រឿងរណ្តាប់មាន ក្រឡាន អន្សម ផ្លែឈើ ត្រី សាច់ អំបិល ស្ករស ធូបទៀនយកមកប្លុងចោលនៅកន្លែងណាមួយនៃកន្លែងរៀបពិធី រួចយកស្លឹកឈើគ្របពីលើ ហើយអុជធូបទៀន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាដែលបានបាក់បែកចែកឋានទៅ ឱ្យមកទទួលមគ្គផលដែលកូនចៅបានធ្វើបុណ្យឧទ្ទិសជូន។ បន្ទាប់មកក៏និមន្តព្រះសង្ឃសមាទានសីល ហើយនិមន្តព្រះសង្ឃ១អង្គធ្វើ ធុតង្គ៣ជុំយ៉ាងស្ងប់ស្ងាត់ដើម្បីឆាករបស់ទាំងនោះឱ្យខ្មោច ខណៈនោះអ្នកចូលរួមក៏អង្គុយសំពះយ៉ាងស្ងៀមជុំជិតផងដែរ។ ពេលឆាកចប់អាចារ្យគណៈកម្មការក៏ជញ្ជូនរបស់ទាំងនោះទុកលើសាលាឆទាន ដើម្បីទុកដល់ព្រឹកឧទ្ទិសកុសលឱ្យខ្មោចម្តងទៀត។ បើអ្នកណាមិនបានយកក្រឡានមកប្លុងពេលល្ងាច អាចយកទៅប្រគេនលោកនៅវត្តពេលព្រឹកក៏បានដែរ មិនជាទាស់ខុសអីទេ។

លោកតាបញ្ជាក់ថា រាល់ឆ្នាំគឺមានអ្នកចូលរួមច្រើនយ៉ាងនេះឯង តែគាត់ក៏បង្ហាញភាពព្រួយបារម្ភក្រែងប្រពៃណីនេះបាត់បង់ នៅថ្ងៃក្រោយ ទើបចេះតែខំធ្វើជាគំរូដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យពួកគេចងចាំនិងរក្សាបាននូវទំនៀមទម្លាប់ដូនតាមួយនេះឱ្យ ស្ថិតស្ថេររហូតទៅ។

ជាមួយគ្នានោះបងស្រី សឹង ណាន បានប្រាប់ថា បន្ទាប់ពីច្រូតកាត់ទុកដាក់ស្រូវរួច បានអង្ករដំណើបគឺតែងយកមកវេចនំអន្សម ច្រកក្រឡានដើម្បីយកទៅប្លុង ហើយឱ្យតែដល់ខែប្លុងក្រឡាន គាត់តែងតែដុតក្រឡានរាល់ឆ្នាំ តែមិនបានទៅចូលរួមនឹងគេទេ ឱ្យតែកូនទៅ។

ប្អូនស្រី សា អាយុ១៨ឆ្នាំបានសម្តែងនូវការរីករាយដែលបានចូលរួមក្នុងពិធីនេះ វាបានធ្វើឱ្យដឹងពីទំនៀមទម្លាប់ដូនតា និងបានឧទ្ទិសកុសលដល់ជីដូនជីតាដែលបានស្លាប់ទៅផង ហើយប្តេជ្ញាចូលរួមថែរក្សាជំនឿនេះរហូតទៅ។

ទង្វើចូលរួមរបស់យុវជនជំនាន់ក្រោយនេះហើយដែលធ្វើឱ្យអ៊ំស្រី ម៉ៃ អ៊ូច មានការសប្បាយចិត្ត ហើយសម្តែងការចាប់អារម្មណ៍ថា ពិធីនេះមិនងាយនឹងបាត់បង់ពីដែនដីអង្គរទេ ព្រោះចាស់ៗក្នុងភូមិ រួមទាំងគាត់ផងបានធ្វើជាគំរូនិងអប់រំកៀងគរកូនចៅឱ្យចូលរួមស្រឡាញ់ពិធីនេះទាំងអស់គ្នា។ ទាក់ទងនឹងពិធីប្លុងក្រឡាននេះដែរ អ្នកបុរាណវិទ្យានិងស្រាវជ្រាវនរវិទ្យា ជាតិពិន្ធុវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរឹទ្ធី បានពន្យល់ថា ការប្លុងក្រឡាន គឺការយកក្រឡានទៅបន្លំទុកនៅទីព្រៃ។ ពិធីនេះជាអារ្យធម៌មួយនៅក្នុងតំបន់អាស៊ីមូសុង មិនមែនមានតែនៅខ្មែរទេ។ ក្រឡានគឺអានតាមពាក្យខ្មែរ ដើមកំណើតពាក្យនេះមកពីភាសាមន ដែលអានថា កិឡាន ហើយនៅស្រុកមនក៏ក៏មានទំនៀមនេះដូចនឹងខ្មែរដែរ ព្រោះវាទាក់ទងនឹងអ្នកស្លាប់ដូចគ្នា ។

ចំពោះជនជាតិខ្មែរ ពិធីនេះមានន័យសំខាន់២យ៉ាង ទី១.ទាក់ទងនឹងកសិកម្ម ការដាំដុះ និងអបអរការប្រមូលភោគផលដំណាំ ព្រោះប្រទេសយើងពឹងលើកសិកម្មជាធំ ហើយចំពោះការធ្វើកសិកម្ម ខ្មែរមានពិធីច្រើនណាស់ទាំងមុន កំពុង និងក្រោយការដាំដុះ។ ពិធីប្លុងក្រឡានមិនស្ថិតក្នុងពុទ្ធសាសនាសុទ្ធឬព្រហ្មញ្ញសាសនាសុទ្ធទេ តែប្រទេសយើងយកព្រះពុទ្ធសាសនាជាសាសនារដ្ឋនិងលាយឡំដោយព្រហ្មញ្ញសាសនាផងនោះ ទើបអ្នកស្រុកនិមន្តព្រះសង្ឃមកចូលរួមកិច្ចពិធីជាអធិបតីនិងមានរៀបបាយសីផងដែរ។ ដោយពិតទៅពិធីនេះជារឿងរបស់លទ្ធិជីវចលមានជំនឿលើធម្មជាតិទឹក ដី ភ្លើង ខ្យល់ជាដើម។ ដូច្នេះហើយមុននឹងរៀបចំពិធីប្លុងក្រឡាន គេតែងនាំគ្នាសែនអ្នកតាធំនៅក្នុងសហគមន៍ជាមុន ព្រោះអ្នកតាជាថាមពលរបស់ដី ជាម្ចាស់ដីធ្វើឱ្យដីមានជីជាតិ មានភ្លៀងគ្រប់គ្រាន់ មិនឱ្យសត្វចង្រៃបំផ្លាញដំណាំ។

ទី២.ទាក់ទងនឹងបុព្វការីជនដែលបានស្លាប់ទៅ ជាហេតុផលសំខាន់បំផុតក្នុងជំនឿនេះ។ តាមជំនឿខ្មែរ អ្នកដែលអាចកើតជាមនុស្សបានត្រូវមានធាតុ២សំខាន់ គឺនាម (ឈ្មោះ ព្រលឹង) និងរូប (រាងកាយ)។ គ្រប់បុគ្គលទាំងអស់ស្លាប់ទៅ រូបនឹងក្លាយជាដី ឯនាមនៅរសាត់អណ្តែតគ្រប់ទីកន្លែង។ ដូច្នេះដើម្បីអបអរការកកើតរូបម្តងទៀត កុំឱ្យព្រលឹងរសាត់ទៅណាឆ្ងាយពេក ទាល់តែមានរូបទី២ ទើបគេត្រូវធ្វើរូបដោយរករបស់អ្វីដែលធ្វើពីដីឡើងវិញ ដោយយកស្រូវអង្ករជាតំណាងតួរូប។ ដូច្នេះគេក៏យកអង្ករដំណើបមកធ្វើនំក្រឡាន គឺសំដៅរូបរាងកាយរបស់នាម។ គេមិនយកមកក្រឡានទៅដាក់ផ្ទាល់នៅកណ្តាលវាលទេ ខ្លាចព្រលឹងមិនអាចមកដល់ផ្ទះ ហើយដើម្បីឱ្យព្រលឹងនោះចាប់បានរូប ទាល់តែគេយកទៅបោះចោលនៅទីព្រៃ រួចយកស្លឹកឈើគ្រប ទើបអាចារ្យធ្វើកិច្ចពិធីហៅអន្ទោងព្រលឹងឱ្យមក និងឱ្យព្រះសង្ឃមកទស់របស់ដែលប្លុងចោលដើម្បីឱ្យព្រលឹងនោះមកទទួលបានរូបរាងដែលគេឱ្យ។ ចំពោះការរៀបចំពិធីប្លុងក្រឡានគឺមានន័យថា បញ្ជូនរូបរាងកាយឱ្យវិញ្ញាណញាតិមិត្តសន្តានបានកើតឡើងវិញ។ វាទាក់ទងនឹងភ្ជុំបិណ្ឌដែលជាពិធីព្រហ្មញ្ញសាសនាធំរយៈពេល១៥ថ្ងៃ គេបោះបាយបិណ្ឌមិនមែនសំដៅឱ្យប្រេតស៊ីទេ គឺសំដៅឱ្យនាមនោះបានទទួលនូវរូបកាយដើម្បីកកើតជាថ្មី។

ជាការពិតណាស់ ក្រៅពីពិធីប្លុងក្រឡាននៅមានពិធីជាច្រើនទៀតដែលអ្នកស្រុកអង្គរនៅតែអភិរក្សនិងបន្តធ្វើរហូតដល់សព្វថ្ងៃដូចជាពិធីសុំទឹកភ្លៀង ឡើងមាឃ បង្កក់ឆ្មបជាដើម។ ក្នុងនាមអាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រងនិងការពារតំបន់អង្គរនេះ ក៏សូមចូលរួមគាំទ្រនិងជំរុញគ្រប់សកម្មភាពអភិរក្សជំនឿ និទំនៀមទម្លាប់របស់អ្នកស្រុកអង្គរឱ្យមានភាពស្ថិតស្ថេរជារៀងរហូត៕












ទោះបីឆ្លងកាត់សម័យកាលរាប់ពាន់ឆ្នាំ សង្គ្រាមញ៉ាំញីជាច្រើន វិទ្យាសាស្ត្រទំនើបយ៉ាងណាក្តី ក៏ជំនឿមួយចំនួននៅតែមានឥទ្ធិពលនៅក្នុងផ្នត់គំនិតនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់ វណ្ណៈដល់សព្វថ្ងៃ ពិសេសអ្នកស្រុកតំបន់អង្គរ។
ព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអាចារ្យគណៈកម្មការនៃបណ្តាវត្ត ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួន១១៩អង្គ/នាក់ បានមកជួបជុំគ្នានៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយស្តីពី កិច្ចការវត្តអារាមនៅក្នុងតំបន់ឧទ្យានអង្គរ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺរិះរកមធ្យោបាយយ៉ាងណាដែលអាចឲ្យវត្តអារាម ជាពិសេស វត្តដែលនៅក្នុងរមណីយដ្ឋានអង្គរ មានតួនាទីសំខាន់ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌអង្គរ។
របាយការណ៍លម្អិតរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងខេត្ត សៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។
បុណ្យឡើងមាឃភូមិក្រវ៉ាន់
( ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ2016 )
៣កើតមាឃធំ ជាថ្ងៃបុណ្យដែលអ្នកសៀមរាបភាគច្រើន ជាពិសេសអ្នកតំបន់អង្គរនាំគ្នាប្រារព្ធពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា។ អ្នកភូមិក្រវ៉ាន់ ដែលមានទីតាំងស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប និងជាភូមិមួយដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក៏នៅតែរក្សាប្រពៃណីបុណ្យឡើងមាឃនេះដែរ តែពិធីនេះហាក់មានលំនាំផ្សេង បើធៀបនឹងភូមិខ្លះទៀតដែលនៅឆ្ងាយពីអង្គរ។
រទេះគោគឺជាយានជំនិះ និងជាឧបករណ៍ដឹកជញ្ជូនផលកសិកម្ម ដ៏យូរលង់របស់បុព្វបុរសខ្មែរ។ បច្ចុប្បន្ន មធ្យោបាយដឹកជញ្ជូននេះបានបាត់បង់ជាបណ្តើរៗ ដោយជំនួសមកវិញនូវគ្រឿងចក្រមានឡាន និងគោយន្តជាដើម។ នៅតំបន់អង្គរ មធ្យោបាយដឹកជញ្ជូននេះនៅមានប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃនៅឡើយ តែក៏មិនមានគ្រប់ផ្ទះ ឬច្រើនលើសលុបដូចសម័យបុរាណនោះដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2170
ម្សិលមិញ
:
3345
សប្តាហ៍នេះ
:
08054
ខែនេះ
:
0056527
សរុប
:
009429803