NEWS

ព្រៃឈើជាបញ្ហាអាទិភាពសម្រាប់កិច្ចការអភិរក្សរមណីយដ្ឋានកោះកេរ

Published on 09 January 2016 10:41 AM Post By ៖ Apsara National Authority

រមណីយដ្ឋានកោះកេរដែលលាតសន្ធឹងលើផ្ទៃដី ៨១គីឡូម៉ែត្រក្រឡា មានប្រាសាទ និងបុរាណដ្ឋានជាច្រើន ព្រមទាំងហ៊ុមព័ទ្ធដោយព្រៃល្បោះជុំវិញ គួរជាទីគយគន់ពន់ពេក។ សព្វថ្ងៃអ្នកអភិរក្សកំពុងញាប់ដៃញាប់ជើង រិះរកវិធីសាស្ត្រថែរក្សាព្រៃនេះឲ្យបានគង់វង្ស ដោយសារព្រៃនេះនៅមានឈើប្រណីតល្អៗច្រើន ដែលពួកជនទុច្ចរិតមួយចំនួនកំពុងផ្តោតទិសដៅតម្រង់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បញ្ជាក់ កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានទទួលបន្ទុកអភិរក្សរមណីដ្ឋានកោះកេរបន្តពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំ២០០៥។ ចាប់ពីពេលនោះមក នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានធ្វើកិច្ចការអភិរក្សប្រាសាទ និងការពារព្រៃឈើជាបន្តជាបន្ទាប់។

ដោយសារមួយរយៈចុងក្រោយនេះ មានបទល្មើសព្រៃឈើមួយចំនួនបានកើតឡើង ដោយឈ្មួញខ្លះមានទាំងអាវុធជាប់ដៃទៀតផងនោះ ការអភិរក្សព្រៃឈើចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត។ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាសម្រេចប្រគល់ការងារគ្រប់គ្រងព្រៃឈើ ដល់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ដើម្បីធ្វើការងាររួមគ្នានឹងនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ដែលធ្លាប់អនុវត្តកន្លងមក។

លោក សាមៀន បន្ថែមថា ដើម្បីឲ្យការងារគ្រប់គ្រងព្រៃឈើកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ដើម្បីស្នើបង្កើតគណៈកម្មការចម្រុះមួយ កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ។ បច្ចុប្បន្ន គណៈកម្មការមួយនេះត្រូវបានរៀបចំរចនាសម្ព័ន្ធ និងភារកិច្ចរួចរាល់អស់ហើយ នៅតែទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យសម្រេចចុងក្រោយប៉ុណ្ណោះ។

“ភារកិច្ចរបស់យើង គឺទប់ស្កាត់បទល្មើសព្រៃឈើឲ្យបាន។ យើងសង្ឃឹមថា នៅពេលគណៈកម្មការនេះចេញជារូបរាងហើយ ការទប់ស្កាត់បទល្មើសព្រៃឈើនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឈានដល់ការទប់ស្កាត់បាន១០០%នាពេលអនាគតដ៏ខ្លីខាងមុខនេះ។” នេះជាប្រសាសន៍លើកឡើងបន្ថែមរបស់លោក និន ចាន់សាមៀន។ លោកបញ្ជាក់ថា ក្រៅពីបង្ក្រាបបទលើ្មស យើងក៏នឹងមានកម្មវិធីចុះអប់រំប្រជាពលរដ្ឋឲ្យបានយល់ពីតម្លៃបេតិកភណ្ឌ និងបរិស្ថានផងដែរ។ “យើងបានដើរតាមផ្ទះរបស់ប្រជាជន សង្កេតឃើញថា ស្ទើរគ្រប់ផ្ទះគឺមានមុខរបរកាប់ឈើលក់ ដូចជា ធ្វើបង្គោលក្រាក់ សសរផ្ទះ អុស ធ្យូង។ល។ មុខរបរទាំងនេះហើយ ដែលជំរុញឲ្យពួកគាត់កាប់ព្រៃឈើជាបន្តបន្ទាប់។ យើងនឹងមានកម្មវិធីចុះអប់រំពួកគាត់ ឲ្យពួកគាត់បង្កើតមុខរបរថ្មីដែលមិនមែនជាការកាប់ឈើលក់តទៅទៀត។ យើងនឹងសិក្សាពីបញ្ហាបនេះឲ្យល្អិតល្អន់ ជាពិសេស គឺការបង្កើនចំណូលជូនប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍”

លោក សាមៀន រៀបរាប់ថា ដើម្បីឲ្យការងារនេះដំណើរបានទទួលបានជោគជ័យខ្ពស់ យើងសូមឲ្យមានការចូលរួម ប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជាពិសេស គឺគណៈកម្មការចម្រុះដែលនឹងបង្កើតឡើងនៅពេលឆាប់ៗនេះ។

ប្រាសាទកោះកេរ មានទីតាំងស្ថិតនៅ ក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចម្ងាយ ៨០គម នៅភាគឦសានអង្គរ (បើគិតតាមផ្លូវធ្វើដំណើរសព្វថ្ងៃចម្ងាយ១២០គម)។ ក្រុមប្រាសាទកោះកេរ សង់លើផ្ទៃដីខ្ពង់រាប ដោយព្រះបាទជ័យវ័រ្មនទី៤ (៩២៨-៩៤២)។ មុនឆ្នាំ២០០៥ ប្រាសាទនេះគ្រប់គ្រងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រគល់ការងារគ្រប់គ្រងអភិរក្សតំបន់កោះកេរ ដល់អាជ្ញាធរជាតិអប្សរាវិញ៕








( 26 June 2015 )

( 22 June 2015 )

( 22 May 2015 )
 
ទូកបុរាណដែលម្ចាស់ការដ្ឋានបូមខ្សាច់ ប្រទះឃើញកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាទទួលយកមករក្សាទុកក្នុងកសិណអង្គរវត្តហើយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
9356
Yesterday
:
8934
This Week
:
09356
This Month
:
0327481
Total
:
013309795