ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងសាងសង់រោងឆ្មាំចំនួន ២ខ្នង នៅលើភ្នំគូលែនដើម្បីពង្រឹងការងារអភិរក្ស

បានផ្សាយនៅ ថ្ងៃទី 05 ខែ វិច្ឆិកា ឆ្នាំ2015 08:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភ្នំគូលែន គឺរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ទេសចរជាតិនិងអន្តរជាតិ។ ទន្ទឹមនឹងនេះ ដើម្បីបញ្ជៀសនូវផល ប៉ះពាល់ជាអតិបរមា អាជ្ញាធរជាតិអប្សរាបានខិតខំយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះការអភិរក្សប្រាសាទនិងបុរាណនានាដែលមាននៅលើរមណីយដ្ឋានភ្នំគូលែននេះ ធ្វើយ៉ាងណាឲ្យការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាក់ស្តែងនៅថ្ងៃទី ០៣ ខែវិចិ្ឆកា ឆ្នាំ ២០១៥ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី របស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្រ្តី បុគ្គលិកក្រោមឱវាទទៅសិក្សារកទីតាំងចំនួន ០២កន្លែង ដើម្បីធ្វើការសាងសង់រោងឆ្មាំចំនួន ០២ខ្នង បន្ថែមទៀត នៅលើភ្នំគូលែន សម្រាប់ឲ្យបុគ្គលិកបច្ចេកទេស និងភ្នាក់ងារអភិរក្សប្រាសាទបំពេញការងារ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់កិច្ចប្រជុំ ICC អង្គរ លើកទី ២៤ នាថ្ងៃទី៤ និងទី ៥ ខែមិថុនាឆ្នាំ ២០១៥ កន្លងទៅ ដែលតម្រូវឲ្យអាជ្ញាធរជាតិអប្សរា ធើ្វការពង្រឹងផ្នែកធនធានមនុស្ស និងធនធានសម្ភារៈ ដើម្បីអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រវតិ្តសាស្រ្តនេះ ប្រកបដោយជោគជ័យ។ ជាលទ្ធផលក្រុមការងាររកបានទីតាំងចំនួន ២កនែ្លង ដែលមានលក្ខខណ្ឌសមស្របអាចសាងសង់រោងឆ្មាំទំាង ២ខ្នង បាន គឺនៅតំបន់ការពារប្រាសាទរោងចិន និង នៅតំបន់ការពារស្រះដំរី។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិអប្សរាបានសាងសង់រោងឆ្មាំចំនួន ០១ខ្នង និងបង្គន់អនាម័យសម្រាប់ភ្ញៀវទេសចរចំនួន ១ខ្នង រួចហើយ នៅក្នុងតំបន់ព្រះអង្គធំ ត្រង់វាលស្តេចគម្លង់។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការ ADF កំណត់តំបន់និងបោះបង្គោលព្រំការពារប្រាសាទនិងបុរាណដ្ឋាន លើភ្នំគូលែនបានចំនួន ៥តំបន់ និងបានដាំកូនឈើចំនួន ៥០០០ដើម នៅតំបន់ការពារប្រាសាទអ្នកតា។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានដាក់បុគ្គលិកបចេ្ចកទេស ផែ្នកបុរាណវិទ្យាចំនួន៣នាក់ និងភ្នាក់ងារអភិរក្សប្រាសាទចំនួន ៤៨នាក់ ឲ្យបំពេញការងារនៅទីនោះផងដែរ៕


ទីតាំងដែលត្រូវសាងសង់រោងឆ្មាំនៅតំបន់ការពារប្រាសាទរោងចិន


ទីតាំងសម្រាប់សាងសង់រោងឆ្មាំនៅតំបន់ការពារស្រះដំរី

អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0947
ម្សិលមិញ
:
1879
សប្តាហ៍នេះ
:
05974
ខែនេះ
:
0169903
សរុប
:
009352185