ព័ត៌មានថ្មីៗ

ការរៀបចំវង់ទស្សនា្រប្រាសាទតាព្រហ្ម គឺដើម្បីរៀបចំសណ្តាប់ធ្នាប់ រក្សាសុវត្ថិភាពភ្ញៀវ និងប្រាសាទ

បានផ្សាយនៅ ថ្ងៃទី 04 ខែ មករា ឆ្នាំ2016 08:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាំងពីខែមីនា ឆ្នាំ២០១៥មក ការទស្សនាប្រាសាទតាព្រហ្មត្រូវបានរៀបចំជាវង់ទស្សនាឯកទិសត្រង់ផ្នែកកណ្តាល ដោយតម្រូវឲ្យភ្ញៀវទេសចរចូលតាមច្រកខាងកើតតែមួយច្រក។ ការរៀបចំនេះ គឺក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់នៃការទស្សនា កាត់បន្ថយការកកស្ទះ រក្សាសុវត្ថិភាពជូនភ្ញៀវ និងពិសេសសុវត្ថិភាពប្រាសាទ។ ចុងឆ្នាំ២០១៥កន្លងទៅនេះ អាជ្ញាធរជាតិអប្សរាបានសម្រេចបើកបន្ថែម ច្រកចូលខាងកើតមួយទៀតត្រង់ថែវដែលក្រុមការងារASI របស់ប្រទេសឥណ្ឌាបានជួសជុលរួចរាល់ ដើម្បីសម្រួលលំហូរភ្ញៀវទេសចរកាន់តែប្រសើរថែមទៀត។

ប្រធានក្រុមឆ្មាំប្រចាំប្រាសាទតាព្រហ្ម លោក ឡុង ស៊ីនឿន បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ មករា ឆ្នាំ២០១៦នេះថា ការរៀបចំវង់ទស្សនានេះឡើង យើងទទួលបានការពេញចិត្តពីភ្ញៀវទេសចរ និងបណ្តាមគ្គុទ្ទេសក៍ជាច្រើន។ ជាពិសេស ការរៀបចំនេះក៏ងាយស្រួលដល់ក្រុមការងាររបស់លោកក្នុងការរក្សាសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណភាពទស្សនាចរកាន់តែល្អប្រសើរ។

លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបញ្ជាក់ថា ការរៀបចំវង់ទស្សនានេះ គឺជាដំណោះស្រាយទៅលើបញ្ហាកកស្ទះ ដោយដើរបញ្ច្រាសទិសគ្នានាពេលកន្លងមក។ ក្រោយការអនុវត្តសាកល្បងនូវវង់ទស្សនានេះ យើងសង្កេតឃើញថា ភ្ញៀវភាគច្រើនមានការពេញចិត្ត ហើយយើងក៏ធានាបាននូវសុវត្ថិភាពនៃការទស្សនារបស់ភ្ញៀវ និងធានាដល់សុវត្ថិភាពប្រាសាទផងដែរ។ ផ្នែកខាងក្នុងប្រាសាទ មានភាពទូលាយល្មម មិនកកចង្អៀតខ្លាំងដូចពេលមុនៗទេ ព្រោះយើងរៀបចំឲ្យភ្ញៀវចូលទស្សនាតាមលំដាប់លំដោយ និងមិនឲ្យត្រឡប់ថយក្រោយ។

អគ្គនាយករង និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ (TMP) ឯកឧត្តម សុខ សង្វារ បញ្ជាក់ថា ការដាក់ឲ្យអនុវត្តវង់ទស្សនានេះ យើងបានសិក្សា និងពិគ្រោះយោបល់យ៉ាងម៉ត់ចត់ជាមួយអ្នកជំនាញជាច្រើន ជាពិសេសគណៈកម្មាធិការអាយស៊ីស៊ីអង្គរ។ យើងគិតគូរពីសុវត្ថិភាពប្រាសាទ សុវត្ថិភាពភ្ញៀវទេសចរ និងតម្លៃរបស់ប្រាសាទជាចម្បង។ ទោះជាយ៉ាងណា ឯកឧត្តមបញ្ជាក់ថារីករាយនឹងទទួលនូវគំនិតកែលម្អ ក្នុងន័យស្ថាបនាពីសំណាក់ភ្ញៀវ និងមគ្គុទ្ទេសក៍គ្រប់គ្នា ធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ល្អ និងផ្សព្វផ្សាយបទពិសោធន៍ល្អទាំងនោះបន្តទៅភ្ញៀវផ្សេងៗទៀត៕






បដិមាហនុមាន ស្ថិតក្នុងរចនាប័ទ្មកោះកេរ ដែលកម្ពុជាទើបទទួលបាន ពីសារមន្ទីរ Cleveland Museum of Art របស់សហរដ្ឋអាមេរិកកាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ មានអាយុកាលជាង១០០០ឆ្នាំ
ដើមដំបូងមុន12...910111213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
0292
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
33327
ខែនេះ
:
0128006
សរុប
:
012897438