ព័ត៌មានថ្មីៗ

អ្នកគ្រប់គ្រងទឹកកំពុងបូមទឹកបញ្ចូលស្រះប្រុសហើយ បន្ទាប់ពីចំណាយពេលជិតកន្លះខែដើម្បីបំពេញស្រះស្រីកន្លងមក

បានផ្សាយនៅ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ2015 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្រះប្រុស ឬស្រះខាងត្បូងប្រាសាទអង្គរវត្ត ត្រូវបានក្រុមនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា កំពុងបូមទឹកបញ្ចូលហើយ កាលព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ក្រោយពីក្រុមការងារបានចំណាយពេលអស់ជិតកន្លះខែ ដើម្បីបំពេញស្រះស្រី ឬស្រះខាងជើងរួចមក។ ការបញ្ចូលទឹកស្រះប្រុសនេះ ក៏មិនខុសពីស្រះស្រីដែរ គឺនឹងត្រូវចំណាយពេលប្រហែលជាង១០ថ្ងៃទើបពេញបាន។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក លោក ភឿន សុឃីម បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះថា ដោយសារខែវស្សាកន្លងទៅនេះ មានបរិមាណទឹកភ្លៀងតិចតួច ធ្វើឲ្យស្រះទាំងពីរនៅមុខប្រាសាទអង្គរវត្តឆាប់រាក់លឿនជាងឆ្នាំមុនៗ។ ដូច្នេះ ក្រុមការងារបានរូតរះបូមទឹកបំពេញស្រះទាំងពីរនេះឡើងវិញ ដើម្បីកុំឲ្យរីងស្ងួតទាន់ និងដើម្បីរក្សាសោភណភាពដ៏ស្រស់ស្អាត បន្ថែមទៅលើសម្រស់ប្រាសាទអង្គរវត្ត។

លោក សុឃីម បន្ថែមថា ការបញ្ចូលទឹកស្រះទាំងពីរឆ្នាំនេះ ប្រើរយៈពេលយូរជាងឆ្នាំមុនៗ ដោយសារយើងបន្ថែមកម្ពស់ទឹកលើសមុន៣ទៅ៤តឹក ដើម្បីអាចរក្សាទឹកបានដល់ទៅខែ៦ ឬខែ៧ ដែលជាខែមានភ្លៀងធ្លាក់ឡើងវិញ។ មូលហេតុដែលយើងបញ្ចូលស្រះស្រីមុនស្រះប្រុស ក៏ដោយសារស្រះស្រីមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងស្រះប្រុស។ ភ្ញៀវទេសចរច្រើនកុះករជារៀងរាល់ថ្ងៃ តែងចូលមកថតរូបទុកជាអនុស្សាវរីយ៍ ភ្ជាប់ខ្លួនជាមួយទេសភាពស្រះស្រី ដែលមានរូបឆ្លុះប្រាសាទអង្គរវត្តកំពូលប្រាំផង។

ទាក់ទងនឹងការគ្រប់គ្រងទឹក អនុប្រធាននាយកដ្ឋានរូបនេះបញ្ជាក់ថា ដោយសារឆ្នាំនេះ ខ្សត់ទឹកភ្លៀង យើងបានត្បិតត្បៀតសន្សំសំចៃទឹកក្នុងកម្រិតខ្ពស់ ដោយប្រមូលទឹកពីប្រភពផ្សេងៗ មករក្សាទុក ដើម្បីទុកប្រើប្រាស់ផ្គត់ផ្គង់កសិណអង្គរ និងប្រព័ន្ធប្រឡាយទឹកសំខាន់ៗ សម្រាប់ការងារអភិរក្សបេតិកភណ្ឌ និងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ យ៉ាងនេះក្តី ក្រុមការងារនៅតែបំពេញស្រះស្រី និងស្រះប្រុសដូចសព្វដង ក្នុងន័យរក្សាសោភណភាព និងផ្តល់ភាពស្រស់ត្រកាលដល់ប្រាសាទអង្គរវត្តដដែល៕






ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
5037
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
25225
ខែនេះ
:
0343350
សរុប
:
013325664