ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាននៅតំបន់ រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ2015 03:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បរិស្ថានគឺជាផ្នែកដ៏សំខាន់មួយក្នុងការទាក់ទាញចំណាប់អារម្មណ៍ទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរ ហើយក៏ជាផ្នែកមួយដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ ទាំងការគ្រប់គ្រង ផ្តល់ចំណេះដឹង និងធ្វើជាគំរូដល់សហគមន៍ផងដែរ។ ជាក់ស្តែងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាទទួលបន្ទុកអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងារជាង២០០នាក់ បានចូលរួមសម្អាតបរិស្ថាន នៅ មុខប្រាសាទព្រះគោក្នុងឧទ្យានរលួស។

លោក កើត វិទ្យា អនុប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានរៀបចំកម្មវិធីបរិស្ថានស្អាត រមណីយដ្ឋានស្អាត គឺផ្តើមពីយើងទាំងអស់គ្នានេះ ០៩លើករួចមកហើយនៅឧទ្យានកណ្តាលនៃរមណីយដ្ឋានអង្គរ ចាប់ពីអង្គរទទួលបានវិញ្ញាបនបត្រ ISO 140001 នាឆ្នាំ២០០៦ តែដោយឡែកឆ្នាំនេះប្តូរគោលដៅមកធ្វើនៅឧទ្យានរលួសវិញម្តង។

លោកបន្តថា កម្មវិធីនេះជាការរួមចំណែកមួយក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប និងទប់ស្កាត់បម្រែបម្រួលនៃអាកាសធាតុផងដែរ ដែលអាជ្ញាធរជាតិអប្សរា មានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានជាអ្នកទទួលខុសត្រូវនិងយកចិត្តទុកដាក់លើបញ្ហាបរិស្ថានទាំងនេះ។

បន្ថែមពីនោះ ក្នុងឆ្នាំ២០១៥នេះអាជ្ញាធរជាតិអប្សរាមានកម្មវិធីបរិស្ថានចំនួន៦២ដែលត្រូវអនុវត្តឱ្យស្របតាមស្តង់ដារអន្តរជាតិ រួមមានការបង្ក្រាបបទល្មើសបរិស្ថាន ព្រៃឈើ ការត្រួតពិនិត្យគុណភាពទឹក ខ្យល់ ទប់ស្កាត់សំណង់ខុសច្បាប់ ពិសេសការគ្រប់គ្រងសំណល់រឹង រាវ ផ្លាស្ទិក ។ល។

ឯកឧត្តម សុខ លក្ខិណា ក៏បានគូសបញ្ញាក់ដែរអំពីការធ្វើឱ្យបរិស្ថានស្អាតនៅក្នុង រមណីយដ្ឋានអង្គរទាំងមូលថា ការសម្អាតបរិស្ថានឱ្យស្អាតមិនអាចធ្វើម្នាក់ឯងបានទេ គឺត្រូវចាប់ផ្តើមពីយើងទាំងអស់គ្នា។ បរិស្ថានពាក់ព័ន្ធខ្លាំងណាស់ទៅនឹងសុខុមាលភាពប្រជាជននិងបម្រែបម្រួលអាកាសធាតុដែលពិភពលោកកំពុងចាប់អាម្មណ៍ ហើយការប្រារព្ធពិធីសម្អាតបរិស្ថានថ្ងៃនេះ ជាសារមួយពញ្ញាក់ស្មារតីដល់យើងគ្រប់គ្នានិងជាទម្លាប់ដែលអាជ្ញាធរជាតិអប្សរាតែងតែធ្វើផងដែរ។

ឯកឧត្តមក៏បានសំណូមពរ សូមឱ្យបងប្អូនអ្នកស្រុក អ្នកលក់ដូរ មគ្គុទ្ទេសក៍ទេចរ ទេសចរជាតិអន្តរជាតិទាំងអស់ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពិសេសគឺគោរពតាមក្រមប្រតិបត្តិអង្គរដែលបានដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងមកនេះឱ្យបានខ្ជាប់ខ្ជួន៕












ស្រះស្រង់ មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដោយមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បានធ្វើឱ្យទឹកក្នុងស្រះប្រុស ស្រះស្រីមុខអង្គរវត្តនារដូវប្រាំងស្រក ខ្វះ បាត់បង់ភាពស្រស់ស្អាត។ ដូច្នេះដើម្បីរក្សាទឹកឱ្យនៅមានដូចរដូវវស្សានិងធ្វើឱ្យស្រះមានសោភ័ណភាពស្រស់បំព្រងឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបូមទឹកពីកសិណមកបញ្ចូលស្រះទាំងពីរនេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
ប្រជាពលរដ្ឋប្រមាណ៦០រូប ដែលតំណាងឲ្យអ្នកស្រុកចំនួនបួនឃុំ នៅស្រុកពួក គឺឃុំសំរោងយារ ឃុំពួក ឃុំកែវព័ណ៌ និងឃុំខ្នាត បានជួបពិភាក្សាជាមួយមន្ត្រីជំនាញគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមក្នុងការខ្វះទឹកបង្កបង្កើនផល។
ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល២ថ្ងៃកន្លះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
0730
ម្សិលមិញ
:
8347
សប្តាហ៍នេះ
:
29365
ខែនេះ
:
0182874
សរុប
:
012952306