ព័ត៌មានថ្មីៗ

អ្នកគ្រប់គ្រងទឹកកំពុងបូមទឹកបញ្ចូលស្រះប្រុសហើយ បន្ទាប់ពីចំណាយពេលជិតកន្លះខែដើម្បីបំពេញស្រះស្រីកន្លងមក

បានផ្សាយនៅ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ2015 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្រះប្រុស ឬស្រះខាងត្បូងប្រាសាទអង្គរវត្ត ត្រូវបានក្រុមនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា កំពុងបូមទឹកបញ្ចូលហើយ កាលព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ក្រោយពីក្រុមការងារបានចំណាយពេលអស់ជិតកន្លះខែ ដើម្បីបំពេញស្រះស្រី ឬស្រះខាងជើងរួចមក។ ការបញ្ចូលទឹកស្រះប្រុសនេះ ក៏មិនខុសពីស្រះស្រីដែរ គឺនឹងត្រូវចំណាយពេលប្រហែលជាង១០ថ្ងៃទើបពេញបាន។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក លោក ភឿន សុឃីម បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះថា ដោយសារខែវស្សាកន្លងទៅនេះ មានបរិមាណទឹកភ្លៀងតិចតួច ធ្វើឲ្យស្រះទាំងពីរនៅមុខប្រាសាទអង្គរវត្តឆាប់រាក់លឿនជាងឆ្នាំមុនៗ។ ដូច្នេះ ក្រុមការងារបានរូតរះបូមទឹកបំពេញស្រះទាំងពីរនេះឡើងវិញ ដើម្បីកុំឲ្យរីងស្ងួតទាន់ និងដើម្បីរក្សាសោភណភាពដ៏ស្រស់ស្អាត បន្ថែមទៅលើសម្រស់ប្រាសាទអង្គរវត្ត។

លោក សុឃីម បន្ថែមថា ការបញ្ចូលទឹកស្រះទាំងពីរឆ្នាំនេះ ប្រើរយៈពេលយូរជាងឆ្នាំមុនៗ ដោយសារយើងបន្ថែមកម្ពស់ទឹកលើសមុន៣ទៅ៤តឹក ដើម្បីអាចរក្សាទឹកបានដល់ទៅខែ៦ ឬខែ៧ ដែលជាខែមានភ្លៀងធ្លាក់ឡើងវិញ។ មូលហេតុដែលយើងបញ្ចូលស្រះស្រីមុនស្រះប្រុស ក៏ដោយសារស្រះស្រីមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងស្រះប្រុស។ ភ្ញៀវទេសចរច្រើនកុះករជារៀងរាល់ថ្ងៃ តែងចូលមកថតរូបទុកជាអនុស្សាវរីយ៍ ភ្ជាប់ខ្លួនជាមួយទេសភាពស្រះស្រី ដែលមានរូបឆ្លុះប្រាសាទអង្គរវត្តកំពូលប្រាំផង។

ទាក់ទងនឹងការគ្រប់គ្រងទឹក អនុប្រធាននាយកដ្ឋានរូបនេះបញ្ជាក់ថា ដោយសារឆ្នាំនេះ ខ្សត់ទឹកភ្លៀង យើងបានត្បិតត្បៀតសន្សំសំចៃទឹកក្នុងកម្រិតខ្ពស់ ដោយប្រមូលទឹកពីប្រភពផ្សេងៗ មករក្សាទុក ដើម្បីទុកប្រើប្រាស់ផ្គត់ផ្គង់កសិណអង្គរ និងប្រព័ន្ធប្រឡាយទឹកសំខាន់ៗ សម្រាប់ការងារអភិរក្សបេតិកភណ្ឌ និងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ យ៉ាងនេះក្តី ក្រុមការងារនៅតែបំពេញស្រះស្រី និងស្រះប្រុសដូចសព្វដង ក្នុងន័យរក្សាសោភណភាព និងផ្តល់ភាពស្រស់ត្រកាលដល់ប្រាសាទអង្គរវត្តដដែល៕






ស្រះស្រង់ មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដោយមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បានធ្វើឱ្យទឹកក្នុងស្រះប្រុស ស្រះស្រីមុខអង្គរវត្តនារដូវប្រាំងស្រក ខ្វះ បាត់បង់ភាពស្រស់ស្អាត។ ដូច្នេះដើម្បីរក្សាទឹកឱ្យនៅមានដូចរដូវវស្សានិងធ្វើឱ្យស្រះមានសោភ័ណភាពស្រស់បំព្រងឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបូមទឹកពីកសិណមកបញ្ចូលស្រះទាំងពីរនេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
ប្រជាពលរដ្ឋប្រមាណ៦០រូប ដែលតំណាងឲ្យអ្នកស្រុកចំនួនបួនឃុំ នៅស្រុកពួក គឺឃុំសំរោងយារ ឃុំពួក ឃុំកែវព័ណ៌ និងឃុំខ្នាត បានជួបពិភាក្សាជាមួយមន្ត្រីជំនាញគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមក្នុងការខ្វះទឹកបង្កបង្កើនផល។
ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល២ថ្ងៃកន្លះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
8071
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
57822
ខែនេះ
:
0152501
សរុប
:
012921933