ព័ត៌មានថ្មីៗ

វត្តកោះកែវបារាយណ៍រតន៍វត្តខា្នតរង្សី ចង់បានទំនៀមបុរាណ

បានផ្សាយនៅ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2015 10:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វត្តកោះកែវបារាយណ៍រតន៍វត្តខ្នាតរង្សី ស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និងជាវត្តស្ថិតនៅក្នុងតំបន់ត្រូវការពារ នៃរមណីយដ្ឋានអង្គរ។ វត្តនេះ ធ្លាប់បានបង្កើតតាំងពីជាងមួយរយឆ្នាំមុន តែត្រូវបាក់បែកខូចខាតក្នុងអំឡុងពេលសង្គ្រាម។ ក្រោយពេលដែលសង្គ្រាមបានបញ្ចប់ ទើបព្រះសង្ឃនិងពុទ្ធបរិស័ទ រួមគ្នារៀបចំវត្តនេះឡើងវិញ ហើយកសាងសំណង់ផ្សេងៗជាហូរហែ។

បច្ចុប្បន្ន វត្តនេះ មានព្រះសង្ឃគង់នៅ ចំនួន១៣អង្គ ភិក្ខុ៦អង្គ និងសាមណេរ៧អង្គ។ បើនិយាយពីកិច្ចប្រតិបត្តិប្រចាំថ្ងៃរបស់លោកវិញ មានចំណុចខ្លះៗ ស្ថិតនៅក្នុងលក្ខណៈបុរាណ ហើយនិងខ្លះទៀត មានលក្ខណៈស្របតាមសម័យកាលបច្ចុប្បន្ន។ ថ្វីត្បិតតែ វត្តនេះ មានទីតាំងស្ថិតនៅជាប់នឹងជាយខាងលិចក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦ក៏ដោយ តែព្រះសង្ឃវត្តនេះ នៅមានបំណងចង់ថែរក្សាទំនៀមទម្លាប់បែបបុរាណឲ្យបានគង់វង្សតទៅទៀត។ ចំណុចខ្លះៗដែលជាទំនៀមបែបបុរាណ គឺ ការចូលព្រះវិហារថ្វាយបង្គំ សូធ្យធម៌ រំឭកគុណព្រះរតនត្រ័យ។ ទំនៀមមួយនេះគឺ សាមណេរ ត្រូវសូធ្យធម៌ថ្វាយបង្គំព្រះរតនត្រ័យ នៅសាលាធម្ម ឬនៅក្នុងកុដិរបស់ខ្លួន។ រីឯភិក្ខុត្រូវចូលទៅថ្វាយបង្គំព្រះរតនត្រ័យក្នុងព្រះវិហារ រួចហើយត្រូវរៀបចំជើងពាន ដែលមានតម្កល់ទៀនធូបផ្កាភ្ញី យកមកអារាធនាលោកគ្រូចៅអធិការ និមន្តទៅថ្វាយបង្គំព្រះរតនត្រ័យក្នុងព្រះវិហារមួយអង្គឯង។

ម្យ៉ាងទៀត កិច្ចមួយពាក់ព័ន្ធនឹងវិន័យក្នុងព្រះសាសនាគឺ ការប្រជុំភិក្ខុសង្ឃរាល់កន្លះខែម្ដង ដើម្បីធ្វើការជម្រះមន្ទិលផ្សេងៗ ក៏ដូចជាការសម្ដែងអាបត្តិ និងការសម្ដែងភិក្ខុបាតិមោក្ខ។ វិន័យកម្មនេះ ត្រូវបានភិក្ខុគោរពតាមពុទ្ធប្បញ្ញត្តិ តាំងពីពុទ្ធសម័យ តែបច្ចុប្បន្ន ការគោរពប្រតិបត្តិកិច្ចមួយនេះ បានបាត់បង់ដោយច្រើន មាននៅសល់តាមកន្លែងមួយចំនួនប៉ុណ្ណោះ ព្រោះវិន័យកម្មនេះជាកិច្ចពិបាកនឹងធ្វើតាម និងពិបាកក្នុងការទន្ទេញឲ្យចាំផងដែរ។

ចំពោះការបំបួសកុលបុត្រវិញ ក៏មានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះសម័យបច្ចុប្បន្ន ជាសម័យកាលជឿនលឿន ស្រទាប់យុវវ័យនិយមចូលចិត្តភាពសប្បាយរីករាយ និងសេរីភាពរបស់ខ្លួន ដូច្នេះ ពិបាករកកុលបុត្រដែលមានសទ្ធាជ្រះថ្លាចង់បួសក្នុងព្រះពុទ្ធសាសនា។ តែបើបានជាបួសហើយ ក៏បួសមិនបានយូរដែរ គឺបួសបានត្រឹមតែមួយវស្សា ឬពីរវស្សាប៉ុណ្ណោះ ហើយក៏លាចាកសិក្ខាទៅជាគ្រហស្ថវិញ។

ព្រះតេជគុណ កើត កា គ្រូចៅអធិការវត្តនេះ មានបំណងចង់រក្សាទំនៀបែបមបុរាណឲ្យបានគង់វង្សដែរ តែលោកពិបាកនឹងធ្វើ ព្រោះកាលៈទេសៈមិនអំណោយផល ដល់ការអនុវត្ត។ លោកបានសំណូមពរឲ្យបងប្អួន យុវវ័យខ្មែរទាំងអស់ ប្រឹងប្រែងរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរ ឲ្យបានគង់វង្ស ត្រូវជៀសវាងការយកវប្បធម៌មិនល្អពីជាតិសាសន៍ដទៃ មកបញ្ចូលក្នុងសង្គមរបស់ខ្លួន ព្រោះជាហេតុធ្វើឲ្យបាត់តម្លៃនៃវប្បធម៌ខ្មែរ។








ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្ទើរគ្រប់ផ្ទះតែងនាំគ្នាដុតក្រឡាន វេចនំអន្សមផ្អាវ អន្សមក្បុង ដើម្បីយកទៅចូលរួមក្នុងពិធីប្លុងក្រឡាននាពេលយប់ នៅសាលាឆទានឬវត្តអារាម។
វត្តព្រះស្នេហាបរិច្ឆត្តព្រឹក្ស ហៅវត្តរលួស ស្ថិតនៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងជាវត្តដែលមានអាយុកាលយូរលង់ដែរហើយ។ ដោយការវិវត្តនៃសម័យកាល ធ្វើឲ្យព្រះវិហារដ៏ល្អមួយ មានភាពទ្រុឌទ្រោមដោយច្រើនអន្លើ តែពុំទាន់មានការជួសជុលកែលម្អឡើងវិញនៅឡើយ។ មិនត្រឹមតែព្រះវិហារដែលទ្រុឌទ្រោម និងប្រែប្រួលទៅតាមកាលវេលាប៉ុណ្ណោះទេ រីឯចំនួនព្រះសង្ឃ និងការសិក្សាសាលាពុទ្ធិកបឋមសិក្សាក្នុងវត្ត ក៏មានការប្រែប្រួលទៅតាមសម័យកាលផងដែរ ។
ការប្រារព្ធពិធីតាមជំនឿសាសនានៅពេលមានមនុស្សស្លាប់នៅតាមបណ្តាខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាតែងតែមានជាទូទៅ ប៉ុន្តែជំនឿក្នុងការយកធ្យូងមកគូសសញ្ញាជើងក្អែកនៅ លើចិញ្ចើមក្មេងនៅក្នុងភូមិ ពេលឃើញគេហែសពនិងបានឮដំណឹងថាមានអ្នកស្លាប់ ត្រូវបានប្រ ទះឃើញនៅក្នុងខេត្តសៀមរាបជាច្រើនកន្លែង តែទំនៀមនេះមានការថមថយបន្ដិចជាងសម័យមុន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2176
ម្សិលមិញ
:
3345
សប្តាហ៍នេះ
:
08060
ខែនេះ
:
0056533
សរុប
:
009429809