ព័ត៌មានថ្មីៗ

តើអ្វីខ្លះជាបេតិកភណ្ឌអង្គរ?

បានផ្សាយនៅ ថ្ងៃទី 06 ខែ មករា ឆ្នាំ2016 02:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២មក ប៉ុន្តែនៅតែមានអ្នកយល់ច្រឡំថា ការចុះបញ្ជីបេតិកភណ្ឌនេះ គឺសំដៅទៅលើប្រាសាទអង្គរវត្ត។ តាមពិតមិនមែនមានតែប្រាសាទអង្គរវត្តមួយទេ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺអង្គរវត្ត គ្រាន់តែជាប្រាសាទមួយក្នុងចំណោមប្រាសាទជិត១០០ ដែលបានចុះបញ្ជី។ បេតិកភណ្ឌអង្គរដែលបានចុះបញ្ជីនេះគឺរមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ។

តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះ មានផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា ដែលបែងចែកជាបីតំបន់ធំៗគឺ ៖ តំបន់កណ្តាលដែលមានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ។ល។ មានផ្ទៃដីសរុប ៣៥១០០ហិកតា។ តំបន់ខាងជើងដែលមានប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ២០០០ហិកតា។ តំបន់ខាងត្បូង ឬហៅថា តំបន់រលួសដែលមានប្រាសាទបាគង ព្រះគោ លលៃ។ល។ មានផ្ទៃដីសរុប ៣០០០ហិកតា។ សរុបតំបន់ទាំងបីនេះមក ហៅថា ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ។

ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ ប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។

ប្រាសាទ

ក្នុងពេលដែលអង្គរត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក មានប្រាសាទ ស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រសរុបចំនួន៩១។ ត្រង់ចំណុចនេះ អ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ចំនួន៩១ ដែលមានក្នុងចុះបញ្ជីកាលណោះ ដោយសារយោងតាមបញ្ជីចាស់ ដែលធ្លាប់បានស្រាវកន្លងមក និងដោយត្រួសៗប៉ុណ្ណោះ។ តែក្រោយមកទៀត អ្នកបុរាណវិទ្យាបានរកឃើញប្រាសាទ និងស្ថានីយបុរាណរាប់រយទៀត ដែលស្ថិតនៅក្នុងតំបន់អង្គរ តែមិនទាន់មានឈ្មោះនៅក្នុងបញ្ជីនៅឡើយ។ លោកបានលើកឧទាហរណ៍ថា គ្រាន់តែប្រភេទឧបោសថាគារនៅអង្គរធំ ជុំវិញប្រាសាទបាយ័ន និងក្នុងព្រៃមានដល់ទៅ១០០ ហើយគ្រឹះប្រាសាទដែលកប់ក្នុងព្រៃក៏មានដល់ទៅរាប់រយទៀត។

បរិស្ថាន

បរិស្ថានដែលសំខាន់នៅតំបន់អង្គរ គឺព្រៃឈើ និងទឹក។ តាមសិ្ថតិជំរឿនព្រៃឈើក្នុងឆ្នាំ២០១៣ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ព្រៃឈើនៅក្នុងឧទ្យានអង្គរមានប្រមាណជាង៥៧០០ហិកតា គឺស្មើនឹង១៣%នៃផ្ទៃដីទាំងមូល។ ព្រៃឈើមិនត្រឹមជាប្រភពនៃភ្លៀងប៉ុណ្ណោះទេ តែមានតួនាទីពិសេសសម្រាប់ប្រាសាទ ធ្វើជារនាំងការពារប្រាសាទ ទប់ទល់នឹងខ្យល់ព្យុះភ្លៀងខ្លាំងដែលបក់បោកមកលើប្រាសាទ និងជាម្លប់ការពារប្រាសាទទៀតផង។ ជាពិសេសព្រៃឈើប្រៀបដូចជាសម្លៀកបំពាក់ ឬជាអលង្ការ ដែលធ្វើឲ្យប្រាសាទមានភាពរឹងរឹតតែស្រស់បំព្រងថែមទៀត។ ប្រាសាទតាព្រហ្ម គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបានទាក់ទាញទេសចររាប់ពាន់នាក់ចូលទៅទស្សនារៀងរាល់ថ្ងៃ។

ក្រៅពីព្រៃឈើ ទឹកជាបរិស្ថានដ៏សំខាន់មួយទៀតផ្សារភ្ជាប់ខ្លួននឹងអង្គរដែរ។ កាលណាគេនិយាយពីអង្គរ គេតែងនឹកដល់បារាយណ៍ខាងលិច ដែលហៅថា បារាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ជាពិសេសសម្រាប់ការងារកសិកម្មរហូតដល់សព្វថ្ងៃ។ បារាយណ៍ខាងជើង ដែលបានរីងស្ងួតទឹកជាង៥០០ឆ្នាំកន្លង ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលប្រព័ន្ធទឹកបុរាណ បញ្ចូលទឹកពេញ ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្តាលគួរឲ្យចង់គយគន់ក្រៃលែង។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ ហាក់ដូចជាសរសៃឈាមនៃរាងកាយរបស់មនុស្សយើងដូច្នោះដែរ។ បណ្តាញធារាសាស្ត្រដ៏ធំនេះ គឺសម្រាប់បញ្ជៀសទឹកជំនន់ មិនឲ្យលិចលង់ដល់ប្រាសាទ និងក្រុងសៀមរាបទាំងមូល។ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹកផ្ទុកនូវសំណើមជាប្រចាំ ថែរក្សាគ្រឹះប្រាសាទដែលជាខ្សាច់កុំឲ្យស្ងួត ធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ។

ប្រជាជន

តំបន់ជុំវិញប្រាសាទសុទ្ធតែជាភូមិ។ ភូមិក្នុងឧទ្យានអង្គរបច្ចុប្បន្នមាន១១៣ភូមិ ២១ឃុំសង្កាត់។ ភូមិទាំងនេះមានប្រជាជនរស់នៅតៗគ្នារាប់ជំនាន់មកហើយ ដែលបានផ្តល់ឲ្យនូវលក្ខណៈពិសេសដល់ឧទ្យានអង្គរ ឲ្យទៅជាមត៌ករស់។ អ្នកស្រុកទាំងនេះ ត្រូវបានចាត់ទុកថាជាបេតិកភណ្ឌដែរ ដោយសារអ្នកទាំងនោះបានថែរក្សាបេតិកភណ្ឌអរូបីដែលមាន ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំថ្ងៃ តាំងពីយូរលង់មកហើយ។ ភាសានិយាយក៏ជាមត៌កដែរ ដូចជាអ្នកភូមិប្រដាក ភូមិអូរទទឹង ជាដើម មានភាសា និងសំនៀងប្លែកពីគេឯង។

បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្តទុកដាក់ នៅតែកំពុងបន្តប្រតិបត្តិដោយអ្នកស្រុកអង្គរនៅឡើយ។ ទំនៀមទាំងនោះមានដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង ។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រង អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណាឲ្យទំនៀមទាំងនេះអាចគង់វង្សតកូនតចៅរហូតតទៅ៕
















អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1238
ម្សិលមិញ
:
14863
សប្តាហ៍នេះ
:
87344
ខែនេះ
:
0219470
សរុប
:
009688227