ព័ត៌មានថ្មីៗ

អ្នកគ្រប់គ្រងទឹកកំពុងបូមទឹកបញ្ចូលស្រះប្រុសហើយ បន្ទាប់ពីចំណាយពេលជិតកន្លះខែដើម្បីបំពេញស្រះស្រីកន្លងមក

បានផ្សាយនៅ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ2015 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្រះប្រុស ឬស្រះខាងត្បូងប្រាសាទអង្គរវត្ត ត្រូវបានក្រុមនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា កំពុងបូមទឹកបញ្ចូលហើយ កាលព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ក្រោយពីក្រុមការងារបានចំណាយពេលអស់ជិតកន្លះខែ ដើម្បីបំពេញស្រះស្រី ឬស្រះខាងជើងរួចមក។ ការបញ្ចូលទឹកស្រះប្រុសនេះ ក៏មិនខុសពីស្រះស្រីដែរ គឺនឹងត្រូវចំណាយពេលប្រហែលជាង១០ថ្ងៃទើបពេញបាន។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក លោក ភឿន សុឃីម បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះថា ដោយសារខែវស្សាកន្លងទៅនេះ មានបរិមាណទឹកភ្លៀងតិចតួច ធ្វើឲ្យស្រះទាំងពីរនៅមុខប្រាសាទអង្គរវត្តឆាប់រាក់លឿនជាងឆ្នាំមុនៗ។ ដូច្នេះ ក្រុមការងារបានរូតរះបូមទឹកបំពេញស្រះទាំងពីរនេះឡើងវិញ ដើម្បីកុំឲ្យរីងស្ងួតទាន់ និងដើម្បីរក្សាសោភណភាពដ៏ស្រស់ស្អាត បន្ថែមទៅលើសម្រស់ប្រាសាទអង្គរវត្ត។

លោក សុឃីម បន្ថែមថា ការបញ្ចូលទឹកស្រះទាំងពីរឆ្នាំនេះ ប្រើរយៈពេលយូរជាងឆ្នាំមុនៗ ដោយសារយើងបន្ថែមកម្ពស់ទឹកលើសមុន៣ទៅ៤តឹក ដើម្បីអាចរក្សាទឹកបានដល់ទៅខែ៦ ឬខែ៧ ដែលជាខែមានភ្លៀងធ្លាក់ឡើងវិញ។ មូលហេតុដែលយើងបញ្ចូលស្រះស្រីមុនស្រះប្រុស ក៏ដោយសារស្រះស្រីមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងស្រះប្រុស។ ភ្ញៀវទេសចរច្រើនកុះករជារៀងរាល់ថ្ងៃ តែងចូលមកថតរូបទុកជាអនុស្សាវរីយ៍ ភ្ជាប់ខ្លួនជាមួយទេសភាពស្រះស្រី ដែលមានរូបឆ្លុះប្រាសាទអង្គរវត្តកំពូលប្រាំផង។

ទាក់ទងនឹងការគ្រប់គ្រងទឹក អនុប្រធាននាយកដ្ឋានរូបនេះបញ្ជាក់ថា ដោយសារឆ្នាំនេះ ខ្សត់ទឹកភ្លៀង យើងបានត្បិតត្បៀតសន្សំសំចៃទឹកក្នុងកម្រិតខ្ពស់ ដោយប្រមូលទឹកពីប្រភពផ្សេងៗ មករក្សាទុក ដើម្បីទុកប្រើប្រាស់ផ្គត់ផ្គង់កសិណអង្គរ និងប្រព័ន្ធប្រឡាយទឹកសំខាន់ៗ សម្រាប់ការងារអភិរក្សបេតិកភណ្ឌ និងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ យ៉ាងនេះក្តី ក្រុមការងារនៅតែបំពេញស្រះស្រី និងស្រះប្រុសដូចសព្វដង ក្នុងន័យរក្សាសោភណភាព និងផ្តល់ភាពស្រស់ត្រកាលដល់ប្រាសាទអង្គរវត្តដដែល៕






គណៈកម្មការចម្រុះដែលត្រូវបានបង្កើតឡើងរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារកាលពីដើមឆ្នាំ២០១៦ ឥឡូវនេះត្រូវបានបែងចែកជាក្រុមតូចៗចំនួន៣ ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ។ ថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ សេចក្តីប្រកាសពីសមាសភាពក្រុម និងភារកិច្ច ត្រូវបានធ្វើឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជា្ញធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះនេះ។
និស្សិតវិស្វករឆ្នាំទី៥នៃមហាវិទ្យាល័យទេពកោសល្យជនបទរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានចុះមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រព័ន្ធផ្លូវទឹក ពីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦។
អាជ្ញាធរជាតិអប្សរា បានបង្កើតនូវស្ថានីយសាកអាគុយចំនួនបីកន្លែងក្នុងតំបន់អង្គរ ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(បន្ទះសូឡា) ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរហៅកាត់ថា ACHA ដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសញូវហ្ស៊ីឡែន ដើម្បីចូលរួមចំណែកជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ។
គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ បានលេចចេញរូបរាងជាផ្លូវការហើយ។ ពិធីប្រកាស សមាសភាពគណៈកម្មការថ្មី នេះ ត្រូវបានរៀបចំឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ សមាសភាពនៃគណៈកម្មការចម្រុះនេះ មានឯកឧត្តម ឈរ ថាណាត អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាជាប្រធាន អមដោយអនុប្រធាន៥រូប ដែលមានអភិបាលរងខេត្តព្រះវិហារ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្នងការនគរបាលខេត្តព្រះវិហារ ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា អភិបាលស្រុកគូលែន រួមនឹងសមាជិកទាំងអស់ជាង១០រូបទៀត។
ចាប់ពីឆ្នាំ២០១៣មក មានមន្ត្រី និងបុគ្គលិកបច្ចេកទេសជាង១០នាក់ហើយ ដែលត្រូវបានបណ្តុះបណ្តាលសមត្ថភាព ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាអវកាស (Remote Sensing) ក្នុងការងារអភិរក្សរមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1349
ម្សិលមិញ
:
8347
សប្តាហ៍នេះ
:
29984
ខែនេះ
:
0183493
សរុប
:
012952925