ព័ត៌មានថ្មីៗ

ការរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរ នៅប្រាសាទប្រែរូប

បានផ្សាយនៅ ថ្ងៃទី 30 ខែ តុលា ឆ្នាំ2015 08:22 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា សហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមានដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌបានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរគ្មានរបៀបរៀបរយនៅក្នុងបរិវេណប្រាសាទបែ្ររូប នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នេះ។ 

ក្រុមការងារបានរុះរើតង់ និងរោងរបស់អាជីវករ ដែលបានបោះទីតាំងលក់គ្មានសណ្តាប់ធ្នាប់ គ្មានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ចំនួន ១៨ តូប (គ្រែ៥ និងតុ១៣)។ ពីមុនមកក្រុមអាជីវករទាំងអស់នេះ ពុំមានទីតាំង លក់ឬពុំទាន់ហ៊ានបោះទីតាំង ក្នុងរូបភាពជាតូបឬរោងនោះទេ។ ពួកគាត់ធ្លាប់បានចូលទៅលក់ដល់ក្នុងប្រាសាទ ជាមួយនឹងសម្ភារៈស្ពាយជាប់ខ្លួន។ ដោយមើលឃើញថាការកាន់ឬស្ពាយសម្ភារៈ និងសកម្មភាពរបស់ពួកគាត់ពេលចូលទៅលក់ ក្នុងប្រាសាទបានរំខានអារម្មណ៍ភ្ញៀវទេសចរនិងគ្មានសណ្តាប់ធ្នាប់ ទើបកម្លាំងមានសមត្ថកិច្ច បានហាមឃាត់ឈប់ឲ្យលក់ដូរក្នុងប្រាសាទ និងបានណែនាំអោយក្រុមអាជីវករទាំងអស់នោះ ទៅលក់នៅម្ខាងផ្លូវក្រៅបរិវេណប្រាសាទដែលមានអាជីវករផ្សេងៗទៀតកំពុងលក់ដូរនៅទីនោះវិញ។ ប៉ុន្តែក្រុមអាជីវករមិនបានធ្វើតាមការណែនាំនិងការរៀបចំរបស់អាជ្ញាធរនោះទេ ដោយពួកគាត់បាននាំគ្នាមកបោះទីតាំងលក់នៅជាប់នឹងជើងប្រាសាទតែម្តង។

ជាបន្តបន្ទាប់ភ្នាក់ងារជំនាញ របស់អាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងពាក់ព័ន្ធ តែងតែចុះទៅធ្វើការពន្យល់ណែនាំ ដល់ពួកគាត់អំពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់និងទេសភាពតំបន់ទេសចរណ៍ ក៏ដូចជាប៉ះ ពាល់និងរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរ នឹងបានណែនាំឲ្យប្តូរទីតាំងលក់ ទៅកន្លែង សមរម្យតែពួកគាត់មិនព្រមធ្វើតាមការរៀបចំនេះទេ។ ការរុះរើទីតាំងទាំងនេះ គឺដើម្បីការពារសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃប្រាសាទអោយសាកសមជាតំបន់ទេសចរណ៍វប្បធម៌ដែលជាសម្បត្តិបេតិកភណ្ឌពិភលោក និងដើម្បីធានាការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា ក្នុងពេលកន្លងមកនេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន តែងតែរិះគន់និងត្អូញត្អែរពីការដាក់លក់ភេសជ្ជៈនិងវត្ថុអនុស្សាវរីយ៍គ្មានសណ្តាប់ធ្នាប់ ហើយទន្ទឹមនឹងនេះ ក៏មានមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួនធំបានរិះគន់និងរាយការណ៍ពីការរំខាន និងជេរប្រមាថដល់ភ្ញៀវទេសចរដែលមិនព្រមទិញវត្ថុអនុស្សាវរីយ៍ផងដែរ។ ជាការពិតណាស់ការរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅក្នុងបរិវេណប្រាសាទ គឺជាភាព ចាំបាច់បំផុតមួយដែលអាជ្ញាធរជាតិអប្សរានិងកម្លាំងពាក់ព័ន្ធ បាននឹងកំពុងដោះស្រាយនិងរៀបចំជាបន្តបន្ទាប់អោយបានល្អប្រសើរ ព្រោះតំបន់អង្គរគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍ដ៏ល្បី ល្បាញលើពិភពលោក ដែលមានភ្ញៀវទេសចរចូលមកទស្សនាឥតដាច់ជាច្រើនលាននាក់ ក្នុងមួយឆ្នាំៗ។






ក្នុងមួយថ្ងៃៗក្នុងខេត្តសៀមរាបមានកាកសំណល់សំរាមជាង៣០តោន ដែលប្រមូលពីទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន កន្លែងអាជីវកម្ម ផ្ទះប្រជាជន។ល។ ប្រសិនបើមិនបានទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវទេ នោះវានឹងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុតលើពិភពលោក។ ដូច្នេះហើយទើបច្រើនឆ្នាំមកនេះក្រៅពីកិច្ចការអភិរក្ស ជួសជុស ថែរក្សាប្រាសាទ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីរួមចំណែកសម្អាតបរិស្ថានឱ្យស្អាតក្នុងតំបន់ដែលខ្លួនគ្រប់គ្រងផងដែរ។
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមកិច្ចការបុរាណវិទ្យារបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ សហការជាមួយនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ បានចុះទៅហាមឃាត់ និងបញ្ឈប់សកម្មភាពជីកដីគោកបុរាណមួយស្ថិតនៅក្នុងភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។​
នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា សម្រេចដកហូតសម្ភារៈសំណង់មួយចំនួនពីម្ចាស់សំណង់ ឈ្មោះ កែក ពូក នៅភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលបានសាងសង់ខុសទៅនឹងផ្ទះខ្មែរ ដែលក្រុមជំនាញបានណែនាំ និងអនុញ្ញាតឲ្យធ្វើ។
នៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរាចំនួន១០នាក់ បានចុះទៅដកហូតសម្ភារៈសំណង់របស់លោកស្រី ខូយ សុផល អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកលក់គ្រឿងសំណង់ នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលលួចលាក់ធ្វើផ្ទះខុសច្បាប់ក្នុងតំបន់ឧទ្យានអង្គរជារៀងរាល់យប់ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0127
ម្សិលមិញ
:
3389
សប្តាហ៍នេះ
:
12968
ខែនេះ
:
0116787
សរុប
:
003078941