ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចាត់វិធានការរក្សាទឹកនៅស្រះស្រង់

បានផ្សាយនៅ ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ2015 03:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្រះស្រង់ មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដោយមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។

គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។ ក៏ប៉ុន្តែ កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់បានជួបប្រទះនូវបញ្ហារីងស្ងួតស្ទើរទាំងស្រុង។

នៅឆ្នាំនេះ ដោយសារបញ្ហាអាកាសធាតុប្រែប្រួល ទឹកភ្លៀងមានបរិមាណតិច ធ្វើឲ្យគ្រប់គ្នាបារម្ភថា ស្រះស្រង់អាចនឹងប្រឈមបញ្ហារីងស្ងួតដូចឆ្នាំមុនទៀត។ បញ្ហានេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាអះអាងថា ខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ជួយសង្គ្រោះស្រះស្រង់ហើយ។ ការត្រៀមខ្លួននេះ គឺតាមរយៈការស្តារប្រឡាយដែលមានប្រវែង៧គម ដើម្បីបង្ហូរទឹកពីទំនប់តានៀវមកបញ្ចូលក្នុងស្រះស្រង់។

នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់ថា នាយកដ្ឋានបានត្រៀមប្រឡាយនេះរួចរាល់ហើយ ក៏ប៉ុន្តែបញ្ហាទឹកដែលត្រូវបង្ហូរពីទំនប់តានៀវមកបញ្ចូលស្រះស្រង់ ត្រូវការកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដែលប្រើប្រាស់ទឹកនេះ។ ដោយសារទឹក នៅទំនប់តានៀវត្រូវប្រើប្រាស់សម្រាប់ស្រោចស្រពកសិកម្មរបស់ប្រជាពលរដ្ឋជាចម្បង ដូច្នេះ ទឹកដែលសេសសល់ពីនោះទើបអាចបង្ហូរចូលស្រះស្រង់បាន។ នេះក៏ជាការព្រួយបារម្ភថ្មីមួយទៀត ព្រោះថា បើស្រែប្រាំងរបស់ពលរដ្ឋមានចំនួនច្រើន ហើយត្រូវការទឹកច្រើន មិនមានទឹកសេសសល់នោះ ស្រះស្រង់ក៏ពុំមានប្រភពដទៃដើម្បីបង្ហូរចូលដែរ។

តែទោះជាយ៉ាងណា លោក សុឃីម សម្តែងសុទិដ្ឋិនិយមថា បើរដូវប្រាំងឆ្នាំនេះមិនអូសបន្លាយយូរដូចឆ្នាំមុនទេ បរិមាណទឹកស្រះស្រង់បច្ចុប្បន្ន គួបផ្សំនឹងទឹកដែលយើងសង្ឃឹមថាអាចបង្ហូរចូលពីទំនប់តានៀវខ្លះបន្ថែមទៀត ស្រះស្រង់អាចនឹងមិនជួបបញ្ហារីងស្ងួតដូចឆ្នាំមុនទេ។

ស្រះស្រង់មានទីតាំងនៅខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត។ តាមអ្នកបុរាណវិទ្យាយល់ថា ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេ។ ស្រះនេះ សាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់៕



















 
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0314
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16190
ខែនេះ
:
0043646
សរុប
:
009416922