ព័ត៌មានថ្មីៗ

មុខរបរលក់ចម្លាក់ស្បែក និងការថែរក្សាមរតកវប្បធម៌ខ្មែរ

បានផ្សាយនៅ ថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ2015 12:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចម្លាក់ស្បែកត្រូវបានបុព្វបុរសខ្មែរ ឆ្លាក់ឡើងដើម្បីសម្តែងក្នុងវង់ល្ខោនស្រមោលស្បែកធំ និងល្ខោនស្បែកតូច ឬអាយ៉ង ដែលមានអាយុកាលតាំងពីមុនសម័យអង្គរទៅទៀត។ បើទោះជាការសម្តែងល្ខោនប្រភេទនេះ មានការថយចុះតាំងពីក្រោយសម័យអង្គរ និងស្ទើរតែបាត់បង់ក្នុងសម័យ ប៉ុល ពត ក៏ដោយ ក៏ចម្លាក់ស្បែកនៅតែត្រូវបានបុព្វបុរសថែរក្សាមកជាបន្តបន្ទាប់ ក្នុងឋានៈជាកេរមរតកវប្បធម៌របស់ខ្មែរ។ នៅឆ្នាំ២០០៥ ល្ខោនស្បែកធំត្រូវបានចុះបញ្ជីនៅអង្គការយូនីស្កូជាបេតិកភណ្ឌនិទាននិងអរូបី របស់មនុស្សជាតិ។

សព្វថ្ងៃ អ្នកដែលចេះឆ្លាក់ចម្លាក់ស្បែកមានតិចតួចប៉ុណ្ណោះ។ តែក៏មានអ្នកខ្លះពេញចិត្តនឹងការងារនេះ រហូតជ្រើសរើសជាមុខរបរចិញ្ចឹមជីវិតទៀតផង។ ជាក់ស្តែង លោក ញីវ បូរ៉ា ជាងចម្លាក់ស្បែកវ័យក្មេង នៅមុខប្រាសាទព្រះខ័ន ដែលបានបើកលក់ចម្លាក់ស្បែកដោយខ្លួនឯង បានរៀបរាប់ដោយមោទនភាពថា ខ្ញុំគិតថាខ្លួនឯងមានសំណាងណាស់ ដែលបានចេះជំនាញឆ្លាក់ស្បែក ព្រោះមិនត្រឹមតែបានទាំងលើកស្ទួយមរតករបស់ខ្មែរទេ តែក៏បានផ្តល់ការងារសម្របា់ខ្លួនឯង និងបានកម្រៃបានគួរសមក្នុងការរស់នៅ។ ចម្លាក់ស្បែកមួយផ្ទាំងលក់អាចបានតម្លៃពី២០ទៅ១០០ដុល្លារ តាមរូបតូចឬធំ ដោយក្នុងរូបមួយចំណាយពេលគូរនិងឆ្លាក់មួយថ្ងៃទៅពីរថ្ងៃជាងតាមទំហំរូប។

ចម្លាក់ស្បែកត្រូវបានប្រជាជនខ្មែរ និងបរទេស ទិញយកទៅធ្វើជាគ្រឿងរចនាលម្អគេហដ្ឋាន សណ្ឋាគារ ការិយាល័យ និងធ្វើវត្ថុអនុស្សាវរីយ៍ដ៏ល្អទៀតផង ពិសេសក៏ជាមុខរបរមួយដែលជួយលើកស្ទួយជីវភាពបានយ៉ាងល្អប្រសើរ៕






ទោះបីឆ្លងកាត់សម័យកាលរាប់ពាន់ឆ្នាំ សង្គ្រាមញ៉ាំញីជាច្រើន វិទ្យាសាស្ត្រទំនើបយ៉ាងណាក្តី ក៏ជំនឿមួយចំនួននៅតែមានឥទ្ធិពលនៅក្នុងផ្នត់គំនិតនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់ វណ្ណៈដល់សព្វថ្ងៃ ពិសេសអ្នកស្រុកតំបន់អង្គរ។
ព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអាចារ្យគណៈកម្មការនៃបណ្តាវត្ត ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួន១១៩អង្គ/នាក់ បានមកជួបជុំគ្នានៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយស្តីពី កិច្ចការវត្តអារាមនៅក្នុងតំបន់ឧទ្យានអង្គរ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺរិះរកមធ្យោបាយយ៉ាងណាដែលអាចឲ្យវត្តអារាម ជាពិសេស វត្តដែលនៅក្នុងរមណីយដ្ឋានអង្គរ មានតួនាទីសំខាន់ក្នុងការរួមចំណែកអភិរក្សបេតិកភណ្ឌអង្គរ។
របាយការណ៍លម្អិតរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងខេត្ត សៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។
បុណ្យឡើងមាឃភូមិក្រវ៉ាន់
( ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ2016 )
៣កើតមាឃធំ ជាថ្ងៃបុណ្យដែលអ្នកសៀមរាបភាគច្រើន ជាពិសេសអ្នកតំបន់អង្គរនាំគ្នាប្រារព្ធពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា។ អ្នកភូមិក្រវ៉ាន់ ដែលមានទីតាំងស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប និងជាភូមិមួយដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក៏នៅតែរក្សាប្រពៃណីបុណ្យឡើងមាឃនេះដែរ តែពិធីនេះហាក់មានលំនាំផ្សេង បើធៀបនឹងភូមិខ្លះទៀតដែលនៅឆ្ងាយពីអង្គរ។
រទេះគោគឺជាយានជំនិះ និងជាឧបករណ៍ដឹកជញ្ជូនផលកសិកម្ម ដ៏យូរលង់របស់បុព្វបុរសខ្មែរ។ បច្ចុប្បន្ន មធ្យោបាយដឹកជញ្ជូននេះបានបាត់បង់ជាបណ្តើរៗ ដោយជំនួសមកវិញនូវគ្រឿងចក្រមានឡាន និងគោយន្តជាដើម។ នៅតំបន់អង្គរ មធ្យោបាយដឹកជញ្ជូននេះនៅមានប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃនៅឡើយ តែក៏មិនមានគ្រប់ផ្ទះ ឬច្រើនលើសលុបដូចសម័យបុរាណនោះដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
8268
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
58019
ខែនេះ
:
0152698
សរុប
:
012922130