ព័ត៌មានថ្មីៗ

ឆាន់តូច

បានផ្សាយនៅ ថ្ងៃទី 02 ខែ មករា ឆ្នាំ2016 02:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អ្នកស្រុកអង្គរមានពិធីបុណ្យ និងទំនៀមទម្លាប់ពិសេសផ្ទាល់ខ្លួនច្រើន។ ពិធីខ្លះត្រូវបានគេរៀបចំឡើងទៅតាមរដូវកាល ដូចជាពិធីហៅទឹកភ្លៀង ពិធីឡើងមាឃជាដើម ហើយពិធីខ្លះទៀត មិនកំណត់រដូវកាលទេ គឺអាស្រ័យលើស្ថានភាពជាក់ស្តែងទៅវិញ ដូចជាពិធីហៅព្រលឹង ពិធីឆាន់តូច ឆាន់ធំជាដើម។

តទៅនេះ ខ្ញុំនឹងរៀបរាប់ពិធីបុណ្យតូចមួយ ដែលអ្នកភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាបទើបតែប្រារព្ធធ្វើក្នុងពេលថ្មីៗនេះ។ ខុសគ្នាមិនដល់ពីរខែផង ខ្ញុំឃើញពិធីនេះត្រូវបានគេធ្វើឡើងដល់ទៅបីដង ក្នុងភូមិតែមួយ។ នេះបញ្ជាក់ថា ពិធីឆាន់តូច ជាពិធីសាមញ្ញ តូច មិនចំណាយច្រើនប៉ុន្មានទេ។

បើពិនិត្យតាមពាក្យដែលអ្នកស្រុកហៅថា ឆាន់តូច ក៏គង់នឹងចាប់ន័យបានខ្លះៗមិនខាន។ ឆាន់ ជាភាសាអ្នកស្រុកហៅដោយពាក្យគោរពទៅព្រះសង្ឃ ដែលមានន័យស្មើនឹង ហូប ពិសា ស៊ី ហ្នឹងឯង ដូចជាពាក្យថា ព្រះសង្ឃឆាន់យាគូ ឆាន់ចង្ហាន់ជាដើម។ ឯពាក្យ តូច ដែលភ្ជាប់នឹងពាក្យឆាន់នេះ ក៏ក្នុងន័យថា ពិធីនិមន្តព្រះសង្ឃឆាន់ហ្នឹងតូចតាច ឬថា និមន្តព្រះសង្ឃតិចអង្គមកឆាន់ចង្ហាន់។

អ្នកស្រុកប្រើពាក្យនេះ ដោយប្រៀបធៀបកម្មវិធីបុណ្យមួយទៀត ដែលហៅថា ឆាន់ធំ។ ឆាន់ធំ គេប្រើពេលដល់ពីរថ្ងៃ ឬបីថ្ងៃក៏មាន ហើយនិមន្តរព្រះសង្ឃច្រើនអង្គ មានភ្ញៀវចូលរួមក៏ច្រើនដែរ។ ផ្ទុយពីឆាន់ធំ ពិធីឆាន់តូចដែលខ្ញុំសង្កេតឃើញអ្នកភូមិក្រវ៉ាន់ធ្វើថ្មីៗនេះ គេនិមន្តព្រះសង្ឃតែមួយអង្គប៉ុណ្ណោះ មកឆាន់យាគូ និងប្រគេនចង្ហាន់មួយចានស្រាក់ទៅវត្តសម្រាប់ជាចង្ហាន់ត្រង់។ ពិធីនេះ គេធ្វើតែមួយព្រឹកប៉ុណ្ណោះ។

គោលបំណងនៃពិធីបុណ្យ
គេរៀបចំបុណ្យនេះឡើង ដើម្បីបានបុណ្យកុសលផ្ទាល់ខ្លួន ឬជូនឪពុកម្តាយដែលចាស់ៗ ទុកជាកំណប់បុណ្យសម្រាប់ជាទីពឹងក្នុងជាតិខាងមុខ។ សាមីបុណ្យក្នុងពិធីនេះ គឺជាចាស់ៗ ដែលខំសន្សំលុយកាក់តិចតួចពីកូនចៅជូន យកមករៀបចំកម្មវិធីបុណ្យសម្រាប់ជាទីពឹងរបស់គាត់។ កូនចៅ និងអ្នកភូមិផងរបងជាមួយ គឺជាអ្នកជួយខ្នះខ្នែងការងារផ្សេងៗ។ សម្ភារៈ ឬទេយ្យទានសម្រាប់កម្មវិធី

ក្រៅពីម្ហូបអាហារ សម្រាប់ព្រះសង្ឃ និងសម្រាប់ទទួលភ្ញៀវគេរៀបចំសម្ភារៈ ឬទេយ្យទានមួយចំនួនទៀតតាមលទ្ធភាពជាក់ស្តែង។ សម្ភារៈទាំងនោះ ច្រើនដាក់ក្នុងចានដែកធំមួយដែលមាន ចាន ស្លាបព្រា កែវ បំពង់ទឹកក្តៅ កន្ទេលតូច ខ្នើយ មុង ភួយ ចង្កៀង។ល។ ដែលហៅថា ប្រឡុង។ ទេយ្យទានទាំងនេះ គេរៀបចំប្រគេនព្រះសង្ឃ ដើម្បីទុកជាកំណប់បុណ្យដែលម្ចាស់ទាន នឹងត្រូវអាស្រ័យក្នុងជាតិក្រោយបន្ទាប់ពីខ្លួនស្លាប់ទៅ។

អ្នកចូលរួមពិធីបុណ្យ
តាមការសង្កេត អ្នកចូលរួមក្នុងពិធីបុណ្យឆាន់តូចនេះ មានគ្នាមិនដល់៥០នាក់ទេ។ ក្រៅពីកូនចៅ និងញាតិក្បែរខាង អ្នកចូលរួមមានតែចាស់ៗដែលធ្លាប់ស្រឡាញ់រាប់អានគ្នាជាមួយម្ចាស់បុណ្យ។ ចំណែកព្រះសង្ឃ គឺគេនិមន្តតែមួយអង្គគត់ ដើម្បីរៀបចំពិធីបុណ្យ។

ការរៀបចំពិធីបុណ្យ
គេច្រើនរៀបចំពិធីបុណ្យនេះ នៅថ្ងៃសីល គឺថ្ងៃឧបោសថសីល។ ហេតុផលសំខាន់ដែលគេជ្រើសរើសយកថ្ងៃសីល គឺចង់បានយាយតាដែលសមាទានឧបោសថ មកសមាទានក្នុងផ្ទះបុណ្យតែម្តង។ មិនទាន់ភ្លឺច្បាស់ស្រួលបួលផង យាយតាស្លៀកសពាក់សដែលម្ចាស់បុណ្យបានគោរពអញ្ជើញបានមកដល់ផ្ទះម្ចាស់បុណ្យព្រោងព្រាត។ អាចារ្យដឹកនាំសូត្រធម៌នមស្ការព្រះរតនត្រ័យ ដោយមានគ្រឿងសក្ការៈទៀនធូបផ្កាភ្ញី រហូតដល់ភ្លឺច្បាស់ ទើបព្រះសង្ឃនិមន្តមកដល់។

ពេលព្រះសង្ឃនិមន្តមកដល់ យាយតានាំគ្នាសមាទានឧបោសថសីល(សីល៨) និងនិច្ចសីល(សីល៥)រៀងៗខ្លួន។ បន្ទាប់មក គេប្រគេយាគូ(បបរ) ចំពោះព្រះសង្ឃឆាន់។ ពេលព្រះសង្ឃឆាន់រួច អាចារ្យក៏ដឹកនាំវេរទេយ្យទាន និងចង្ហាន់ស្រាក់ប្រគេនព្រះសង្ឃ ជាកិច្ចបញ្ចប់នៃពិធីបុណ្យ។ ក្រោយពីព្រះសង្ឃនិមន្តទៅវត្តហើយ កូនចៅក៏រៀបចំម្ហូបអាហារជូនចាស់ទុំ ដែលបានចូលរួម។ តាមការសង្កេត ពិធីនេះបានបញ្ចប់ទៅមិនទាំងដល់ម៉ោង៩ព្រឹកស្រួលបួលផង។

ពិធីនេះជាមត៌ករស់មួយ ដែលជាផ្នែកដ៏សំខាន់នៃរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ មត៌ករស់នេះ អាចបន្តរស់មកដល់ពេលនេះបាន ក៏ដោយសារមានការស្រឡាញ់ គោរព ជឿជាក់ និងផ្តល់តម្លៃជាបន្តបន្ទាប់។ មានតែការសិក្សាស្វែងយល់ និងចូលរួមថែរក្សាទាំងអស់គ្នាទេ ទើបធ្វើឲ្យមត៌កបែបនេះអាចបន្តរស់នៅជាព្រលឹងរបស់អង្គររបស់យើងបាន៕




អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2494
ម្សិលមិញ
:
16199
សប្តាហ៍នេះ
:
18693
ខែនេះ
:
0150819
សរុប
:
009619576