ព័ត៌មានថ្មីៗ

នាយកដ្ឋានគ្រប់គ្រងព្រៃឈើដាំកូនឈើបានជាង៣៥០០០ដើមក្នុងឆ្នាំ២០១៥

បានផ្សាយនៅ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2015 03:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០១៥នេះ ដាំកូនឈើបានចំនួន ៣៥ ៨១៤ ដើម លើសផែនការប្រចាំឆ្នាំជាង១ម៉ឺនដើម។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៥ របស់នាយកដ្ឋាន ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

តាមរបាយការណ៍ខាងលើ មានដើមឈើចំនួន១៨៧៥៥ដើម ដែលដាំដោយក្រុមការងាររបស់នាយកដ្ឋានផ្ទាល់ និងដើមឈើចំនួន ១៧០៣៩ដើមទៀត ចូលរួមសហការដាំដោយអង្គភាពផ្សេងៗទៀត ដែលទទួលកូនឈើពីស្ថានីយបណ្តុះបណ្តាលកូនឈើ របស់នាយកដ្ឋាន។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌និងបរិស្ថានបញ្ជាក់ថា នាយកដ្ឋានបានដាក់ផែនការប្រចាំឆ្នាំគឺត្រូវដាំកូនឈើ ក្នុងតំបន់អង្គរឲ្យបានយ៉ាងតិច២ម៉ឺនដើម។ ដោយឡែកឆ្នាំនេះ ក្រុមការងារសម្រេចបានលទ្ធផលល្អហួសពីការរំពឹងទុក ដោយដាំកូនឈើបានដល់ទៅជាង៣ម៉ឺន៥ពាន់ដើម។ ការនេះក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមានកិច្ចសហការល្អពីសំណាក់ប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗ ក្នុងការទទួលយកកូនឈើទៅដាំតាមដីដែលទំនេរ និងទីសាធារណៈផ្សេងៗ។

ទាក់ទងនឹងផ្ទៃដីដាំកូនឈើ លោក សាមៀន បញ្ជាក់ថា ការដាំដើមឈើគឺយើងដាំទៅការអង្កេតរកដីដែលទំនេរ។ យើងមានក្រុមមួយសម្រាប់អង្កេតផ្ទៃដីទំនេរ យើងមើលក្នុងផែនទីហើយ យើងចុះដល់មូលដ្ឋាន។ ការដាំមួយចំនួនទៀតគឺធ្វើឡើងតាមដងផ្លូវសាធារណៈ ដូចជាផ្លូវមិត្តភាពកម្ពុជា-កូរ៉េជាដើម ឆ្នាំនេះយើងដាំបានចំនួន៥ពាន់ដើម។ ក្រៅពីនេះ ដើមឈើមួយចំនួន ត្រូវបានព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានស្នើសុំទៅដាំតាមដីទំនេររបស់គាត់ និងទីសាធារណៈ ដូចជាវត្តអារាម សាលារៀន សាលាឃុំជាដើមផងដែរ។

ដោយឡែក ដើម្បីការពារគ្រោះថ្នាក់ដល់ប្រាសាទ និងភ្ញៀវទេសចរដែលមកទស្សនាក្នុងរមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០១៥នេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើក៏បានកាប់ដើមឈើដែលមានហានិភ័យខ្ពស់ ងាប់ និងដួលរលំចំនួន៣៥៦ដើម និងកាត់ក្រីមែកឈើបានចំនួន៣២៩ដើម។ ក្រៅពីនេះ អ្នកជំនាញក៏បានព្យាបាលជំងឺដើមឈើតាមប្រាសាទ និងវង់ទស្សនាក្នុងឧទ្យានអង្គរបានចំនួន៨៤១ដើមផងដែរ៕











ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
5396
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
25584
ខែនេះ
:
0343709
សរុប
:
013326023