ព័ត៌មានថ្មីៗ

ក្រុមសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រី នាំយកលិខិតអនុញ្ញាតជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ

បានផ្សាយនៅ ថ្ងៃទី 20 ខែ មករា ឆ្នាំ2016 03:20 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បាននាំយកលិខិតអនុញ្ញាតជួសជុលផ្ទះមួយច្បាប់ និងលិខិតអនុញ្ញាតសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ចំនួន២ច្បាប់ទៅប្រគល់ជូនប្រជាពលរដ្ឋនៅភូមិប្រដាក និងភូមិថ្នល់បណ្តោយ។

ប្រជាពលរដ្ឋចំនួន៣គ្រួសារ គឺលោកយាយ រៀម ហឿ អាយុ៧១ឆ្នាំ បានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីជួសជូលដំបូលផ្ទះរបស់គាត់ ដែលធ្លុះធ្លាយជាច្រើនកន្លែង។ តាមលោក ថន ថឹង គ្រូបង្រៀនភាសាបរទេសនៃសាលា VPE ភូមិអូរទទឹងបញ្ជាក់ថា ដំបូលផ្ទះលោកយាយហឿនេះ ជាអំណោយរបស់ជនជាតិអាមេរិកាំងលោក Akbar Aziz ដែលបានឃើញស្ថានភាពផ្ទះទ្រុឌទ្រោមរបស់លោកយាយ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ភូមិប្រដាក។ ក្រោយទទួលបានអំណោយនេះហើយ ទើបក្រុមគ្រួសារលោកយាយបានដាក់ពាក្យស្នើសុំទៅអាជ្ញាធរជាតិអប្សរា ដើម្បីអនុញ្ញាតការជួសជុលឡើងវិញ។

ប្រជាពលរដ្ឋពីរគ្រួសារទៀតនៅភូមិថ្នល់បណ្តោយគឺ លោក ជា ឃិស និងលោកស្រី គង់ ផាច ក៏បានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ដែលទ្រុឌទ្រោមខ្លាំង និងពង្រីកឲ្យធំជាងមុន។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានសហគមន៍ប្រចាំស្រុកបន្ទាយស្រី បញ្ជាក់ថា ដោយអ្នកជំនាញបានពិនិត្យឃើញថា ម្ចាស់ផ្ទះទាំង៣ខាងលើ ដែលបានដាក់ស្នើសុំមក សុទ្ធតែជាប្រជាពលរដ្ឋចាស់ ដែលរស់នៅក្នុងរមណីយដ្ឋានអង្គរយូរយារណាស់មកហើយ ព្រមទាំងមានឯកសារគ្រប់គ្រាន់ ទើបថ្នាក់ដឹកនាំបានអនុញ្ញាតតាមសំណើ។ ដើម្បីសម្រួលដល់ការចុះឡើងរបស់ប្រជាពលរដ្ឋផង និងដើម្បីពិនិត្យបន្ថែមលើទីតាំងជាក់ស្តែងផង ទើបក្រុមការងារសម្រេចយកលិខិតអនុញ្ញាតមកប្រគល់ជូនដល់គេហដ្ឋានប្រជាពលរដ្ឋផ្ទាល់តែម្តង។ យើងលើកទឹកចិត្តពួកគាត់ដែលគោរពច្បាប់ និងគោលការណ៍អភិរក្សបេតិកភណ្ឌ។ ប្រជាពលរដ្ឋក្នុងតំបន់អង្គរគឺជាបេតិកភណ្ឌមានជីវិត ដែលអាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ទាំងជីវភាពរស់នៅ និងសុខុមាលភាពប្រចាំថ្ងៃ។

គួររំឭកថា ដើម្បីជួយសម្រួលដល់ការស្នើសុំរបស់ប្រជាពលរដ្ឋ និងដើម្បីដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋជាប្រចាំនោះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ ដែលមានគ្រប់នាយកដ្ឋានជំនាញរបស់អាជ្ញាធរជាតិអប្សរា ចុះតាមមូលដ្ឋានប្រជាពលរដ្ឋជាប្រចាំ។ ក្រុមការងារនេះតែងផ្សព្វផ្សាយអំពីច្បាប់ ការអប់រំបេតិកភណ្ឌ និងការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ជាពិសេស ក្រុមនេះតែងដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅនឹងកន្លែងភ្លាមៗ ចំពោះសំណើតូចៗដូចជា ធ្វើបង្គន់ តសំយ៉ាបផ្ទះ ឬជួសជុលខ្នាតតូចជាដើម។ ចំពោះសំណើធំៗដូចជា ការរើដំបូល ផ្តូរទីតាំងផ្ទះ ឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់ជាដើម ក្រុមការងារសហគមន៍តែងនាំយកសំណើទាំងនោះមកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕






បឹងដូនប៉ាជាភូមិស្ថិតក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ភូមិនេះមានផ្ទៃដីមួយចំណែកពាក់ព័ន្ធ តំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ និងមួយចំណែកទៀតស្ថិតក្នុងតំបន់ការពារទី២នៃឧទ្យានអង្គរ។
ប្រជាពលរដ្ឋទាំង១១២ភូមិ ស្ថិតក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរកាន់តែមានភាពងាយស្រួលក្នុងការសុំច្បាប់សាងសង់ ឬជួសជុលតូចតាចដូចជា បង្គន់អនាម័យ ជួសជុលជញ្ជាំងផ្ទះ ដំបូលផ្ទះ ជណ្តើរ ប្តូរសរសរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ ។ល។ 
ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៥ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ចុះផ្សព្វផ្សាយអំពីច្បាប់ និងអប់រំប្រជាពលរដ្ឋអំពីការងារអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាស ចុះសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក  និងក្រុមការងារបានប្រគល់កូនឈីចំនួន៥០០ដើម មានគគី បេង និងកកោះ ជូនសាលាឃុំដូនកែវ ដើម្បីដាំក្នុងបរិវេណឃុំ និងចែកអ្នកភូមិដែលស្ម័គ្រចិត្តយកទៅដាំក្នុងដីរបស់ខ្លួន រួមចំណែកថែរក្សាបរិស្ថានអង្គរ។
ល្ងាចថ្ងៃ១៥កើត ខែភទ្របទព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាតំណាង ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិកបានចូលរួម និងនាំយកទេយ្យទានទៅសូត្រមន្តកាន់បិណ្ឌវេនទី១នៅវត្តរលួស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1798
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
28766
ខែនេះ
:
0173208
សរុប
:
010129355