ព័ត៌មានថ្មីៗ

ការព្យាបាលជំងឺដើមឈើនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 01 ខែ មករា ឆ្នាំ2016 04:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រាសាទ ព្រៃឈើ និងសហគមន៍មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ជាក់ស្តែង កិច្ចប្រជុំ ICC-Angkor ក៏បានសម្រេចផងដែរថា នៅក្នុងឧទ្យានអង្គរមានធាតុសំខាន់បំផុត ចំនួន០៣ គឺប្រាសាទតំណាងឱ្យ (វប្បធម៌) ធម្មជាតិ (ដើមឈើ សត្វព្រៃ ទឹក។ល។) និងសហគមន៍ (ប្រជាជន ទំនៀមទម្លាប់ ប្រពៃណី) ដែលអាជ្ញាធរជាតិអប្សរាត្រូវយកចិត្តទុកដាក់ឲ្យខ្លាំង។

ក្នុងចំណោមធាតុទាំងបីនេះ ដើមឈើបានធ្វើឲ្យឧទ្យានអង្គរមានសោភណភាពស្រស់ស្អាត និងជារនាំងការពារប្រាសាទផងដែរ។ ប៉ុន្តែដោយសារកត្តាធម្មជាតិនិងមនុស្សបានធ្វើឲ្យដើមឈើធំៗខ្លះមានជំងឺដែលចាំបាច់ត្រូវធ្វើការព្យាបាលឱ្យទាន់ពេល ដើម្បីឲ្យដើមឈើលូតលាស់ល្អ មានសុខភាពរឹងមាំឡើងវិញ។

ក្នុងបទបង្ហាញដល់អង្គពិធី នាឱកាសបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ កាលពីថ្ងៃទី៣១ ធ្នូម្សិលមិញនេះ លោក ទូច តេត្រា ប្រធានការិយាល័យគ្រប់គ្រងទេសភាពវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដើមឈើក៏ដូចមនុស្សដែរ វាត្រូវការអុកស៊ីសែន ការសម្រាក ចំណីអាហារ ទឹក មានជំងឺ និងត្រូវការព្យាបាលដូចគ្នា។

លោកក៏បានលើកឡើងផងដែរអំពីដើមឈើមានជំងឺត្រូវព្យាបាល គឺដើមឈើដែលមានរបួសដោយការកាប់ ចាំង ដំដែកគោល ឬសរសេរអក្សរពីលើ ដែលធ្វើឱ្យឆ្លងមេរោគ។ ដើមឈើខ្លះក៏មានដំបៅដែលបង្កឡើងដោយផ្សិត ការពុកតួដើមឈើ និងពុកគល់។ ដើមឈើដែលដំបៅឫស ដោយសកម្មភាពមនុស្សជាន់ពីលើជារៀងរាល់ថ្ងៃឬមានវត្ថុធ្ងន់ៗសង្កត់លើ។ ដើមឈើដំបៅគល់ដោយការចោះយកជ័រ និងដើមឈើដែលមានក្រណាត់រុំជុំវិញដើម។

លើសពីនោះ លោកតេត្រាបញ្ជាក់ថា ដើមឈើក៏មានជំងឺស្ត្រេសដែរ។ ជំងឺនេះបង្កឡើងដោយចាក់ដីហាប់ណែន ចាក់បេតុងពីលើឬចាក់ដីលុបគល់ដែលមានជម្រៅជ្រៅ និងការដាក់ពន្លឺភ្លើងអគិ្គសនីខ្លាំងជិតដើមឈើជារៀងរាល់ថ្ងៃ ដែលបង្ករផលប៉ះពាល់ដល់ដំណេករបស់ដើមឈើ។

ចំណែកវិធីសាស្ត្រក្នុងការព្យាបាល ត្រូវអនុវត្តទៅតាមប្រភេទជំងឺផ្សេងៗគ្នា។ ចំពោះឈើដែលពុកគល់ ឬដើម ត្រូវកោសនិងលាងសម្អាតសាច់ឈើពុកឬដុះផ្សិតឲ្យស្អាត បន្ទាប់មកបាញ់ឬលាបជ័រទឹកនៅលើផ្ទៃដែលបានសម្អាតហើយនោះ។ ជំងឺខ្លះ ត្រូវបិទប្រហោងតូចៗដោយប្រើល្បាយដីដំបូកក៏បាន ដោយក្រមួនក៏បានតាមលទ្ធភាពដែលយើងមាន ហើយត្រូវធ្វើចង្អូរបង្ហូរទឹកនិងដី ចេញផង។

ចំណែកដើមឈើខ្លះទៀតដែលមានឫសធំៗចេញផុតពីដី ជាពិសេសក្នុងតំបន់ប្រាសាទ ដែលមានភ្ញៀវទស្សនាច្រើន ដើរកាត់ អង្គុយពីលើ ហើយបង្កឲ្យមានជំងឺនោះ យើងធ្វើកម្រាលឈើឬជណ្តើរឈើកុំឲ្យមនុស្សឈរឬដើរពីលើតទៅទៀត។ ចំណែកជំងឺស្ត្រេសវិញ ត្រូវព្យាបាលដោយយកពន្លឺអគ្គីសនីចេញឬបន្ថយពន្លឺឲ្យមកនូវកម្រិតទាប។ ឈូសឆាយធ្វើឲ្យដីធូរឬគាស់យកបេតុងចេញ ដាក់ជី ដាំស្មៅពីលើ ។ល។ កាប់រណ្តៅជុំវិញគល់ឈើ ស្រោចទឹក ដាក់ជី។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាដ៏វិសេសនេះត្រូវបានបង្ហាត់បង្រៀនដោយអ្នកជំនាញមកពីប្រទេសឥណ្ឌា ហើយក្នុងឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាព្យាបាលជំងឺដើមឈើបានចំនួន៨៤១ដើម នៅតាមប្រាសាទនានានិងផ្លូវវង់ទស្សនានៅក្នុងឧទ្យានអង្គរ៕






នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាបត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹកទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើបពេញកសិណទាំងពីរ។ នេះជាការអះអាងរបស់លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1750
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
34785
ខែនេះ
:
0129464
សរុប
:
012898896