ព័ត៌មានថ្មីៗ

អ្នកគ្រប់គ្រងទឹកកំពុងបូមទឹកបញ្ចូលស្រះប្រុសហើយ បន្ទាប់ពីចំណាយពេលជិតកន្លះខែដើម្បីបំពេញស្រះស្រីកន្លងមក

បានផ្សាយនៅ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ2015 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្រះប្រុស ឬស្រះខាងត្បូងប្រាសាទអង្គរវត្ត ត្រូវបានក្រុមនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា កំពុងបូមទឹកបញ្ចូលហើយ កាលព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ក្រោយពីក្រុមការងារបានចំណាយពេលអស់ជិតកន្លះខែ ដើម្បីបំពេញស្រះស្រី ឬស្រះខាងជើងរួចមក។ ការបញ្ចូលទឹកស្រះប្រុសនេះ ក៏មិនខុសពីស្រះស្រីដែរ គឺនឹងត្រូវចំណាយពេលប្រហែលជាង១០ថ្ងៃទើបពេញបាន។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក លោក ភឿន សុឃីម បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះថា ដោយសារខែវស្សាកន្លងទៅនេះ មានបរិមាណទឹកភ្លៀងតិចតួច ធ្វើឲ្យស្រះទាំងពីរនៅមុខប្រាសាទអង្គរវត្តឆាប់រាក់លឿនជាងឆ្នាំមុនៗ។ ដូច្នេះ ក្រុមការងារបានរូតរះបូមទឹកបំពេញស្រះទាំងពីរនេះឡើងវិញ ដើម្បីកុំឲ្យរីងស្ងួតទាន់ និងដើម្បីរក្សាសោភណភាពដ៏ស្រស់ស្អាត បន្ថែមទៅលើសម្រស់ប្រាសាទអង្គរវត្ត។

លោក សុឃីម បន្ថែមថា ការបញ្ចូលទឹកស្រះទាំងពីរឆ្នាំនេះ ប្រើរយៈពេលយូរជាងឆ្នាំមុនៗ ដោយសារយើងបន្ថែមកម្ពស់ទឹកលើសមុន៣ទៅ៤តឹក ដើម្បីអាចរក្សាទឹកបានដល់ទៅខែ៦ ឬខែ៧ ដែលជាខែមានភ្លៀងធ្លាក់ឡើងវិញ។ មូលហេតុដែលយើងបញ្ចូលស្រះស្រីមុនស្រះប្រុស ក៏ដោយសារស្រះស្រីមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងស្រះប្រុស។ ភ្ញៀវទេសចរច្រើនកុះករជារៀងរាល់ថ្ងៃ តែងចូលមកថតរូបទុកជាអនុស្សាវរីយ៍ ភ្ជាប់ខ្លួនជាមួយទេសភាពស្រះស្រី ដែលមានរូបឆ្លុះប្រាសាទអង្គរវត្តកំពូលប្រាំផង។

ទាក់ទងនឹងការគ្រប់គ្រងទឹក អនុប្រធាននាយកដ្ឋានរូបនេះបញ្ជាក់ថា ដោយសារឆ្នាំនេះ ខ្សត់ទឹកភ្លៀង យើងបានត្បិតត្បៀតសន្សំសំចៃទឹកក្នុងកម្រិតខ្ពស់ ដោយប្រមូលទឹកពីប្រភពផ្សេងៗ មករក្សាទុក ដើម្បីទុកប្រើប្រាស់ផ្គត់ផ្គង់កសិណអង្គរ និងប្រព័ន្ធប្រឡាយទឹកសំខាន់ៗ សម្រាប់ការងារអភិរក្សបេតិកភណ្ឌ និងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ យ៉ាងនេះក្តី ក្រុមការងារនៅតែបំពេញស្រះស្រី និងស្រះប្រុសដូចសព្វដង ក្នុងន័យរក្សាសោភណភាព និងផ្តល់ភាពស្រស់ត្រកាលដល់ប្រាសាទអង្គរវត្តដដែល៕






នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាបត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹកទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើបពេញកសិណទាំងពីរ។ នេះជាការអះអាងរបស់លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3036
ម្សិលមិញ
:
9731
សប្តាហ៍នេះ
:
12767
ខែនេះ
:
0330892
សរុប
:
013313206