ព័ត៌មានថ្មីៗ

ទំនាក់ទំនងរវាងកំណាយបុរាណវិទ្យា និងការជួសជុលប្រាសាទ

បានផ្សាយនៅ ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ2015 03:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការជួសជុលប្រាសាទ ឬបុរាណដ្ឋាននានា ជាពិសេសក្នុងរមណីយដ្ឋានអង្គរ យើងតែងឃើញការងារមួយដែលអ្នកជំនាញធ្វើ មុននឹងឈានដល់ការជួសជុលនោះគឺ ការធ្វើកំណាយបុរាណវិទ្យា។ កំណាយបុរាណវិទ្យា គឺជាការជីកកកាយបែបវិទ្យាសាស្ត្រ ដែលធ្វើឡើងយ៉ាងម៉ត់ចត់ និងមានវិធីសាស្ត្រត្រឹមត្រូវ។

តើការជួសជុលប្រាសាទ និងការធ្វើកំណាយបុរាណវិទ្យាមានទំនាក់ទំនងគ្នាយ៉ាងណាខ្លះ?

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក ស្រ៊ុន តិច ដែលកំពុងធ្វើកំណាយបុរាណវិទ្យា នៅប្រាសាទគោកចក បានពន្យល់ថា ការធ្វើកំណាយបុរាណវិទ្យា ជាការស្រាវជ្រាវមួយដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិរក្សបេតិកភណ្ឌ គឺបន្សល់ទុកទាំងបេតិកភណ្ឌ និងឯកសារដែលពាក់ព័ន្ធនឹងបេតិកភណ្ឌនោះ។

ការធ្វើកំណាយបុរាណវិទ្យាក្នុងពេលជួសជុលប្រាសាទ ឬបុរាណដ្ឋាននានានោះ គោលដៅសំខាន់គឺដើម្បីធ្វើសម្រង់ប្លង់ ចងក្រងឯកសារមុននឹងឈានដល់ការជួសជុល។ មានន័យថា អ្នកជួសជុលត្រូវដឹងនូវរចនាសម្ព័ន្ធប្រាសាទ ដឹងនូវមូលហេតុដែលប្រាសាទដួលរលំ ឬមានបញ្ហា ប្រវត្តិនៃការជួសជុលកន្លងមក និងចងក្រងឯកសារមុនពេលជួសជុល និងដំណាក់កាលជួសជុល រហូតដល់បញ្ចប់ជាស្ថាពរ។ ការមិនធ្វើកំណាយដើម្បីចងក្រងឯកសារ ហើយជួសជុលតែម្តង ឈ្មោះថា បំផ្លាញនូវស្លាកស្នាមចាស់ ឬរូបភាពដើមនៃប្រាសាទ ឬបុរាណដ្ឋាននានា។

លោកពន្យល់ថា កំណាយបុរាណវិទ្យាមានបីប្រភេទគឺ កំណាយស្រាវជ្រាវ កំណាយ សង្រ្គោះឬការពារ និងកំណាយដើម្បីការងារអភិរក្សជួសជុល។ លោក ស្រ៊ុន តិច ពន្យល់ថា កំណាយដើម្បីស្រាវជ្រាវចងក្រងជាឯកសារ ដូចជាការស្វែងរកឡបុរាណ ផ្លូវបុរាណជាដើម ហៅថា កំណាយស្រាវជ្រាវ។ ចំណែកកំណាយដែលអ្នកជំនាញធ្វើឡើង ដើម្បីសង្គ្រោះ ឬបង្ការការខូចខាតដល់បេតិកភណ្ឌ ដូចករណីធ្វើផ្លូវ ឬធ្វើចំណតយានយន្ត ក្នុងរមណីយដ្ឋានអង្គរជាដើម បើឃើញថា មានស្លាកស្នាមសំណល់បុរាណ អ្នកជំនាញនឹងណែនាំឲ្យជ្រើសរើសកន្លែងផ្សេង បើឃើញគ្មានទេ ទើបអាចធ្វើបាន ជាដើម ហៅថា កំណាយសង្គ្រោះ ឬកំណាយការពារ។

ចំពោះករណីទី៣ គឺជាកំណាយដែលធ្វើឡើង ក្នុងគោលដៅអភិរក្សជួសជុល។ ជាក់ស្តែង កំណាយបុរាណវិទ្យាដែលកំពុងធ្វើនៅប្រាសាទគោកចកនេះ ហៅថា កំណាយបុរាណវិទ្យាសម្រាប់ជួសជុល។ កំណាយនេះ យើងធ្វើឡើងដើម្បីដឹងថា ស្ថានភាពគ្រឹះរបស់ប្រាសាទហ្នឹងវាយ៉ាងណា? ហេតុអ្វីទើបប្រាសាទនេះខូចខាត?

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាមួយរូបទៀត លោក អ៊ឹម សុខរិទ្ធី បានពន្យល់ខ្លឹមសារដូចគ្នានឹងករណីខាងលើដែរ។ ទោះជាយ៉ាងណា លោ កអ៊ឹម សុខរិទ្ធី យល់ថា ការជួសជុលប្រាសាទទាំងអស់មិនមែនសុទ្ធតែត្រូវធ្វើកំណាយនោះទេ គឺវាអាស្រ័យលើទំហំនៃការជួសជុលនោះផងដែរ។ បើការជួសជុលដែលមានទ្រង់ទ្រាយធំ ហើយពាក់ព័ន្ធនឹងខឿន ឬគ្រឹះប្រាសាទ ការធ្វើកំណាយ ក៏រឹងរឹតតែចាំបាច់ណាស់ទៅទៀត៕








ភ្នំគូលែន គឺរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ទេសចរជាតិនិងអន្តរជាតិ។ ទន្ទឹមនឹងនេះ ដើម្បីបញ្ជៀសនូវផល ប៉ះពាល់ជាអតិបរមា អាជ្ញាធរជាតិអប្សរាបានខិតខំយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះការអភិរក្សប្រាសាទនិងបុរាណនានាដែលមាននៅលើរមណីយដ្ឋានភ្នំគូលែននេះ ធ្វើយ៉ាងណាឲ្យការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំសម្រង់ប្លង់ប្រាសាទតានៃតាមរយៈរូបថត3D ដើម្បីបម្រើដល់ការងារអភិរក្ស ជួសជុល និងលើកតម្លៃប្រាសាទតានៃទាំងមូលក្នុងពេលអនាគត។ នេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានស្រាវជ្រាវជាតិសម្រាប់ការងារអភិរក្សវប្បធម៌នៃសាកលវិទ្យាល័យតូក្យូ (NRICPT)។
បន្តោងសេរ៉ូមឲ្យថ្ម
( ថ្ងៃទី 16 ខែ តុលា ឆ្នាំ2015 )
ថ្មដែលមានអាយុកាលយូរ ដូចជាថ្មប្រាសាទជាដើម មានភាពពុកផុយ ត្រូវការការព្យាបាលដើម្បីពង្រឹងសាច់ថ្មឡើងវិញ ប្រៀបដូចជាមនុស្សឈឺ អស់កម្លាំង ឬមនុស្សចាស់មានកម្លាំងខ្សោយត្រូវការថ្នាំជំនួយកម្លាំងដូច្នោះដែរ។ នេះជាការលើកឡើងរបស់លោក ឡុង ណារី ប្រធានក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងឱកាសដែលលោក និងក្រុមការងារកំពុងតែបាញ់ថ្នាំតាមបំពង់សេរ៉ូមចូលទៅក្នុងសាច់ថ្មបង្កាន់ដៃនាគ ដែលលោកកំពុងជួសជុលនៅប្រាសាទបន្ទាយសំរែ។
ពុទ្ធបាទទម្ងន់ប្រហែលជាង២តោន មានទីតាំងដើមនៅរួតព្រះពាន់ប្រាសាទអង្គរវត្ត ដែលរងការបាក់បែកជា៦៤បំណែក តម្កល់ទុកនៅអភិរក្សដ្ឋានអង្គរតាំងពីឆ្នាំ១៩៨៥ ត្រូវបានក្រុមជំនាញជួសជុលចម្លាក់សិល្បៈ របស់អាជ្ញាធរជាតិអប្សរា ដែលបណ្តុះបណ្តាលដោយសាកលវិទ្យាល័យ Palermo ប្រទេសអ៊ីតាលី ធ្វើការជួសជុលផ្គុំឡើងវិញ តាមទម្រង់ដើម ដើម្បីតម្កល់ទុកជាមរកបេតិកភណ្ឌរបស់ជាតិ។
ក្រុមជំនាញអភិរក្សបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ដែលបានបណ្តុះបណ្តាលដោយសាកលវិទ្យាល័យ Palermo ប្រទេសអ៊ីតាលី កំពុងបំពេញការងារជួសជុល និងការងារអភិរក្សចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត។ ក្រុមនេះបានជួសជុលចម្រឹងបង្អួចចំនួន២ស៊ុម ជិតរួចរាល់ហើយ ក្រោយចំណាយពេលជាង៦ខែមក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0365
ម្សិលមិញ
:
3709
សប្តាហ៍នេះ
:
09929
ខែនេះ
:
0037385
សរុប
:
009410661