ព័ត៌មានថ្មីៗ

ការចូលរួមសម្អាតបរិស្ថានរបស់កុមារ ជាការបណ្តុះស្មារតី ស្រឡាញ់បរិស្ថានដ៏មានប្រសិទ្ធភាពសម្រាប់សង្គម

បានផ្សាយនៅ ថ្ងៃទី 15 ខែ មករា ឆ្នាំ2016 08:25 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រង បរិស្ថាន (EMS) គណៈប្រតិភូមកពីស្ថាប័ន JQA មានលោក Satoru Kishino ជាប្រធានផ្នែក លោក លី បុណ្ណា អនុប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក ផល សុវណ្ណ នាយកសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី៥-៦ ចូលរួមជាកិត្តិយស។

លោក Satoru Kishino បានលើកឡើងថា ការប្រគល់បណ្ណសរសើរ គឺធ្វើឡើងដើម្បីអបអរដល់ជ័យលាភីដែលកុមារទាំង៦ក្រុមធ្វើបានសម្រេចនូវលទ្ធផលការងាររបស់ខ្លួនល្អប្រសើរ ក្នុងរយៈពេល២ខែ ក្រោយពីទទួលបានប្រធានបទ។ លោក សប្បាយចិត្តណាស់ដែលឃើញពួកគេសកម្មក្នុងការងារ ធ្វើការងារបានល្អ យល់ពីអនាម័យ បរិស្ថាន ពិសេសមានការផ្លាស់ប្តូរឥរិយាបថ ចំពោះបរិស្ថាននៅក្នុង សាលានិងសហគមន៍ របស់ពួកគេ។

លោកបន្តទៀតថា មិនថានៅទីនេះទេ នៅកន្លែងខ្លះនៃប្រទេសជប៉ុនក៏មានបរិស្ថានមិនស្អាតដែរ តែការផ្តើមចេញពីយើងទាំង អស់គ្នាក្នុងការសម្អាតបរិស្ថាន នឹងធ្វើឱ្យគ្រប់ទីកន្លែងមានបរិយាកាសល្អ ស្អាត ហើយលោកនឹងបន្តការចូលរួម ជួយអប់រំបរិស្ថានដល់សាលាផ្សេងៗទៀតនៅក្នុងឧទ្យានអង្គរបន្ទាប់ពីចប់បេសកម្មនៅសាលានេះ។

ឯកឧត្តម សុខ លក្ខិណា ក៏បានលើកឡើង ដែរថា ការងារសម្អាតបរិស្ថានសំខាន់ ណាស់ក្នុងការធានានូវនិរន្តភាពអង្គរ កាលណាបរិស្ថានមិនល្អ វានឹងប៉ះពាល់ដល់ភ្ញៀវទេសចរ ប្រជាសហគមន៍ និងតំបន់អង្គរទាំងមូល។ រីឯការចូលរួមរបស់កុមារក្នុងកិច្ចការនេះ ធ្វើឱ្យពួកគេមានស្មារតីស្រឡាញ់និងចេះដឹងខ្លួនឯងផង និងបានចូលរួមចំណែកក្នុងការ ផ្តល់ព័ត៌មាន និងអប់រំបន្តដល់សហគមន៍ គ្រួសារចាស់ៗងាយពេញចិត្តស្តាប់និងទទួលយក។

ឯកឧត្តមក៏សម្តែងនូវការអរគុណដល់ស្ថាប័ន JQA ដែលបានចុះមកវាយតម្លៃ ផ្តល់បច្ចេកទេស និងអនុសាសន៍ជាច្រើនក្នុង ការធ្វើឱ្យបរិស្ថានស្អាត ហើយអាជ្ញាធរជាតិ អប្សរានឹងបន្តកិច្ចសហការ ព្រមទាំង ផ្សព្វផ្សាយបន្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តនិងយល់ដឹងឱ្យបានទូលំទូលាយ។ តំណាងឱ្យក្រុមទាំង៦ដែលបានទទួលជោគជ័យក្នុងកម្មវិធីអប់រំបរិស្ថានលើប្រធានបទរបស់ខ្លួនអំពីការបោះសំរាមនិងសត្វស្លាប់ចូលក្នុងទឹកត្រពាំង កុមារី ហឿប ស៊ីណា រៀនថ្នាក់ទី៦មានមតិថា បរិស្ថានស្អាតត្រូវការការចូលរួមពីខ្លួនយើង អ្នកភូមិ និងអ្នកនៅជុំវិញខ្លួនយើង។ ប្អូនសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយពេលចុះទៅអនុវត្តការងារ អ្នកភូមិក៏មានការយល់ដឹង ឈប់បោះសំរាមនិងសត្វស្លាប់ក្នុងទឹកត្រពាំងទៀត។ ប្អូនប្តេជ្ញានឹងបន្តការងារសម្អាតបរិស្ថាននេះជានិច្ចទោះកម្មវិធីនេះបានបញ្ចប់ក៏ដោយ។

លោកនាយកសាលា ផល សុវណ្ណ ក៏សម្តែងនូវចំណាប់អារម្មណ៍និងអរគុណចំពោះអាជ្ញាធរជាតិអប្សរានិងស្ថាប័ន JQA ដែលបានរើសយកសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ជាគោលដៅក្នុងការអប់រំបរិស្ថាន។ ការសម្អាតបរិស្ថាន មិនមែនដើម្បីលម្អភ្នែកទេសចរតែមួយមុខទេ តែជាប្រយោជន៍ចម្បងសម្រាប់មនុស្សគ្រប់រូប ទាំងជីវភាពគ្រួសារ អង្គភាពការងារ សាលារៀន មន្ទីរពេទ្យ ផ្ទះ សហគមន៍ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឱ្យយើងបានស្អាត។​

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើងក្នុងបំណងឱ្យកុមារទាំងអស់បានចូលរួមថែរក្សា ការពារ សម្អាត និងយល់ដឹងអំពីបរិស្ថានបានល្អ ទាំងនៅផ្ទះ សាលារៀន និងសហគមន៍។ កម្មវិធីនេះដែរបានដាក់ប្រធានបទដូចជា ការសម្អាតបរិស្ថានក្នុងសាលារៀន សួនច្បារ ដងផ្លូវ ការថែរក្សាបង្គន់ និងការបោះសំរាមនិងសត្វស្លាប់ក្នុងត្រពាំងជាដើម។ សិស្សានុសិស្សទាំងអស់បានចូលរួមឆ្លើយសំណួរនិងធ្វើការងារនេះអស់រយៈពេល២ខែដោយមានការណែនាំនិងវាយតម្លៃពីក្រុមការងារអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ ស្ថាប័នJQA និងគ្រូបន្ទុកថ្នាក់ផ្ទាល់ មុននឹងទទួលបានបណ្ណសរសើរនៅថ្ងៃនេះ៕








ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0984
ម្សិលមិញ
:
1922
សប្តាហ៍នេះ
:
00984
ខែនេះ
:
0049457
សរុប
:
009422733