ព័ត៌មានថ្មីៗ

បុណ្យឆ្លងផ្លូវអ្នកភូមិលាងដៃបង្ហាញអំពីមត៌ករស់របស់អ្នកស្រុកអង្គរ

បានផ្សាយនៅ ថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ2015 02:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បុណ្យឆ្លងផ្លូវ និងស្ពានរបស់អ្នកភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានប្រារព្ធឡើងកាលពីចុងខែវិច្ឆិកា កន្លងទៅនេះ បានរៀបចំឡើងតាមប្រពៃណីរបស់ដូនតាខ្មែរ ដោយជំនឿមុតមាំក្នុងការបញ្ជៀសឧបទ្រពចង្រៃ ហើយសុំសេចក្តីសុខចម្រើនដល់អ្នកធ្វើដំណើរតាមផ្លូវនិងអ្នកឆ្លងកាត់គ្រប់ៗគ្នា។

អ្នកភូមិលាងដៃប្រារព្ធពិធីនេះឡើង ក្រោយពីទទួលបានផ្លូវមួយខ្សែពីអាជ្ញាធរជាតិអប្សរា ដែលមានប្រវែង១៦០០ម៉ែត្រ បែកចេញពីផ្លូវវង់ធំចូលទៅភូមិលាងដៃ។ ផ្លូវនេះ ជាខ្សែគមនាគមន៍ដ៏មានសារៈសំខាន់ ហើយបម្រើឲ្យភូមិចំនួន៥ក្នុងតំបន់អង្គរគឺ ភូមិលាងដៃ ភូមិដូនឪ ភូមិតាប្រុក ភូមិសំរោង និងភូមិភ្លង់។


មានពិធីជាច្រើនដែលយើងសម្គាល់ឃើញថា ធ្វើពិធីនេះ ត្រូវបានប្រព្រឹត្តតាមទំនៀមបុរាណគឺ ៖

ពិធីប្រុងពលី
ពិធីប្រុងពលី ត្រូវបានគេធ្វើឡើងនៅពេលរសៀល នៃថ្ងៃចាប់ផ្តើមពិធីបុណ្យ។ នៅកន្លែងផ្សេងៗច្រើនហៅថា ក្រុងពាលី តែអ្នកស្រុកអង្គរហៅពិធីនេះថា ប្រុងពលី មានន័យថា រៀបចំសែនព្រែន មកពីពាក្យថា ប្រុង គឺរៀបចំ ឯ ពលី គឺ ការបូជា ថ្វាយ ឬសែនព្រែន។ គេរៀបចំពិធីប្រុងពលី ដោយរៀបចំគ្រឿងសំណែនផ្សេងៗមានបាយ ទឹក នំ ចំណីជាដើម ដើម្បីសែនថ្វាយទៅ ជាម្ចាស់ទឹកម្ចាស់ដី ដែលហៅថា ស្តេចក្រុងពាលី។ ពិធីនេះ គេធ្វើឡើងក្នុងន័យសុំអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី មុននឹងប្រារព្ធពិធីបុណ្យឆ្លង។ គេសង្កេតឃើញថា អ្នកស្រុកអង្គរ ទោះជាប្រារព្ធកម្មវិធីបុណ្យអ្វីក៏ដោយ ក៏កម្រនឹងលះបង់ពិធីប្រុងពលីនេះណាស់ ដោយសារគេយល់ថា បើមិនសុំអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដីទេ កម្មវិធីទាំងមូលនឹងប្រព្រឹត្តទៅមិនល្អឡើយ។
 

លើកទង់
ចប់ពិធីប្រុងពលី គេប្រារព្ធពិធីមួយទៀត គឺពិធីលើកទង់។ ទង់ដែលគេលើក គឺទង់ក្រពើ។ នៅពេលសាកសួរអ្នកស្រុកគាត់តែងនិយាយពាក្យសាមញ្ញថា គេលើកទង់ដើម្បីធ្វើបុណ្យ។ តាមការសួរ មានមនុស្សតិចទេដែលដឹងពីថា គេលើកធ្វើអ្វីឲ្យប្រាកដ។ បើនឹងនិយាយថា លើកគ្រាន់តែជានិមិត្តសញ្ញាថា ធ្វើបុណ្យ ហាក់ដូចមិនសម ព្រោះមានការប្រកូកប្រកាសហៅគ្នាមកលើកកន្ទុយទង់យ៉ាងច្រើន ហើយថែមទាំងមានដាក់ប្រាក់កាសក្នុងហោប៉ៅទង់ទៀតផង។ នៅពេលលើក មានអ្នកស្រែកឆាកហ៊ោ និងអ្នកស្រែកបន្ទរយ៉ាងគគ្រឹកគគ្រែង ដែលបញ្ជាក់ថា ជាពិធីពិសេសលើសពីនិមិត្តសញ្ញាថា ធ្វើបុណ្យ។ តែបើស្តាប់ពាក្យដែលលោកអាចារ្យបង្គាប់ឲ្យថាតាម ជាភាសាបាលី មុននឹងព្រលែងកន្ទុយទង់នោះ យើងនឹងយល់ថា ការលើកទង់គឺដើម្បីបូជាដល់ព្រះចេតិយនៅនាឋានតាវត្តិង្ស។ ក្នុងន័យព្រះពុទ្ធសាសនា ពុទ្ធសាសនិកជឿជាក់ថា ព្រះចូឡាមណីចេតិយ ដែលតម្កល់ព្រះកេសធាតុរបស់ព្រះពុទ្ធជាម្ចាស់ នាឋានតាវត្តិង្សនោះ មានទង់ប្រភេទនេះ ដែលពួកទេវតានាំគ្នាលើកឡើងចងថ្វាយព្រះចេតិយ ក្នុងន័យគោរពបូជា។ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា កាលណាមានកម្មវិធីបុណ្យអ្វីមួយ ក៏យកទង់មកលើកជាតំណាង បូជាដល់ព្រះចូឡាមណីចេតិយនោះដែរ។ តាមសកម្មភាពនេះ ពុទ្ធបរិស័ទយល់ថា នឹងបានទទួលបុណ្យកុសលច្រើន។ ចំណែកការដាក់ប្រាក់ក្នុងហោប៉ៅទង់វិញ ក៏ក្នុងន័យចាប់មគ្គផលជាមួយម្ចាស់ទង់ និងម្ចាស់បុណ្យផងដែរ។ ក្នុងព្រះពុទ្ធសាសនា ការត្រេកអរ ឬការចូលរួមនឹងអំពើល្អរបស់អ្នកដទៃ ក៏ឈ្មោះថា បានធ្វើបុណ្យ ហើយទទួលផលបុណ្យដូចម្ចាស់បុណ្យដែរ។ បន្តិចម្តងៗ ពិធីនេះក៏បានក្លាយទៅជាទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ជាពិសេសប្រជាជនខ្មែរនៅតំបន់អង្គរសៀមរាប ដែលតែងតែនាំគ្នាធ្វើរាល់កម្មវិធីបុណ្យផ្សេងៗមិនដែលខកខាន។
 

បួងសួង
ក្រោយពីលើកទង់រួចរាល់ គេនៅមានពិធីមួយទៀត គឺបួងសួង។ បួងសួង ជាការប្រកូកប្រកាសហៅអស់ទេពនិករទាំងឡាយ មកជាកសិណសាក្សីនៃពិធីបុណ្យ។ ពិធីបួងសួងគេធ្វើនៅពីមុខរានពុទ្ធគុណ ដែលគេរៀបចំនៅទិសឥសាននៃរោងបុណ្យ។ ស្តាប់ពាក្យបួងសួងមួយម៉ាត់ទៅ គេមិនដឹងថា នេះជាពិធីដែលបែកចេញពីជំនឿសាសនាមួយពិតប្រាកដទេ តែបើតាមដានស្តាប់ពាក្យសូត្រ និងពិនិត្យឲ្យស៊ីជម្រៅទៅលើពិធីយើងសង្កេតឃើញថា ជាពិធីលាយចម្រុះគ្នារវាងជំនឿព្រលឹង ដែលជាជំនឿដើមរបស់ខ្មែរ បូកនឹងព្រហ្មញ្ញសាសនា រួមនឹងព្រះពុទ្ធសាសនាផង។ មុនដំបូងអាចារ្យដឹកនាំអ្នកចូលរួមទាំងអស់សូត្រនមស្ការព្រះរតនត្រ័យ តាមលំនាំព្រះពុទ្ធសាសនា។ ក្រោយមកទើបចាប់ផ្តើមសូត្រប្រកាសហៅពពួកទេពនិករទាំងឡាយ។ ស្តាប់ពាក្យសូត្រនេះ គឺមានរៀបរាប់តាំងពីនាមរបស់ព្រះពុទ្ធជាច្រើនអង្គមានព្រះកក្កុសន្ធោ ព្រះកោនាគមនោ ព្រះកស្សបោ ជាដើម និងឈ្មោះរបស់អាទិទេពក្នុងព្រហ្មញ្ញសាសនា គឺព្រះព្រហ្ម ព្រះវិស្ណុ និងព្រះឥសូរ មិនតែប៉ុណ្ណោះ ពាក្យប្រកាសហៅនេះ ក៏ហៅទាំងទេពព្រក្សអារក្ខអ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលជាបុព្វបុរសខ្មែរមកចូលរួមជាកសិណសាក្សី និងជូនពរឲ្យកម្មវិធីបុណ្យប្រព្រឹត្តទៅដោយរលូន។
 

សូត្រមន្ត ឬចម្រើនព្រះបរិត្ត
សូត្រមន្ត ឬចម្រើនព្រះបរិត្ត ជាពិធីតាមបែបព្រះពុទ្ធសាសនា។ មុននឹងចាប់ពិធីនេះ អាចារ្យដឹកនាំពុទ្ធបរិស័ទនមស្ការព្រះរតនត្រ័យ សមាទានសីល រួចហើយទើបនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ សូត្រមន្ត គឺសូត្រនូវពុទ្ធមន្ត មានន័យថា ព្រះសង្ឃសូត្រស្វាធ្យាយនូវមន្តគាថា ឬធម៌ របស់ព្រះពុទ្ធ ដើម្បីបញ្ជៀសនូវឧបទ្រពចង្រៃនានាផង ដើម្បីនាំមកនូវសិរីសួស្តីមង្គលសព្វប្រការផង។ ធម៌ដែលព្រះសង្ឃស្វាធ្យាយនេះ ហៅម្យ៉ាងទៀតថា ព្រះបរិត្ត មានន័យថា ជាគ្រឿងរារាំងឃាត់ឃាំងនូវទុក្ខសោករោគភ័យផ្សេងៗ។ ចម្រើនព្រះបរិត្ត គឺសូត្រស្វាធ្យាយនូវព្រះបរិត្តហ្នឹងឯង។
 

បញ្ចូលរូប
ពិធីមួយទៀត ដែលអ្នកភូមិលាងដៃធ្វើក្នុងពិធីបុណ្យឆ្លងផ្លូវនេះដែរ គឺពិធីបញ្ចូលរូប។ បើពិនិត្យមើលជាទូទៅ ហាក់ដូចជាគ្មានទំនាក់ទំនងអ្វីសោះជាមួយនឹងពិធីបុណ្យឆ្លង។ តែបើចូលទៅពិនិត្យឲ្យស៊ីជម្រៅទៅ ទើបឃើញថា បញ្ចូលរូបជាពិធីបន្ថែមទៅលើពិធីបុណ្យឆ្លងនេះ។ ក្រោយពីភ្លេងប្រគំឡើង អ្នកចូលរូបគ្រវីគ្រវាត់ជើងពានដែលដាក់អង្ករ និងដោតទៀនផង បញ្ជាក់ថា រូបចូលហើយ។ រូបដែលមកចូលនេះ គឺអ្នកតា ដែលគេជឿថា មានឫទ្ធីបារមី នៅចាំរក្សានៅតាមប្រាសាទ ព្រៃព្រឹក្សា ភូមិស្រុកផ្សេងៗ។ អ្នកអង្គុយក្បែរខាង ដែលហៅថា កូនចាប ក៏ចាប់ផ្តើមសួរសំណួរផ្សេងៗ ជាពិសេសគឺសំណួរដែលពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យ ដូចជាសួរថា តើការរៀបចំនេះ ត្រឹមត្រូវហើយឬនៅ? កូនចៅនឹងបានសុខសប្បាយទេ?។ល។ លោកតា ពាង ដែលជាអាចារ្យដឹកនាំកម្មវិធីពន្យល់ថា បើអ្នកចូលរូបបញ្ជាក់ថា មានចំណុចខ្វះខាតយើងនឹងរៀបចំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ទឹកម្ចាស់ដីពេញចិត្ត ហើយត្រឹមត្រូវទៅតាមទំនៀមទម្លាប់ខ្មែរ។
 

រាប់បាត្រ វេរចង្ហាន់ដារឆ្លង
កម្មវិធីសំខាន់ៗសម្រាប់ថ្ងៃទី១ត្រូវបានបញ្ចប់ត្រឹមបញ្ចូលរូប។ នៅពេលរាត្រីមានការកម្សាន្តដោយសម្តែងរឿងម៉ាក់ថឺង និងរាំលេងកម្សាន្តធម្មតា។ ចំណែកកម្មវិធីនៅថ្ងៃទីពីរវិញ បើពិនិត្យឲ្យសព្វគ្រប់ទៅ គឺកម្មវិធីព្រះពុទ្ធសាសនាសុទ្ធសាធ។ ព្រឹកឡើង គេនាំគ្នាប្រគេនយាគូព្រះសង្ឃ ស្តាប់ព្រះធម៌ទេសនាអំពីបុណ្យឆ្លង ដាក់បាត្រព្រះសង្ឃ និងវេរចង្ហាន់ថ្វាយព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជនទាំងឡាយ ដែលបានស្លាប់បាត់បង់ជីវិតទៅ។ ចុងបញ្ចប់នៃកម្មវិធី គឺនិមន្តព្រះសង្ឃសូត្រធម៌ ពហូ ទេវា ហើយច្រូចទឹក ដើម្បីឆ្លងផ្លូវ ស្ពាន និងឆ្លងបុណ្យដែលគេបានបំពេញរយៈពេលមួយយប់ពីរថ្ងៃកន្លងមក។
ប្រពៃណីរបៀបនេះហើយ ដែលធ្វើឲ្យអ្នកស្រុកអង្គរនៅតែជាឃ្លាំងផ្ទុកនូវមត៌កវប្បធម៌ដូនតាខ្មែរ ដ៏គួរឲ្យចាប់អារម្មណ៍ បើទោះជាបានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនជំនាន់មនុស្សមកហើយក្តី។ នេះហើយគឺជាសញ្ញាណនៃព្រលឹងជាតិអង្គរ ដែលជាកេរដំណែលរបស់ដូនតាខ្មែរសម័យអតីតកាល៕
 

ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ លទ្ធភាពជាក់ស្តែងការជួសជុលទំនប់ទឹកប្រវែង ១៦ម x ១២ម ជម្រៅ ៧ម ដែលបានដាច់ខូចខាតកាលពីឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់។ ការចុះពិនិត្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរា និងលោក ស៊ត់ ដន ជាមេភូមិត្រាច តំណាងឱ្យប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋពីរគ្រួសារដែលមានផ្ទះនៅជាប់គ្នា ស្ថិតនៅក្នុងភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ដែលរងគ្រោះដោយសារភ្លើងឆាបឆេះផ្ទះ បានទទួលអំណោយសង្គ្រោះបឋមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។
អំណោយជាសម្ភារៈប្រើប្រាស់រួមទាំងអង្ករចំនួន៥គីឡូក្រាម ដែលផ្តល់ជូនដោយអង្គការសប្បុរសធម៌ជប៉ុន ក្តីសង្ឃឹមនៃកម្ពុជា (Hope of Cambodia) ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំលាងដៃ និងឃុំស្វាយចេក ស្រុកអង្ករធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៦។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0867
ម្សិលមិញ
:
2530
សប្តាហ៍នេះ
:
03397
ខែនេះ
:
0275483
សរុប
:
010586699