ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដឹកនាំប្រជាពលរដ្ឋជាង៨០០នាក់ សម្អាតប្រឡាយទឹកសម្រាប់ការងារកសិកម្ម

បានផ្សាយនៅ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ2015 01:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ការចូលរួមសម្អាតប្រឡាយនៅពេលនេះ ធ្វើឡើងដើម្បីថែទាំប្រព័ន្ធប្រឡាយមេ ធានាការប្រើប្រាស់យូរអង្វែង ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងសម្រាប់ការងារបង្កបង្កើនផលនារដូវប្រាំង ខាងមុខនេះ។

លោក ហួត ហាយ ប្រធានសមាគមកសិករប្រើប្រាស់ទឹកបារាយណ៍ខាងលិច បានឲ្យដឹងក្នុងពេលដែលលោកកំពុងដឹកនាំប្រជាពលរដ្ឋសម្អាតប្រឡាយនេះថា សមាគមរបស់លោកមានប្រជាពលរដ្ឋ៩ឃុំសង្កាត់ និងមានផ្ទៃដីធ្វើសែ្រប្រាំងចំនួន៤ពាន់ហិកតា។ លោកបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរជាតិអប្សរាបានទទួលការគ្រប់គ្រងប្រព័ន្ធទឹកនៅបារាយណ៍ខាងលិចមក កសិករយើងមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល មិនមានការបារម្ភពីកង្វះខាតទឹកនោះទេ។ ការសម្អាតប្រឡាយនៅពេលនេះ គឺជួយសម្រួលទឹកឲ្យបានហូរលឿន អាចស្រោចស្រពដល់ស្រែប្រាំង ដែលនៅខាងក្រោមៗ។

ជំទប់ទី១នៃឃុំខ្នាត លោក មឿន ឈឿត បញ្ជាក់ថា ស្រែប្រាំងនៅក្នុងឃុំរបស់លោកមាន៣៨០ហិកតា។ លោកក៏សម្តែងសេចក្តីរីករាយផងដែរ ដែលអាជ្ញាធរជាតិអប្សរាបានជួយស្តារ និងកាយប្រឡាយចាស់ៗមួយចំនួនក្នុងឃុំរបស់លោក បានប្រើប្រាស់ឡើងវិញ។ លោកបន្ថែមថា សព្វថ្ងៃនេះរាល់សំណូមពររបស់ប្រជាពលរដ្ឋទាក់ទងនឹងទឹកធ្វើកសិកម្ម អាជ្ញាធរជាតិអប្សរា តែងជួយដោះស្រាយទាន់ពេលវេលាមិនដែលខកខានឡើយ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់ថា ចាប់ពីទទួលបានគោលការណ៍គ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ខាងលិចពីរាជរដ្ឋាភិបាល រយៈពេលជាង១ឆ្នាំកន្លងមកនេះ យើងបានសហការគ្នាល្អណាស់ជាមួយសហគមន៍ប្រើប្រាស់ទឹកបារាយណ៍ខាងលិច។ យើងបានជួបពិភាក្សាជាមួយពួកគាត់ជាញឹកញាប់ អំពីតម្រូវការរបស់ពួកគាត់ និងអ្វីដែលយើងត្រូវធ្វើបន្ថែមទៀត។ យើងសង្កេតឃើញថា បច្ចុប្បន្នពួកគាត់រីករាយណាស់ ដោយសារមានទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផល។

ការចូលរួមសម្អាតប្រឡាយរបស់ប្រជាកសិករក្នុងពេលនេះ គឺជាការបញ្ជាក់ពីការគាំទ្រ ចំពោះអាជ្ញាធរជាតិអប្សរាដែលបានរៀបចំប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ ឲ្យដំណើរការឡើងវិញ ដែលសកម្មភាពនេះ មិនត្រឹមតែចូលរួមក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទ ការបញ្ជៀសទឹកជំនន់តំបន់អង្គរ និងទីក្រុងសៀមរាបប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាប្រភពទឹកយ៉ាងសំខាន់ដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ការងារកសិកម្មទៀតផង។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា សូមគាំទ្រនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមក្នុងកិច្ចការអភិរក្ស ក៏ដូចជាកិច្ចការសង្គមផ្សេងៗទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានប្រគល់ការងារគ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ខាងលិច ជូនអាជ្ញាធរជាតិអប្សរា ដោយត្រូវទទួលខុសត្រូវទាំងស្រុងលើតម្រូវការទឹកសម្រាប់ស្រូវចំនួន១២០០០ហិកតា (ស្រូវវស្សា៨០០០ហិកតា ស្រូវប្រាំង៤០០០ហិកតា) និងដំណាំរួមផ្សំផ្សេងទៀតចំនួន១០០០ហិកតា និងធានាដោះស្រាយរាល់បញ្ហាគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលអាចកើតមានឡើងជាយថាហេតុ។ បន្ទាប់ពីបានទទួលគោលការណ៍នេះហើយ អាជ្ញាធរជាតិអប្សរាបានជួសជុល ស្តារឡើងវិញជាបន្ទាន់នូវទ្វារទឹក និងប្រព័ន្ធប្រឡាយនៃបារាយណ៍ខាងលិច ដែលការងារនេះ ធ្វើឲ្យប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលបានគ្រប់រដូវ៕ 










នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាបត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹកទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើបពេញកសិណទាំងពីរ។ នេះជាការអះអាងរបស់លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
53943
ម្សិលមិញ
:
127742
សប្តាហ៍នេះ
:
53943
ខែនេះ
:
0707839
សរុប
:
013690153