ព័ត៌មានថ្មីៗ

JQAធ្វើបទបង្ហាញស្តីពីវិសោធនកម្ម ប្រព័ន្ធគ្រប់គ្រងបរិស្ថានស្តង់ដារអន្តរជាតិISO14001

បានផ្សាយនៅ ថ្ងៃទី 14 ខែ មករា ឆ្នាំ2016 11:52 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើបទបង្ហាញស្តីពីការធ្វើវិសោធនកម្មនៃមាត្រាមួយចំនួន នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានស្តង់ដារអន្តរជាតិISO14001 ដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដើម្បីត្រៀមខ្លួនសម្របទៅតាមស្តង់ដារថ្មីនេះ។

ពិធីធ្វើបទបង្ហាញនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន EMS និងលោក Satoru Kishino ប្រធានផ្នែកគ្រប់គ្រងផ្សព្វផ្សាយនៃស្ថាប័នJQA ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំរុញការងារបរិស្ថានជាច្រើនរូបទៀត។

ក្នុងបទបង្ហាញរយៈពេលជាងមួយម៉ោង លោកស្រី Azusa EGASHIRA ជំនួយការប្រធាននាយកដ្ឋានទំនាក់កិច្ចការបរទេស នៃស្ថាប័នJQA បានលើកឡើងថា កិច្ចប្រជុំថ្នាក់ដឹកនាំJQA ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ បានកែប្រែស្តង់ដារមួយចំនួន ដើម្បីឲ្យកាន់តែមានភាពល្អប្រសើរជាងមុន។ ទោះជាយ៉ាងណា លោកស្រីលើកឡើងថា ការធ្វើវិសោធនកម្មកែប្រែនេះ មិនប្រែប្រួលខ្លាំងដល់ចំណុចស្នូលនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានកន្លងមកនោះទេ។

លោកស្រីបន្តថា “វិសោធនកម្មនេះមិនប៉ះពាល់ដល់បេះដូងនៃការងារកន្លងមកនោះទេ។ អ្វីដែលយើងធ្លាប់បានអនុវត្តល្អមកហើយ គឺនៅតែរក្សានៅដដែល ហើយយើងមានពេលវេលា៣ឆ្នាំ ក្នុងការសម្របខ្លួនជាមួយស្តង់ដារថ្មីនេះ ដើម្បីបន្តទទួលវិញ្ញាបនបត្រISO14001នៅឆ្នាំ២០១៨ខាងមុខ។ នៅខែមីនា ខាងមុខនេះ ស្ថាប័នJQA នឹងរៀបចំវគ្គបណ្តុះបណ្តាលលម្អិតស្តីពីចំណុចវិសោធនកម្មនេះ ដល់មន្ត្រីបុគ្គលិកអ្នកជំរុញការងារបរិស្ថាន ដើម្បីបំពេញការងារនេះឲ្យបានទទួលជោគជ័យ"។

ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន EMS និងជាតំណាងឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរារីករាយនឹងទទួលយកនូវវិសោធនកម្មថ្មីនេះ ដើម្បីធ្វើឲ្យយ៉ាងណាឲ្យបរិស្ថានអង្គររឹងរឹតតែស្រស់ស្អាតជាងមុន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះស្ថាប័នJQA ដែលតែងយកចិត្តទុកដាក់ជួយដល់ការងារគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរទាំងបច្ចេកទេស និងថវិកាក្នុងការបណ្តុះបណ្តាលធនធានមនុស្សកន្លងមក។

គួររំឭកថា អាជ្ញាធរជាតិអប្សរាបានចុះឈ្មោះជាមួយស្ថាប័នធានាគុណភាពជប៉ុន JQA ដើម្បីទទួលបានវិញ្ញាបនបត្រISO14001តាំងពីឆ្នាំ២០០៣មក។ មកទល់នឹងពេលនេះ អាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនបត្រចំនួន៤លើករួចមកហើយគឺ លើកទី១ ទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០០៦-២០០៩ លើកទី២ ទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ ២០០៩-២០១២ លើកទី៣ ទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០១២-២០១៥ និងលើកទី៤សម្រាប់ឆ្នាំ២០១៥-២០១៨៕













ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0299
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16175
ខែនេះ
:
0043631
សរុប
:
009416907