ព័ត៌មានថ្មីៗ

យល់ដឹងខ្លះៗ ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប

បានផ្សាយនៅ ថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ2015 02:22 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គឺជាទិវាបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។ បុណ្យអុំទូក អកអំបុក និងសំពះព្រះខែគឺជាពិធីបុណ្យប្រពៃណីដ៏មានប្រជាប្រិយបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ។ ជារៀងរាល់ឆ្នាំ នៅទីក្រុងភ្នំពេញមានប្រជាពលរដ្ឋរាប់លាននាក់ ដែលភាគច្រើនឡើងមកពីជនបទបានចូលរួម។

តើពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបមានទំនាក់ទំនងគ្នាយ៉ាងណាខ្លះ?

បើមើលតែទៅលើឈ្មោះនៃពិធី យើងនឹងឃើញថា ពិធីទាំងនេះមាននិយមន័យផ្សេងគ្នា ហើយវាមានទិសដៅផ្សេងគ្នាផងដែរ។ ជាទូទៅពិធីបុណ្យអុំទូក ត្រូវបានគេជឿថា ប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរំឭកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម)។

នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេសការធ្វើសឹកសង្គ្រាមជាមួយពួកចាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ទទួលបានជ័យជម្នះយ៉ាងធំធេងតាមរយៈចម្បាំងកងទ័ពជើងទឹក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចម្បាំងកងទ័ពជើងទឹក ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឲ្យគយគន់ខ្លាំងណាស់។ ចម្លាក់នៃកងទ័ពជើងទឹកនេះត្រូវបានកុលបុត្រខ្មែរជំនាន់ក្រោយ ចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដីឲ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ហើយនាំគ្នាប្រារព្ធធ្វើពិធីអុំទូករំឭកគុណបំណាច់ដ៏ថ្លៃថ្លានេះជារៀងរាល់ឆ្នាំ។ ពិធីនេះ មានតាំងពីសម័យមហាអង្គររហូតមក ហើយប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យអុំទូក ដើម្បីធ្វើការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុង។

ចំណែកពិធីអកអំបុកសំពះព្រះខែវិញ បើយោងទៅតាមអ្នកកាន់ព្រះពុទ្ធសាសនា គឺជាពិធីមួយ ដែលគេធ្វើឡើងដើម្បីឧទ្ទិសដល់ការបំពេញបុណ្យបារមី របស់ព្រះពោធិសត្វក្នុងពេលដែលយោនយកកំណើតជាសត្វទន្សាយ។ សសបណ្ឌិត ដែលជាទន្សាយពោធិសត្វ បានបូជាខ្លួនប្រាណលោតចូលគំនរភ្លើងដ៏ធំ ដើម្បីចម្អិនសាច់ឲ្យជាអាហារដល់ឥន្ទព្រាហ្មណ៍ ដែលមកប្រាប់ថាខ្លួនអត់អាហារជាច្រើនថ្ងៃមកហើយ។ ការណ៍នេះបានធ្វើឲ្យព្រះឥន្ទយកថ្មទៅគូសជាសត្វទន្សាយ នៅមណ្ឌលព្រះច័ន្ទ។

ពិធីបណ្តែតប្រទីប បើយោងទៅតាមខ្មែរបុរាណ ពិធីនេះជាការសម្តែងនូវការដឹងគុណចំពោះព្រះគង្គា ដែលបានផ្តល់នូវទឹកសម្រាប់ស្រោចស្រពស្រែចម្ការច្បារដំណាំ។ បើតាមអ្នកកាន់ព្រះពុទ្ធសាសនាវិញ ពិធីនេះធ្វើឡើងដើម្បីបូជាដល់សា្នមព្រះបាទារបស់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ប្រតិស្ឋាននៅនាស្ទឹងនម្មទា។ ងាកមកមើលប្រវត្តិនៃពិធីនេះ ជាមួយនឹងអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាវិញម្តង។ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានពន្យល់ពីខ្លឹមសារនៃពិធីនេះថា ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលយើងមើលទៅឃើញថាផ្សេងពីគ្នានោះ តាមពិតទៅគឺជារឿងតែមួយ ហើយមានទិសដៅតែមួយប៉ុណ្ណោះ។ តាមលោកសាស្ត្រាចារ្យ ពិធីនេះគឺគេធ្វើឡើងទាក់ទងនឹងរឿងធម្មជាតិ។ រឿងធម្មជាតិ ដោយហេតុថា ពិធីនេះគេធ្វើឡើងទាក់ទងនឹងរឿងធ្វើកសិកម្ម។

លោកពន្យល់ថា ការដែលអះអាងថាពិធីនេះមានទំនាក់ទំនងប្រវត្តិសាស្ត្រ ឬសាសនានោះ ក៏ដោយសារឥទ្ធិពលដែលខ្មែរយើងទទួលបានពីឥណ្ឌា ហើយយើងក៏យកមកបកស្រាយតាមក្រោយតែប៉ុណ្ណោះ។ មានមូលដ្ឋានច្រើនដែលអាចបញ្ជាក់ថា ពិធីនេះទាក់ទងនឹងធម្មជាតិ ដោយហេតុថា ខ្មែរបុរាណ ក៏ដូចជាប្រជាជាតិជាច្រើនៅអាស៊ី ក្រោយពីទទួលភោគផលស្រែចម្ការពីធម្មជាតិហើយ ក៏រៀបចំពិធីផ្សេងៗដើម្បីសងគុណចំពោះធម្មជាតិវិញ។

តាមលោក អ៊ឹម សុខរិទ្ធី ពិធីអុំទូក និងបណ្តែតប្រទីបជានិមិត្តរូបនៃពិធីបណ្តេញទឹក ត្រឡប់ទៅទន្លេសមុទ្រវិញ ក្រោយពីរដូវស្សាជាច្រើនខែមក ហើយពិធីអកអំបុកជានិមិត្តរូបនៃភាពបរិបូណ៌នៃភោគផលស្រែដំណាំ។ ឯព្រះចន្ទឬដួងខែជានិមិត្តរូបនៃពន្លឺ ដែលអាចឲ្យគេប្រកបការងារកសិកម្មទៅបាន។ ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកនេះ មិនត្រឹមតែដើម្បីបណ្តេញទឹកទៅវិញប៉ុណ្ណោះទេ តែក៏ធ្វើឡើងដើម្បីសុំទឹកភ្លៀងសម្រាប់ធ្វើស្រែចម្ការក្នុងឆ្នាំថ្មីផងដែរ៕








អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4647
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
14409
ខែនេះ
:
0062882
សរុប
:
009436158