ព័ត៌មានថ្មីៗ

ចម្លាក់ព្រះកេសទេវតាចំនួន៣នៅខ្លោងទ្វារទន្លេអុំ ត្រូវបានឆ្លាក់ឡើងវិញតាមរយៈការឧបត្ថម្ភថវិកាពីសប្បុរសជនដែលស្រឡាញ់មត៌កវប្បធម៌

បានផ្សាយនៅ ថ្ងៃទី 04 ខែ មករា ឆ្នាំ2016 03:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរអប្សរាបានយកព្រះកេសដែលឆ្លាក់រួចរាល់ហើយនោះ មកភ្ជាប់នឹងដងខ្លួននៃចម្លាក់ទេវតាទាញព្រ័ត្រឡើងវិញ ក្នុងន័យអភិរក្ស និងលើកតម្លៃមត៌កបេតិកភណ្ឌជាតិ។ ចម្លាក់ព្រះកេសទេវតាទាំង៣នេះ ស្ថិតនៅត្រង់ចម្លាក់ទេវតាទី៦ ទី១១ និងទី២៩ ដែលបាត់ព្រះកេសតាំងពីក្នុងពេលដែលប្រទេសខ្មែរ កំពុងស្ថិតនៅក្នុងភ្លើងសង្រ្គាមនៅឡើយ។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជាអ្នកសម្របសម្រួលការងារនេះ បញ្ជាក់ថា សប្បុរសជនខ្មែរពីរនាក់ប្តីប្រពន្ធព្រមទាំងបុត្រដែលមានអាសយដ្ឋាននៅបុរីសុភមង្គល សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ជាអ្នកមានជំនឿលើវត្ថុបុរាណ និងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះមត៌កវប្បធម៌ខ្មែរ។ ក្រុមគ្រួសារលោកទាំងពីរបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីឲ្យក្រុមការងារជាងចម្លាក់នៅភូមិអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឆ្លាក់ព្រះកេសទេវតាឡើងវិញ ដោយចំណាយថវិកាសរុបអស់ចំនួន១៨០០ដុល្លារអាមេរិក។

លោក សយ សុភារិន្ទ អ្នកជំនាញផ្នែកអភិរក្ស និងជួសជុលថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលកំពុងដឹកនាំការងារតភ្ជាប់ព្រះកេសនេះរៀបរាប់ថា ចម្លាក់ព្រះកេសទេវតាទាំង៣ដែលយើងកំពុងតភ្ជាប់នេះ គឺអ្នកជំនាញបានឆ្លាក់យកទម្រង់ព្រះភក្ត្រពេញទាំងស្រុង ស្របតាមទម្រង់រចនាប័ទ្មនាសម័យនោះ។

លោក សុភារិន្ទ បន្ថែមថា ចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារទន្លេអុំសរុបទាំងអស់មានចំនួន ១០៨ ដែលក្នុងនោះចម្លាក់ទេវតាចំនួន៥៤ និងចម្លាក់យក្សចំនួន៥៤។ រយៈកាលកន្លងមក អាជ្ញាធរជាតិអប្សរា បានឆ្លាក់ព្រះកេសថ្មីធ្វើពីថ្មភក់ និងភ្ជាប់ឡើងវិញបានចំនួន២៥ហើយ ដែលចម្លាក់ទាំងនេះ ឆ្លាក់តាមរចនាប័ទ្មដើមទាំងស្រុង ដែលមានតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរ។

ចំណែកចម្លាក់៣ ដែលជាអំណោយសប្បុរសជននៅពេលនេះ មិនមានចម្លាក់ដើមនៅសេសសល់ទេ ដូច្នេះ អ្នកជំនាញបានឆ្លាក់ព្រះកេសឲ្យមានទម្រង់ស៊ីគ្នានឹងចម្លាក់ដងខ្លួនដែលនៅសល់ ហើយមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងព្រះកេសទេវតាផ្សេងៗទៀត ដែលមាននៅទីនេះស្រាប់។ បច្ចុប្បន្ន នៅសល់ចម្លាក់អត់ព្រះកេសចំនួន១១ ដែលមិនទាន់បានឆ្លាក់បំពេញនៅឡើយ។

ការអភិរក្សមត៌កបេតិកភណ្ឌជាតិ គឺជាការងាររបស់យើងទាំងអស់គ្នា។ ការរួមចំណែករបស់សប្បុរសជននៅពេលនេះ គឺជាកាយវិការដ៏ប្រពៃដែលអាជ្ញាធរជាតិអប្សរា សូមកោតសរសើរដោយស្មោះ និងគាំទ្រលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ដែលគោរពស្រឡាញ់វប្បធម៌ដូនតាខ្មែរ អាចចូលរួមជាមួយអាជ្ញាធរជាតិអប្សរាបានគ្រប់ពេលវេលា និងគ្រប់សកម្មភាព៕






រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (នៅខាងត្បូងទីតាំងបាឡុង មុខប្រាសាទអង្គរវត្ត) បានប្រទះឃើញបំណែកវត្ថុបុរាណចំនួន២ដុំ
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ បានចុះឃាត់ការសាងសង់ របងថ្មបេតុង ដែលធ្វើហ៊ុមព័ទ្ធទីទួលបុរាណ
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាសហការជាមួយនគរបាលការពារបេតិកភណ្ឌ បានចុះឃាត់ប្រជាពលរដ្ឋ ២គ្រួសារ ដែលបានរុករានដីធ្វើកសិកម្ម ធ្វើឲ្យប៉ះពាល់ដល់ឡបុរាណ
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រុមអ្នកជំនាញអភិរក្សនិងជួសជុលក្បាច់ចម្លាក់ ១៩នាក់ដែលមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ និងសារមន្ទីរព្រះនរោត្តមសីហនុនៃអាជ្ញាធរជាតិអប្សរា និង អាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារការអភិរក្ស និងការ ជួសជុលក្បាច់ចម្លាក់ទាំង៤ការដ្ឋាននៅតំបន់ឧទ្យានអង្គរដល់ព្រះសង្ឃចំនួន៧៥អង្គ នៅវត្តរាជបូណ៌។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
3172
ម្សិលមិញ
:
12815
សប្តាហ៍នេះ
:
15987
ខែនេះ
:
0098942
សរុប
:
009058513