ព័ត៌មានថ្មីៗ

កំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រត្រូវបានអ្នកជំនាញខ្មែរជួសជុលរួចរាល់ ខណៈ៣ផ្ទាំងផ្សេងទៀត នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំក្រោយ

បានផ្សាយនៅ ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ2015 12:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រកម្ពស់៧ម៉ែត្រកន្លះ ត្រូវបានក្រុមអ្នកជំនាញខ្មែរ ធ្វើការជួសជុលឡើងវិញរួចរាល់ហើយ ក្រោយពីផ្ទាំងកំពែងនេះ និង៣ផ្ទាំងដទៃទៀតបានរងការ បាក់រលំក្នុងអំឡុងខ្យល់ព្យុះកេតសូណា កាលពីឆ្នាំ២០១១កន្លងទៅ។

លោក ម៉ៅ សុខនី អ្នកជំនាញការជួសជុលកំពែងនេះបញ្ជាក់កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះថា ក្រោយពីកំពែងនេះបានដួលរលំ ដោយខ្យល់ព្យុះកេតសូណាក្នុង២០១១មក ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានចាត់តាំងក្រុមជំនាញដើម្បីសិក្សា និងទល់ទ្រចំណុចប្រេះស្រាំដទៃទៀតភ្លាមៗ។ ក្រោយពីសិក្សា និងទល់ទ្រចំណុចប្រេះស្រាំហើយ ការជួសជុលក៏ចាប់ផ្តើមឡើងនៅឆ្នាំ២០១៤ ដោយជ្រើសរើសជ្រុងឦសានមុនគេ ដើម្បីបញ្ជៀសការប៉ះពាល់ដល់កូនប្រាសាទជ្រុងដែលនៅក្បែរ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានធ្វើការជួសជុលផ្ទាំងចំនួន៣ដទៃទៀតផងដែរ តែប្រើប្រាស់កម្លាំងកម្មករតិចជាង។ លោក សុខនី បញ្ជាក់ថា ការងារជួសជុលកំពែងទាំង៤កន្លែងនេះ មានអ្នកជំនាញខ្មែរ៤រូប ក្នុងនោះ អ្នកបុរាណវិទ្យា៣រូប និងស្ថាបត្យករ១រូប រួមនឹងកម្មករ៧០នាក់ផង។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោកបណ្ឌិត លី វណ្ណា បញ្ជាក់ថា តាមពិតទៅកំពែងអង្គរធំដែលមានប្រវែងសរុប១២គម មានការដួលរលំជាង២០កន្លែង ដោយសារកត្តាផ្សេងៗដូចជា ការពុកផុយនៃថ្ម ការរំកិលនៃថ្ម ដីកណ្តៀរ ការដួលរលំនៃដើមឈើដែលដុះពីលើ និងដោយសារកត្តាខ្យល់ព្យុះជាដើម។

បច្ចុប្បន្ន ក្រុមជំនាញបានធ្វើផែនទីហានិភ័យមួយ ដែលបញ្ជាក់អំពីចំណុចពុកផុយ និងចំណុចដួលរលំដែលមានដល់ទៅជាង២០កន្លែង។ ចំណុចទាំងនោះមានកន្លែងខ្លះត្រូវធ្វើការទល់ទ្រ ជួសជុលបន្ទាន់ ចំណុចខ្លះត្រូវធ្វើការពង្រឹងបន្ថែម ដើម្បីបញ្ជៀសការដួលរលំ និងចំណុចខ្លះទៀតយើងអាចទុកជួសជុលស្តារឡើងវិញនៅពេលក្រោយ ដោយសារវាបានដួលរលំដល់ដីស្រេចបាត់ទៅហើយ។

និយាយពីទិសដៅទៅថ្ងៃក្រោយ លោក លី វណ្ណា បញ្ជាក់ថា “កំពែងជុំវិញដែលបាក់ហ្នឹង ត្រូវជួសជុលឡើងវិញ តែយើងមិនមែនជួសជុលម្តងទាំងអស់ទេ។ ការងារអភិរក្ស អ្វីដែលយើងគិតសំខាន់ជាងគេ គឺមើលផ្នែកណាដែលវារកនឹងដួលរលំ យើងឆាប់ទៅមើលអាហ្នឹងសិន ប៉ុន្តែបើវាដួលរលំដល់ដីហើយ យើងមិនចាំបាច់ទៅបន្ទីបន្ទាន់អីទេ ទុកវាតាមក្រោយ។ ជាក់ស្តែងដូចកំពែងនេះស្រាប់ វាដួលរលំហើយ វាអាចទាញឲ្យប្រាសាទជ្រុងហ្នឹងដួលរលំទៀត ទើបយើងឆាប់ប្រញាប់ប្រញាល់ជួសជុលវាមុនគេ។ ដូចគ្នាដែរ នៅកន្លែងផ្សេងៗទៀត យើងមានផែនទីហានិភ័យហើយ យើងមើលផែនទីហ្នឹង ទន្ទឹមនឹងការជួសជុល៤កន្លែងហ្នឹង បើពិនិត្យឃើញថា កន្លែងណាប្រងនឹងដួលរលំ យើងឆាប់អន្តរាគមន៍កន្លែងហ្នឹងភ្លាមៗ។ នេះជាទិសដៅអនាគតរបស់យើង។

ចំពោះបច្ចេកទេសនៃការជួសជុលនេះ លោក លី វណ្ណា បន្ថែមថា បើទោះជាយើងមានអ្នកជំនាញខ្មែរកាន់ការដោយខ្លួនឯងក៏ពិតមែន តែយើងតែងឆ្លងរបាយការណ៍ និងពិគ្រោះយោបល់ជាមួយគណៈកម្មាធិការអាយស៊ីស៊ី-អង្គរជាប្រចាំផងដែរ ជាពិសេសក្នុងកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការនេះ៕







 
អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2711
ម្សិលមិញ
:
3825
សប្តាហ៍នេះ
:
09000
ខែនេះ
:
0076609
សរុប
:
008920752