ព័ត៌មានថ្មីៗ

មន្ត្រីគម្រោងគ្រោងនឹងនាំយកវិធីធ្វើស្រែបែបGAP មកអនុវត្តនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 09 ខែ វិច្ឆិកា ឆ្នាំ2015 09:25 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

GAP (Good Agriculture Practice) ជារបៀបធ្វើស្រែបែបធម្មជាតិ ប៉ុន្តែក៏ប្រើជីគីមីក្នុងកម្រិតស្តង់ដារមួយ មានន័យថា ការប្រើប្រាស់ជីបំប៉ន និងជីសម្លាប់សត្វ ត្រូវបានឆ្លាស់គ្នារវាងជីធម្មជាតិ និងជីគីមី ដើម្បីរក្សាគុណភាពដី និងទិន្នផលស្រូវឲ្យមានគុណភាពល្អ អាចនាំទៅលក់នៅក្រៅប្រទេសបាន។

អាជ្ញាធរមូលដ្ឋានឃុំពេង ស្រុកអង្គរជុំ សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំប្រជាពលរដ្ឋ៣២គ្រួសារ ដែលមានផ្ទៃដីសរុប៥០ហិកតា អនុវត្តរបៀបធ្វើស្រែនេះមុនគេ។ តាមលោក ឈឹម ទុន ប្រធានក្រុមប្រឹក្សាស្រុកអង្គរជុំបញ្ជាក់ថា បើទោះជាយើងមិនទាន់បានប្រមូលផលពិតប្រាកដក៏ដោយ តាមរយៈដើមនិងកួរស្រូវ ដែលយើងឃើញនៅពេលនេះ យើងរំពឹងថា នឹងអាចទទួលបានផល យ៉ាងហោចណាស់ក៏២តោនកន្លះដែរក្នុង១ហិកតា។ ទិន្នផលនេះ ខុសគ្នាដល់ទៅជាង៤ដង បើធៀបនឹងរបៀបធ្វើស្រែធម្មតា ដែលអ្នកស្រុកធ្លាប់អនុវត្តកន្លងមក។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ អ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក លោក តាន់ ហ៊ុយលី បាននាំក្រុមការងារទៅមើលរបៀបធ្វើស្រែGAP ដើម្បីពិនិត្យលទ្ធភាពនាំយករបៀបនេះទៅអនុវត្តនៅភូមិធម្មជាតិរុនតាឯក។ តាមលោក ហ៊ុយលី សណ្ឋានដីនៅភូមិធម្មជាតិរុនតាឯក អាចអនុវត្តរបៀបធ្វើស្រែGAPនេះបាន។ សម្រាប់រដូវកាលឆ្នាំក្រោយ ក្រុមគម្រោងនឹងសាកល្បងអនុវត្តវិធីនេះនៅលើផ្ទៃដីគំរូមួយចំនួន ដើម្បីបង្ហាញប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានសាទរ និងគាំទ្រការនាំយករបៀបធ្វើស្រែGAPនេះមកអនុវត្ត។ ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក សុទ្ធតែទទួលបានដីមួយហិកតាក្នុងមួយគ្រួសារ ដើម្បីធ្វើកសិកម្ម។ បើគម្រោងនេះបានជោគជ័យ ជីវភាពប្រជាពលរដ្ឋនឹងកាន់តែធូរធារឡើង ហើយនេះក៏ជាក្តីប្រាថ្នារបស់យើងក្នុងការអភិវឌ្ឍន៍ភូមិធម្មជាតិរុតាឯកដែរ៕







ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0378
ម្សិលមិញ
:
3019
សប្តាហ៍នេះ
:
80051
ខែនេះ
:
0161328
សរុប
:
009343610