ព័ត៌មានថ្មីៗ

សំណង់ទ្វារទឹកនៅដូនកែវអាច នឹងកែប្រែជីភាពពលរដ្ឋឲ្យប្រសើរឡើងមួយកម្រិតទៀត

បានផ្សាយនៅ ថ្ងៃទី 21 ខែ មករា ឆ្នាំ2016 03:01 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។

អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានលើកឡើងក្នុងពិធីសម្ពោធឲ្យប្រើប្រាស់សំណង់ទ្វារទឹកនេះថា ការស្តារប្រព័ន្ធទឹកបុរាណឡើងវិញនេះ មិនត្រឹមតែជួយទប់ស្កាត់ទឹកជំនន់ ឬគ្រោះរាំងស្ងួតប៉ុណ្ណោះទេ តែការងារនេះបានជួយដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ ជាក់ស្តែង សំណង់ទ្វារទឹកនេះ នឹងអាចជួយដល់ការធ្វើស្រែប្រាំង ឬដំណាំរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ ដែលមានផ្ទៃដីអាចដាំដុះបានជាង១ពាន់ហិកតា។

សំណង់ទ្វារទឹកដ៏ថ្មីស្រឡាងនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ព្រោះថាកន្លងមក ប្រជាពលរដ្ឋដែលរស់នៅខាងជើងបារាយណ៍ទឹកថ្លា មិនធ្លាប់មានប្រភពទឹកសម្រាប់ប្រើប្រាស់ទេ។ ពេលនេះ អាជ្ញាធរជាតិអប្សរាបាននាំយកទឹក ចូលដល់ភូមិដ្ឋានប្រជាពលរដ្ឋផ្ទាល់តែម្តង។

លោក ស្វាយ ហុង មេឃុំដូនកែវលើកឡើងថា ប្រជាពលរដ្ឋនៅឃុំរបស់លោកតាំងពីដើមមកមានមុខរបរតែមួយគត់ គឺធ្វើស្រែវស្សា។ ពួកគាត់ដាំដំណាំដែរ តែជាដំណាំតូចតាចនៅជុំវិញផ្ទះ។ តែដោយសារមានប្រឡាយ និងសំណង់ទ្វារទឹកដែលអាចស្ទាក់ទឹកទុកប្រើប្រាស់សម្រាប់ដំណាំកសិកម្មផ្សេងៗនារដូវប្រាំង នោះអាចនាំមកនូវការកែប្រែមុខមាត់ថ្មីរបស់អ្នកភូមិ។ លោកបន្ថែមថា បើទោះជាកន្លងមក អ្នកភូមិមិនធ្លាប់ធ្វើដំណាំខែប្រាំងក៏ដោយ តែលោកសង្ឃឹមថា ចាប់ពីពេលមានប្រឡាយទឹកដែលមានទឹកគ្រប់គ្រាន់នេះ នឹងអាចកែប្រែឲ្យពួកគាត់ងាកមកដាំដំណាំ ជំនួសឲ្យការធ្វើចំណាកស្រុកទៅរកស៊ីនៅស្រុកផ្សេង។

លោក ទស្ស សុមនាថ ប្រធាននាយកដ្ឋានស្តីទី និងជាអ្នកអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA លើកឡើងថា តាមរយៈកិច្ចសហការជាមួយប្រទេសញូវហ្ស៊ីឡែន យើងកំពុងតែជំរុញប្រជាពលរដ្ឋឲ្យមានការប្រើប្រាស់ទឹកប្រឡាយនេះឲ្យអស់លទ្ធភាព សម្រាប់ដំណាំកសិកម្ម។ យើងនឹងជួយជីកប្រឡាយតូចៗចេញពីប្រឡាយមេ ឬបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យ (ផ្ទាំងសូឡា) ដើម្បីបញ្ជូនទឹកទៅដល់ស្រែ ឬចម្ការរបស់ពួកគាត់។ យើងកំពុងរៀបចំពួកគាត់ជាក្រុមៗ និងមានអ្នកបច្ចេកទេសជួយណែនាំផ្នែកកសិកម្ម។

ប្រឡាយទឹកនេះ ជាប្រឡាយដែលបំបែកចេញពីស្ទឹងសៀមរាប ហូរចាក់ទៅស្ទឹងព្រះស្រុក ដែលអាជ្ញាធរជាតិអប្សរាបានស្តារឡើងវិញ ក្នុងន័យបញ្ជៀសទឹកជំនន់ចេញពីតំបន់ឧទ្យានអង្គរ និងក្រុងសៀមរាប ហើយក៏ជាប្រភពស្រោចស្រពដ៏សំខាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល។ ប្រឡាយនេះ មានប្រវែងសរុប៥២គម បច្ចុប្បន្នការស្តារឡើងវិញសម្រេចបាន៣៨គមហើយ។ មិនត្រឹមតែប្រឡាយទេ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ស្ពាន ផ្លូវ និងសំណង់ទ្វារទឹកជាដើម ក៏ត្រូវបានសាងសង់ដំណាលគ្នាដើម្បីសម្រួលការធ្វើចរាចរ និងដើម្បីទប់ទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ៕










នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាបត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹកទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើបពេញកសិណទាំងពីរ។ នេះជាការអះអាងរបស់លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។
ស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើបទបង្ហាញស្តីពីការធ្វើវិសោធនកម្មនៃមាត្រាមួយចំនួន នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានស្តង់ដារអន្តរជាតិISO14001 ដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដើម្បីត្រៀមខ្លួនសម្របទៅតាមស្តង់ដារថ្មីនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
0609
ម្សិលមិញ
:
7910
សប្តាហ៍នេះ
:
08519
ខែនេះ
:
0166408
សរុប
:
014226263