ព័ត៌មានថ្មីៗ

អ្នកគ្រប់គ្រងទឹកកំពុងបូមទឹកបញ្ចូលស្រះប្រុសហើយ បន្ទាប់ពីចំណាយពេលជិតកន្លះខែដើម្បីបំពេញស្រះស្រីកន្លងមក

បានផ្សាយនៅ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ2015 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្រះប្រុស ឬស្រះខាងត្បូងប្រាសាទអង្គរវត្ត ត្រូវបានក្រុមនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា កំពុងបូមទឹកបញ្ចូលហើយ កាលព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ក្រោយពីក្រុមការងារបានចំណាយពេលអស់ជិតកន្លះខែ ដើម្បីបំពេញស្រះស្រី ឬស្រះខាងជើងរួចមក។ ការបញ្ចូលទឹកស្រះប្រុសនេះ ក៏មិនខុសពីស្រះស្រីដែរ គឺនឹងត្រូវចំណាយពេលប្រហែលជាង១០ថ្ងៃទើបពេញបាន។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក លោក ភឿន សុឃីម បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះថា ដោយសារខែវស្សាកន្លងទៅនេះ មានបរិមាណទឹកភ្លៀងតិចតួច ធ្វើឲ្យស្រះទាំងពីរនៅមុខប្រាសាទអង្គរវត្តឆាប់រាក់លឿនជាងឆ្នាំមុនៗ។ ដូច្នេះ ក្រុមការងារបានរូតរះបូមទឹកបំពេញស្រះទាំងពីរនេះឡើងវិញ ដើម្បីកុំឲ្យរីងស្ងួតទាន់ និងដើម្បីរក្សាសោភណភាពដ៏ស្រស់ស្អាត បន្ថែមទៅលើសម្រស់ប្រាសាទអង្គរវត្ត។

លោក សុឃីម បន្ថែមថា ការបញ្ចូលទឹកស្រះទាំងពីរឆ្នាំនេះ ប្រើរយៈពេលយូរជាងឆ្នាំមុនៗ ដោយសារយើងបន្ថែមកម្ពស់ទឹកលើសមុន៣ទៅ៤តឹក ដើម្បីអាចរក្សាទឹកបានដល់ទៅខែ៦ ឬខែ៧ ដែលជាខែមានភ្លៀងធ្លាក់ឡើងវិញ។ មូលហេតុដែលយើងបញ្ចូលស្រះស្រីមុនស្រះប្រុស ក៏ដោយសារស្រះស្រីមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងស្រះប្រុស។ ភ្ញៀវទេសចរច្រើនកុះករជារៀងរាល់ថ្ងៃ តែងចូលមកថតរូបទុកជាអនុស្សាវរីយ៍ ភ្ជាប់ខ្លួនជាមួយទេសភាពស្រះស្រី ដែលមានរូបឆ្លុះប្រាសាទអង្គរវត្តកំពូលប្រាំផង។

ទាក់ទងនឹងការគ្រប់គ្រងទឹក អនុប្រធាននាយកដ្ឋានរូបនេះបញ្ជាក់ថា ដោយសារឆ្នាំនេះ ខ្សត់ទឹកភ្លៀង យើងបានត្បិតត្បៀតសន្សំសំចៃទឹកក្នុងកម្រិតខ្ពស់ ដោយប្រមូលទឹកពីប្រភពផ្សេងៗ មករក្សាទុក ដើម្បីទុកប្រើប្រាស់ផ្គត់ផ្គង់កសិណអង្គរ និងប្រព័ន្ធប្រឡាយទឹកសំខាន់ៗ សម្រាប់ការងារអភិរក្សបេតិកភណ្ឌ និងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ យ៉ាងនេះក្តី ក្រុមការងារនៅតែបំពេញស្រះស្រី និងស្រះប្រុសដូចសព្វដង ក្នុងន័យរក្សាសោភណភាព និងផ្តល់ភាពស្រស់ត្រកាលដល់ប្រាសាទអង្គរវត្តដដែល៕






ស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើបទបង្ហាញស្តីពីការធ្វើវិសោធនកម្មនៃមាត្រាមួយចំនួន នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានស្តង់ដារអន្តរជាតិISO14001 ដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដើម្បីត្រៀមខ្លួនសម្របទៅតាមស្តង់ដារថ្មីនេះ។
រមណីយដ្ឋានកោះកេរដែលលាតសន្ធឹងលើផ្ទៃដី ៨១គីឡូម៉ែត្រក្រឡា មានប្រាសាទ និងបុរាណដ្ឋានជាច្រើន ព្រមទាំងហ៊ុមព័ទ្ធដោយព្រៃល្បោះជុំវិញ គួរជាទីគយគន់ពន់ពេក។ សព្វថ្ងៃអ្នកអភិរក្សកំពុងញាប់ដៃញាប់ជើង រិះរកវិធីសាស្ត្រថែរក្សាព្រៃនេះឲ្យបានគង់វង្ស ដោយសារព្រៃនេះនៅមានឈើប្រណីតល្អៗច្រើន ដែលពួកជនទុច្ចរិតមួយចំនួនកំពុងផ្តោតទិសដៅតម្រង់។
នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រាសាទ ព្រៃឈើ និងសហគមន៍មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ជាក់ស្តែង កិច្ចប្រជុំ ICC-Angkor ក៏បានសម្រេចផងដែរថា នៅក្នុងឧទ្យានអង្គរមានធាតុសំខាន់បំផុត ចំនួន០៣ គឺប្រាសាទតំណាងឱ្យ (វប្បធម៌) ធម្មជាតិ (ដើមឈើ សត្វព្រៃ ទឹក។ល។) និងសហគមន៍ (ប្រជាជន ទំនៀមទម្លាប់ ប្រពៃណី) ដែលអាជ្ញាធរជាតិអប្សរាត្រូវយកចិត្តទុកដាក់ឲ្យខ្លាំង។
នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០១៥នេះ ដាំកូនឈើបានចំនួន ៣៥ ៨១៤ ដើម លើសផែនការប្រចាំឆ្នាំជាង១ម៉ឺនដើម។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៥ របស់នាយកដ្ឋាន ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
បរិស្ថានគឺជាផ្នែកដ៏សំខាន់មួយក្នុងការទាក់ទាញចំណាប់អារម្មណ៍ទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរ ហើយក៏ជាផ្នែកមួយដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ ទាំងការគ្រប់គ្រង ផ្តល់ចំណេះដឹង និងធ្វើជាគំរូដល់សហគមន៍ផងដែរ។ ជាក់ស្តែងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាទទួលបន្ទុកអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងារជាង២០០នាក់ បានចូលរួមសម្អាតបរិស្ថាន នៅ មុខប្រាសាទព្រះគោក្នុងឧទ្យានរលួស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1614
ម្សិលមិញ
:
14672
សប្តាហ៍នេះ
:
60987
ខែនេះ
:
0001614
សរុប
:
012983928