ព័ត៌មានថ្មីៗ

អ្នកស្រុកអង្គរជាមួយពិធីកាន់បិណ្ឌ

បានផ្សាយនៅ ថ្ងៃទី 09 ខែ តុលា ឆ្នាំ2015 08:07 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាប្រពៃណីដូនតាខ្មែរ បានប្រព្រឹត្តទៅគ្រប់វត្តអារាមជិតឈានដល់ថ្ងៃបញ្ចប់ហើយ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាមក។ នៅថ្ងៃ១៥រោចខែភទ្របទ ដែលត្រូវនឹងថ្ងៃទី១២ ខែតុលាខាងមុខនេះ គឺជាថ្ងៃចុងបញ្ចប់ហើយ។

រយៈពេល១៥ថ្ងៃនេះ ពុទ្ធបរិស័ទគ្រប់គ្នាទោះមានឬក្រ ក៏តែងឆ្លៀតទៅវត្តអារាមមិនដែលខាន បើទោះជាមិនបានច្រើនក៏គង់បានមួយវត្តដែរ ជាពិសេសគឺថ្ងៃចុងក្រោយ ដែលហៅថា ពិធីភ្ជុំបិណ្ឌ ដែលជាថ្ងៃដ៏សំខាន់។ ពុទ្ធបរិស័ទជឿជាក់ថា បើមិនបានទៅវត្តក្នុងរដូវកាលនេះទេ សាច់ញាតិសន្តានរបស់ខ្លួនដែលបាត់បង់ជីវិតទៅហើយ នឹងមិនបានទទួលអាហារបរិភោគ ត្រូវទទួលទុក្ខវេទនាមិនខាន។

មិនខុសពីពុទ្ធបរិស័ទទូទៅប៉ុន្មានទេ អ្នកស្រុកអង្គរដែលតែងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរក៏តែងប្រារព្ធពិធីនេះតាមទម្លាប់របស់ខ្លួនផងដែរ។ លោកតា ពេជ្រ ប៉ែន អាចារ្យវត្តគោកធ្លក ខាងលិចប្រាសាទបាយ័នបានរៀបរាប់កាលពីព្រឹកថ្ងៃទី៨ ខែតុលា ដែលត្រូវនឹងវេនទី១០ថា វត្តគោកធ្លកក៏ទទួលបានការមកកាន់បិណ្ឌតាមវេនរបស់ពុទ្ធបរិស័ទគ្រប់ទាំង១៥ថ្ងៃ ដូចជាបណ្តាវត្តដទៃដែរ។ លោកតា បញ្ជាក់ថា បើទោះជាមិនមានអ្នកមានលទ្ធភាពខ្ពស់មកទទួលកាន់វេនទាំងស្រុងក៏ដោយ ក៏អ្នកភូមិនៅតែសាមគ្គីគ្នាលៃលកធ្វើពិធីកាន់បិណ្ឌមិនឲ្យដាច់ឡើយ។

ចំណែកលោកតាស៊ូ ជាអាចារ្យធំប្រចាំវត្តគោកធ្លក និងជាម្ចាស់វេនទី១០ផ្ទាល់ បញ្ជាក់ថា បើទោះជាលោកតាមិនមានទ្រព្យធនច្រើនក៏ដោយ ក៏លោកតា និងក្រុមគ្រួសាររួមទាំងអ្នកភូមិគោកត្នោតតែងតែទទួលវេនកាន់បិណ្ឌនៅវត្តគោកធ្លកជារៀងរាល់ឆ្នាំពុំដែលខានឡើយ។

ការប្រារព្ធពិធីកាន់បិណ្ឌនេះ គឺជាទំនៀមមួយរបស់អ្នកស្រុកអង្គរដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែរ។ នេះជាការអភិរក្សមរតកដូនតាដ៏ល្អរបស់អ្នកស្រុកអង្គរដែលមានតាំងពីបរមបុរាណមក។ ទំនៀមទាំងនេះហើយ ដែលធ្វើឲ្យអង្គរមានឈ្មោះថា ជាសម្បត្តិបេតិកភណ្ឌមានជីវិតជារៀងរហូត៕










អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
21922
ម្សិលមិញ
:
16199
សប្តាហ៍នេះ
:
38121
ខែនេះ
:
0170247
សរុប
:
009639004