ព័ត៌មានថ្មីៗ

ប្រពៃណីបណ្តែតប្រទីបនៅវត្តអារញ្ញសាគរ

បានផ្សាយនៅ ថ្ងៃទី 08 ខែ វិច្ឆិកា ឆ្នាំ2015 12:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជារៀងរាល់ឆ្នាំ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប តែងតែប្រារព្ធកម្មវិធីបណ្តែតប្រទីបជ្វាលាយ៉ាងអធិកអធម ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។

កម្មវិធីនេះតែងតែរៀបចំធ្វើឡើងនៅថ្ងៃ១រោច ខែអស្សុជ ពោលគឺបន្ទាប់ពីចេញព្រះវស្សាបាន១ថ្ងៃ ក្នុងន័យសំខាន់គឺសូមស្មាលាឬសូមខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ (ព្រះនៃស្រូវ) អំពើបាបទាំងឡាយ ដែលមនុស្សប្រព្រឹត្តដោយអចេតនាក្តីឬចេតនាក្តី។ ពិធីនេះក៏មានអត្ថន័យដូចគ្នានឹងពិធីបុណ្យអ៊ុំទូកនៅក្រុងភ្នំពេញដែរ គ្រាន់តែនៅទីនេះ គេធ្វើពិធីបណ្តែតប្រទីបមុន។

តាមការរៀបរាប់របស់ក្រុមការងារស្រាវជ្រាវបេតិកភណ្ឌអរូបីនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា ពិធីនេះចាប់ផ្តើមឡើងនៅពេលរសៀល។ ដំបូងឡើយគេធ្វើពិធីក្រុងពាលី បំបួសភ្នំខ្សាច់ រួចធ្វើពិធីបួងសួងអញ្ជើញទេវតាគ្រប់ទីស្ថានឱ្យមកគង់ក្នុងបរិវេណពិធីដែលគេរៀបចំនៅសាលាសំណាក់យាយ អេង តាមបណ្តោយផ្លូវទៅភ្នំក្រោម។

បន្ទាប់មកនៅម៉ោង៧ល្ងាច គេចាប់ផ្តើមដង្ហែប្រទីបចេញពីវត្តអារញ្ញសាគរមកសាលាសំណាក់យាយ អេង។ នៅក្នុងប្រទីបនោះមានតុបតែងលម្អដោយភ្លើងពណ៌ល្អគន់គួរទាក់ភ្នែក ហើយនៅលើរទេះដង្ហែប្រទីបនោះ គេដាក់ក្មេងប្រុសស្រី៤នាក់ស្លៀកពាក់តុបតែងទ្រង់គ្រឿងយ៉ាងស្រស់ស្អាត រួមទាំងមានរៀបចំគ្រឿងរណ្តាប់ ចង្ក្រាន គ្រឿងដាំស្ល មុង កន្ទេល ខ្នើយ និងរបស់ជាច្រើនទៀតផងដែរ។ ចំណែកក្បួនដង្ហែ គេរៀបចំជាក្រុមភ្លេងពិណពាទ្យនាំមុខ បន្តដោយក្រុមភ្លេងឆៃយ៉ាំ រួចមកប្រទីប ហើយនឹងមានក្រុមភ្លេងសម័យថ្មីសម្រាប់រាំលេងកម្សាន្តពីក្រោយក្បួនដង្ហែទៀត។

ពេលប្រទីបដង្ហែទៅដល់សាលាសំណាក់យាយ អេង ព្រះសង្ឃសូត្រជយន្តោ ប្រោះទឹកមន្ត រួចហើយទាំងអាចារ្យ ព្រះសង្ឃ និងអ្នកភូមិមកសុំខមាទោស ស្មាលាបាបកម្មដែលខ្លួនបានមាក់ងាយ ឬប្រមាថដោយប្រការណាមួយនោះនៅជុំវិញប្រទីប ហើយសុំឲ្យព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ជួយបញ្ចៀសឧបទ្រពចង្រៃកុំបីឲ្យកើតមានដល់ភូមិករទាំងមូល។ លុះសូត្រមន្តចប់សព្វគ្រប់ ទើបបណ្តែតប្រទីបនោះទៅ។

ពីដើមមិញ ពេលដង្ហែប្រទីបម្តងៗ គេមិនដង្ហែតាមផ្លូវគោកដូចសព្វថ្ងៃទេ គឺគេដង្ហែដោយប្រើទូកហែចេញពីវត្តអារញ្ញសាគរតាមបណ្តោយស្ទឹងសៀមរាបទៅបណ្តែតនៅទន្លេសាប។ នាពេលនោះ គេក៏មានបណ្តែតប្រទីបតូចៗតាមផ្ទៃទឹកភ្លឺចញ្ចាចគួរឱ្យពេចពិលរមិលមើលណាស់ដែរ។

ប្រពៃណីបុណ្យបណ្តែតប្រទីបជាមរតកវប្បធម៌ដែលធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទៀមជាប់នឹងជីវភាពប្រចាំថ្ងៃនៃអ្នកស្រុកតំបន់នេះ។ បើថ្ងៃណាមួយ អ្នកស្រុកទីនេះលែងនឹកនាចង់ធ្វើបន្តទេ វាក៏គង់តែបាត់បង់ដោយឯកឯង ហើយអាចបាត់ជារហូតផងក៏ថាបាន។ ហេតុនេះ អាជ្ញាធរជាតិអប្សរាបានខិតខំប្រមូលចងក្រងទុកជាឯកសារដើម្បីផ្សព្វផ្សាយដល់គ្រប់គ្នាឲ្យយល់អំពីតម្លៃប្រពៃណីមួយនេះ ហើយវានឹងក្លាយជាផ្នែកមួយសម្រាប់ទាក់ទាញទេសចរដែលចង់មកទទួលបទពិសោធន៍ផ្នែកវប្បធម៌ពីកម្ពុជាផងដែរ៕














អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0479
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16355
ខែនេះ
:
0043811
សរុប
:
009417087