ព័ត៌មានថ្មីៗ

កសិកម្មជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវភាពប្រជាកសិករនៅភូមិធម្មជាតិរុនតាឯក និងជាទេសចរណ៍បៃតងដ៏ទាក់ទាញ

បានផ្សាយនៅ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ2015 01:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីថ្មីៗនេះ ក្រុមហ៊ុន ព្រហ្ម ប៊ុនថៃ អាហរ័ណ នីហរ័ណ ដែលមានជំនាញផ្នែកកសិកម្មនិងជាអ្នកផ្គត់ផ្គង់បរិក្ខាកសិកម្មដ៏ធំមួយនៅកម្ពុជា បានសហការជាមួយអាជ្ញាធរជាតិអប្សរាមកផ្សព្វផ្សាយពីបច្ចេកទេសដាំល្ពៅនិងដំណាំផ្សេងៗដល់ប្រជាជន៥៥គ្រួសារនៅភូមិធម្មជាតិរុនតាឯក ដើម្បីអភិវឌ្ឍន៍កសិកម្មនៅតំបន់នេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់ផលិតផលបន្លែ ផ្លែឈើគ្មានជាតិគីមីនៅលើទីផ្សារនាថ្ងៃអនាគតនិងជួយជំរុញជីវភាពប្រជាជនឱ្យកាន់តែល្អប្រសើរ។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងផ្នែកកសិកម្មទៅកាន់ប្រជាជន៥៥គ្រួសារដែលស្ម័គ្រចិត្តមករៀននិងរកអ្នកស្ម័គ្រចិត្តដាំផងដែរ។ លោក ព្រហ្ម ប៊ុនថៃ ប្រធានក្រុមហ៊ុន ព្រហ្ម ប៊ុនថៃ អាហរ័ណ នីហរ័ណ បានបង្ហាញអំពីបទពិសោធន៍ជោគជ័យ និងបច្ចេកទេសដាំដុះដល់ប្រជាជនដើម្បីទទួលបានផលល្អប្រសើរ ដោយយកចិត្តទុកដាក់ខ្លាំងទាំងការជ្រើសរើសពូជនិងការថែទាំជាសំខាន់។

ក្នុងនោះលោកក៏បានផ្ដល់ជម្រើសឱ្យប្រជាជនដាំដំណាំផ្សេងៗតាមចំណូលចិត្ត ហើយក៏ផ្តោតសំខាន់លើដំណាំល្ពៅដែរ ព្រោះវាជាដំណាំងាយដាំ ហើយសមស្របនឹងដីនៅរុនតាឯកផង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនធានាផ្គត់ផ្គង់គ្រាប់ពូជល្ពៅដែលមានគុណភាពល្អ មានរយៈពេលត្រឹមតែ៨៥ថ្ងៃប៉ុណ្ណោះនឹងទទួលបានផល។ ចំណែកទម្ងន់វាមួយផ្លែពី៥-៦គីឡូក្រាម មានសាច់ល្មួតល្អ ពេញនិយមសម្រាប់ទីផ្សារជាតិនិងអន្តរជាតិ។ មិនតែប៉ុណ្ណោះ រាល់ទិន្នផលកសិកម្មទាំងអស់ដែលប្រជាជនសហការដាំជាមួយក្រុមហ៊ុន ក្រុមហ៊ុនធានាទិញទាំងស្រុងតាមតម្លៃទីផ្សារ។ ជាមួយគ្នានោះ លោកក៏បានជ្រើសរើសប្រជាជននៅក្នុងភូមិន ដើម្បីធ្វើជាគ្រូបង្គោលខាងកសិកម្មផងដែរ ដោយខាងក្រុមហ៊ុនជាអ្នកបង្រៀន។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថា នេះជាលើកទី៣ហើយដែលអាជ្ញាធរជាតិអប្សរាបានអញ្ជើញអ្នកជំនាញផ្នែកកសិកម្មមកផ្សព្វផ្សាយដល់ប្រជាជនបន្ទាប់ពីការចិញ្ចឹមមាន់ ការដាំទំពាំងបារាំង និងត្រសក់ផ្អែម។

ឯកឧត្តមបន្តទៀតថា ការចាប់យកកសិកម្មមកអភិវឌ្ឍជីវភាពគ្រួសារ ជាលទ្ធភាពចម្បងសម្រាប់ប្រជាជននៅទីនេះ ព្រោះពួកគាត់មានដីស្រែចម្ការគ្រប់គ្រាន់សម្រាប់ធ្វើ ហើយមានអ្នកជំនាញជាច្រើនចាំជួយសម្រួលដល់ការលំបាករបស់គាត់។ ពិសេសជាងនេះ បើប្រជាជនធ្វើបានផលល្អច្រើន ទីនេះនឹងក្លាយជាកន្លែងផ្គត់ផ្គង់ផលកសិកម្មគ្មានជាតិគីមីមួយនៅលើទីផ្សារ ហើយក៏ជាកន្លែងទេសចរណ៍បៃតងដ៏ទាក់ទាញដែរតាមរយៈផលកសិកម្មបន្លែ ផ្លែឈើរបស់ពួកគាត់៕







ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
14151
ម្សិលមិញ
:
23792
សប្តាហ៍នេះ
:
14151
ខែនេះ
:
0095428
សរុប
:
009277710