ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបូមទឹកបញ្ចូលស្រះមុខអង្គរ ដើម្បីបង្កើនភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេចរណ៍

បានផ្សាយនៅ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ2015 03:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បានធ្វើឱ្យទឹកក្នុងស្រះប្រុស ស្រះស្រីមុខអង្គរវត្តនារដូវប្រាំងស្រក ខ្វះ បាត់បង់ភាពស្រស់ស្អាត។ ដូច្នេះដើម្បីរក្សាទឹកឱ្យនៅមានដូចរដូវវស្សានិងធ្វើឱ្យស្រះមានសោភ័ណភាពស្រស់បំព្រងឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបូមទឹកពីកសិណមកបញ្ចូលស្រះទាំងពីរនេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។

តាមការបញ្ជាក់ពីលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា ចំពោះស្រះស្រីដែលមានទឹកស្រាប់ គឺត្រូវប្រើពេល១អាទិត្យទើបអាចបញ្ចូលទឹកពេញ ចំណែកស្រះប្រុសដែលគ្មានទឹកនោះ ត្រូវប្រើពេលជាង១០ថ្ងៃទើបរួចរាល់។ លោកបន្តទៀតថា ស្រះទឹកទាំងគូនេះក្រៅពីលម្អប្រាសាទហើយ វាជាកន្លែងចាប់អារម្មណ៍បំផុតសម្រាប់ទេសចរក្នុងការផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្តក្នុងផ្ទៃទឹក។

លោក កុសល ក៏បញ្ជាក់ទៀតដែរពីបញ្ហារីងស្ងួតនៃទឹកស្រះទាំងពីរ គឺបណ្តាលមកពីភ្លៀង ធ្លាក់តិចតួចនារដូវវស្សា ទើបធ្វើឱ្យកសិណទឹកស្រកនិងស្រះរីងទឹក ប៉ុន្តែបច្ចុប្បន្នក្រុមការងារគ្រប់គ្រងទឹកក៏បានបើកទឹកពីខាងលើបញ្ចូលមកកសិណទឹកដែរ ហើយបើកសិណមានទឹកពេញ ស្រះទាំងពីរនេះមិនរីងទឹកទេ ព្រោះវាមានទំនាក់ទំនងប្រព័ន្ធផ្លូវទឹកជាមួយគ្នា។ តែដោយសារមិន ចង់រង់ចាំយូរនិងត្រូវសង្គ្រោះស្រះឱ្យទាន់ពេលវេលា ទើបអាជ្ញាធរជាតិអប្សរាចាត់ការបូមទឹកបញ្ចូលភ្លាមៗឱ្យទាន់សភាពការតែម្តង។

ចំពោះកិច្ចការទាំងនេះ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន លោក សេង ចំរើន បានសម្តែងក្តីត្រេកអរដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់កែប្រែសោភ័ណភាពស្រះមុខអង្គរឱ្យមាន ភាពស្រស់ស្អាតឡើងវិញ ដោយបូមទឹកពីកសិណមកបញ្ចូល។ ពេលមកទស្សនាអង្គរវត្ត ក្រៅពីមើលប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះនោះ ទេសចរគ្រប់រូបតែងផ្តោតសំខាន់លើស្រះទាំងគូ ពិសេស ស្រះស្រី ព្រោះជាកន្លែងថតរូបដ៏ល្អបំផុត ដែលធ្វើឱ្យពួកគាត់រំភើបចំពោះស្រមោលរូបកំពូលប្រាសាទអង្គរវត្តទាំង១០យ៉ាងស្អាតនៅក្នុងផ្ទៃទឹក។ បើគ្មានទឹកស្រះនេះទេ វាហាក់ដូចជាបាត់ភាព សំខាន់នៃគោលដៅទេសចរណ៍ផងដែរក្នុងការមកទស្សនាទីនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ចំរើន៕









ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0389
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16265
ខែនេះ
:
0043721
សរុប
:
009416997