ព័ត៌មានថ្មីៗ

អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងធ្វើកំណាយស្រាវជ្រាវ និងជួសជុលប្រាសាទគោកចក

បានផ្សាយនៅ ថ្ងៃទី 28 ខែ ធ្នូ ឆ្នាំ2015 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងជួសជុល ពង្រឹងឡើងវិញ។ ការងារនេះចំណាយពេលជាង១ឆ្នាំមកហើយ ដោយចាប់ផ្តើមពីឆ្នាំ២០១៤មក។ 

អ្នកស្រី នេត ស៊ីមន មន្ត្រីផ្នែកបុរាណវិទ្យាបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះថា ប្រាសាទគោកចកជាសំណង់ធ្វើពីឥដ្ឋ ដែលសាងឡើងក្នុងសតវត្សទី៩ ក្នុងរាជ្យព្រះបាទជ័យរ្ម័នទី៣។ អ្នកស្រាវជ្រាវជនជាតិបារាំង លោក ហង់រី ម៉ាហ្សាល ធ្លាប់មក និងបានកត់ត្រាពីការប្រទះឃើញប្រាសាទគោកចកនេះ ក្នុងឆ្នាំ១៩១៩ ហើយសាលាបារាំងចុងបូព៌ា បានចាប់ផ្តើម សម្អាតព្រៃ និងកាយដីដែលគរក្បែរប្រាសាទ ចេញជារូបរាងប្រាសាទច្បាស់ឡើងវិញនៅឆ្នាំ១៩៥១។ អ្នកជំនាញបុរាណវិទ្យា ដែលកំពុងដឹកនាំធ្វើកំណាយនៅប្រាសាទនេះ គឺលោក ស្រ៊ុន តិច។ លោករៀបរាប់ថា តាមរយៈកំណាយនេះយើងសង្កេតឃើញថា ការខូចខាតនៃប្រាសាទគោកចកនេះ អាចបណ្តាលមកពីមូលហេតុពីរយ៉ាងគឺ ដោយសារបញ្ហាខឿន និងដើមឈើដុះពីលើ។ “ការទ្រុឌទ្រោមប្រាសាទនេះមានបញ្ហាពីរដែលបណ្តាលឲ្យខូចខាត។ ទី១គឺបរិយាកាស ដែលមានព្រៃហ្នឹងឯង។ ទី២ដែលមានបញ្ហាហែកញែក(ជញ្ជាំងប្រាសាទ)ហ្នឹង គឺបណ្តាលមកពីខឿនប្រាសាទហ្នឹងផ្ទាល់។ ប្រាសាទនេះគឺថា គាត់រៀបខឿនពីឥដ្ឋ រួចបានរៀបថ្មបាយក្រៀមហើយទើបដាក់ឥដ្ឋមួយជាន់ទៀត។ ចឹងថ្មបាយក្រៀម និងឥដ្ឋហ្នឹងវាអត់មានកម្លាំងខាំភ្ជាប់គ្នាខ្លាំង ដូចជាថ្មបាយក្រៀម និងថ្មបាយក្រៀមទេ។ ជាទូទៅ ក្នុងតំបន់អង្គរ ខឿនគេច្រើនរៀបថ្មពីបាយក្រៀម ព័ទ្ធដោយថ្មភក់។ ចឹងប្រាសាទហ្នឹងដែលជួបបញ្ហាញែកហែកខឿន ដោយសារបញ្ហាខឿនហ្នឹងផ្ទាល់"។

អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក តាន់ សុផល ដែលទទួលបន្ទុកមើលការងារជួសជុលប្រាសាទគោកចកនេះ បានបញ្ជាក់ថា ក្រុមការងារបានចាប់ផ្តើមជួសជុលប្រាសាទនេះជាងមួយឆ្នាំហើយ ដោយចាប់ផ្តើមពីឆ្នាំ២០១៤មក។ “យើងនៅសល់២ដំណាក់កាល ដែលនឹងត្រូវចំណាយពេលប្រហែល២ឆ្នាំទៀតទើបរួចរាល់។ ការងារនេះយើងធ្វើតាមរបៀបជួសជុលបុរាណ ដែលមានលំនាំដូចគ្នានឹងការជួសជុលប្រាសាទឥដ្ឋផ្សេងៗទៀត ដូចជាប្រាសាទព្រះគោ និងប្រាសាទលលៃដែរ។ យើងប្រើធាតុផ្សំបុរាណ មិនប្រើស៊ីម៉ង់តិ៍ទេ គឺយើងផ្សំបាយអពីកំទេចឥដ្ឋ ខ្សាច់ កំបោរលៀស កាវស្បែកគោ ស្ករត្នោត និងទឹក"

លោក សុផល បញ្ជាក់ថា បើទោះជាយើងបញ្ចប់ក្នុងរយៈពេល២ឆ្នាំទៀតក្តី ក៏មិនមែនមានន័យថា ប្រាសាទនេះនឹងមានរូបរាងដើមទាំងស្រុង មានកំពូល និងជញ្ជាំងគ្រប់កន្លែងដូចទើបសាងសង់ហើយនោះទេ។ “ការជួសជុលរបស់យើង គឺជួសជុលដោយរក្សាទម្រង់ដើម ទប់ស្កាត់ការខូចខាតជាបន្តទៀត។ យើងប្រើឥដ្ឋចាស់ៗ ដែលអាចស្វែងរកមកបាន និងបន្ថែមឥដ្ឋថ្មីបន្តិចបន្តួច ត្រង់ចំណុចដែលខានមិនបាន។ តែយើងមិនអាចទៅតកំពូលឲ្យដូចដើមវិញបានទេ”

ការងារអភិរក្ស និងជួសជុលប្រាសាទ គឺជាភារកិច្ចស្នូលរបស់អាជ្ញាធរជាតិអប្សរា។ កន្លងមក កិច្ចការនេះ យើងពឹងផ្អែកខ្លាំងទៅលើអ្នកជំនាញការបរទេស។ ប៉ុន្តែ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាមានធនធានមនុស្ស ដែលទទួលបានការបណ្តុះបណ្តាលពីស្ថាប័នអន្តរជាតិផ្សេងៗ ព្រមទាំងការអនុវត្តការងារផ្ទាល់ជាប្រចាំ អាចចាប់ផ្តើមបំពេញការងារមួយចំនួនដោយខ្លួនឯងបាន។ មិនតែប៉ុណ្ណោះ បណ្តាប្រទេសជាមិត្តជាមួយក៏បានមកស្រង់បទពិសោធន៍លើការងារអភិរក្ស ជួសជុល និងស្រាវជ្រាវបុរាណវិទ្យា ពីសំណាក់អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាផងដែរ៕















 
ស្ពានព្រះទិស (ស្ពានកំពង់ក្តី) គឺស្ពានបុរាណមួយដែលបានកសាងនៅសម័យអង្គរ ចន្លោះចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្ពាននេះមានបណ្តោយប្រវែង៨៦ម៉ែត្រ ទទឹងប្រវែង១៦ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ពីបាតស្ទឹង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។
ព្រះពុទ្ធបដិមា២អង្គស្ថិតក្នុងឥរិយាបថសមាធិ និងផ្ចាញ់មារ ធ្វើពីលោហធាតុ ត្រូវបានក្រុមអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។
ព្រះពុទ្ធបដិមា២អង្គស្ថិតក្នុងឥរិយាបថសមាធិ និងផ្ចាញ់មារ ធ្វើពីលោហធាតុ ត្រូវបានក្រុមអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។ ព្រះពុទ្ធបដិមាទាំងពីរអង្គនេះមានកម្ពស់២៧សង់ទីម៉ែត្រ ទទឹង១៩សង់ទីម៉ែត្រ
អាជ្ញាធរជាតិអប្សរា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ មានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន ៣១៧ នគរបាល
ក្មេងឃ្វាលគោពីរនាក់បងប្អូននៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប បានជីកឃើញរូបចម្លាក់ក្បាលនាគបុរាណ នៅមាត់ ត្រពាំងល្បើក កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2872
ម្សិលមិញ
:
12815
សប្តាហ៍នេះ
:
15687
ខែនេះ
:
0098642
សរុប
:
009058213