ព័ត៌មានថ្មីៗ

ពុទ្ធបាទក្នុងសម័យកណ្តាល ដែលរងការបាក់បែកត្រូវបានជួសជុលផ្គុំឡើងវិញ

បានផ្សាយនៅ ថ្ងៃទី 07 ខែ តុលា ឆ្នាំ2015 10:19 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ពុទ្ធបាទទម្ងន់ប្រហែលជាង២តោន មានទីតាំងដើមនៅរួតព្រះពាន់ប្រាសាទអង្គរវត្ត ដែលរងការបាក់បែកជា៦៤បំណែក តម្កល់ទុកនៅអភិរក្សដ្ឋានអង្គរតាំងពីឆ្នាំ១៩៨៥ ត្រូវបានក្រុមជំនាញជួសជុលចម្លាក់សិល្បៈ របស់អាជ្ញាធរជាតិអប្សរា ដែលបណ្តុះបណ្តាលដោយសាកលវិទ្យាល័យ Palermo ប្រទេសអ៊ីតាលី ធ្វើការជួសជុលផ្គុំឡើងវិញ តាមទម្រង់ដើម ដើម្បីតម្កល់ទុកជាមរកបេតិកភណ្ឌរបស់ជាតិ។

កញ្ញា មាស សុភាព អ្នកជំនាញផ្នែកជួសជុលវត្ថុបុរាណនៃសារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានបញ្ជាក់កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ថា ពុទ្ធបាទដែលក្រុមការងារកំពុងជួសជុលនេះមានចំនួន១គូ ដែលត្រូវបានកសាងឡើងក្នុងសម័យកណ្តាល (សវទី១៤ដល់១៦)។   ពុទ្ធបាទខាងស្តាំមានរូបរាងពេញលេញ គ្រាន់តែខូចខាតខ្លះនៅផ្នែកខាងក្រោម។ ចំណែកពុទ្ធបាទខាងឆ្វេងបានបាក់បែកជា៦៤បំណែក ដែលក្រុមការងារបានចាប់ផ្តើមជួសជុលផ្គុំឡើងវិញ តាំងពីឆ្នាំ២០១២មក។

កញ្ញាបន្ថែមថា ក្នុងពេលដែលផ្គុំឡើងវិញនេះ បំណែកពុទ្ធបាទទាំង៦៤នេះពុំអាចផ្គុំចេញជារូបរាងពេញលេញទេ។ ដូច្នេះ ក្រុមជំនាញបានជំនួសផ្នែកខ្លះដែលបាត់បង់ដោយថ្មថ្មីវិញ។ តែជាភព្វសំណាង នៅចុងខែកញ្ញា ឆ្នាំ២០១៥នេះ ក្រុមជំនាញបានបន្តការរុករកក៏បានប្រទះឃើញបំណែក ១៥បន្ថែមទៀត ដែលអាចជាបំណែកនៃពុទ្ធបាទដែលបាត់បង់ នៅមណ្ឌលរក្សាទុកវត្ថុសិល្បៈ ផ្នែកខាងត្បូងប្រាសាទអង្គរវត្ត។ ប្រសិនបើក្រោយពី សម្អាតហើយ ឃើញថាពិតជាបំណែកផ្សេងទៀតនៃពុទ្ធបាទនោះ ក្រុមការងារនឹងធ្វើការជួសជុលផ្គុំឡើងវិញ ក្នុងន័យរក្សាឲ្យបាននូវទ្រង់ដើមនៃចម្លាក់សិល្បៈបុរាណ។

លោក ហ៊ូ នឡាមុនី អ្នកជំនាញបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាសមាជិកនៃក្រុមជួសជុលពុទ្ធបាទ បានបញ្ជាក់ថា បើទោះជាមានការរុះរើជួសជុលឡើងវិញក៏ដោយ ក៏ពុំមានបញ្ហាដល់ចម្លាក់ដើមទេ ដោយសារការជួសជុលអភិរក្សសម្បត្តិបេតិកភណ្ឌ ត្រូវបានធ្វើឡើង ដោយគោរពទៅតាមគោលការណ៍សំខាន់ៗគឺ មាំទាំ យូរអង្វែង និងអាចសើរើវិញបាន។

ភាពជោគជ័យនៃការជួសជុលផ្គុំឡើងវិញនូវពុទ្ធបាទនេះ ជាការបញ្ជាក់ឲ្យឃើញពីសមត្ថភាពខ្ពស់របស់អ្នកជំនាញខ្មែរ ដែលអាចជាបទពិសោធន៍ដ៏សំខាន់ឈានទៅជួសជុល និងអភិរក្សវត្ថុសិល្បៈផ្សេងទៀត ដែលទទួលរងការខូចខាតបែបនេះ ឲ្យមានតួនាទី និងមានតម្លៃក្នុងការបូជាឡើងវិញ៕








អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2917
ម្សិលមិញ
:
3825
សប្តាហ៍នេះ
:
09206
ខែនេះ
:
0076815
សរុប
:
008920958