ព័ត៌មានថ្មីៗ

ភូមិធម្មជាតិរុនតាឯកទទួលរង្វាន់ចំនួន៣ពីការប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦”

បានផ្សាយនៅ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2015 03:19 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភូមិធម្មជាតិរុនតាឯក ទើបតែទទួលបានរង្វាន់ចំនួន៣។ រង្វាន់ពីរ ទទួលពីក្រសួងទេសចរណ៍គឺ រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ផ្នែកអនាម័យនិងបរិស្ថាន និងរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ផ្នែកធុរកិច្ចសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌។ រង្វាន់ទីបីជាពានរង្វាន់ពិសេស បន្ថែមទៅលើរង្វាន់ទាំងពីរខាងដើម។ រង្វាន់នេះមានឈ្មោះថា “រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍”។ ពិធីប្រកាសជ័យលាភី និងប្រគល់រង្វាន់ធ្វើឡើងកាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៥នេះ។

ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានពន្យល់ពីអត្ថន័យនៃរង្វាន់ទាំងបីយ៉ាងនេះគឺ ៖ រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ផ្នែកអនាម័យនិងបរិស្ថាន ជារង្វាន់ប្រគល់ជូនភូមិធម្មជាតិរុនតាឯក ដោយភូមិធម្មជាតិនេះត្រូវបានរៀបចំ មានអនាម័យល្អក្នុងភូមិទាំងមូល និងមានការរៀបចំទេសចរណ៍បែបធម្មជាតិ ដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចទស្សនាដំណាំកសិកម្ម ដំណាំហូបផ្លែ ឬធម្មជាតិបៃតងនៅក្នុងភូមិ។

រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ផ្នែកធុរកិច្ចសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌ ជារង្វាន់ផ្តល់តម្លៃទៅលើការរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកដើម។ ប្រជាពលរដ្ឋដែលមករស់នៅក្នុងភូមិធម្មជាតិរុន តាឯក គឺជាអតីតអ្នកស្រុកអង្គរ ដែលផ្ទុកដោយទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អល្អះរបស់ដូនតាខ្មែរ។ ការរៀបចំភូមិនេះឡើង មិនត្រឹមតែមិនបានកែប្រែទំនៀមនៃការប្រតិបត្តិរបស់អ្នកស្រុកទេ តែថែមទាំងជួយជ្រោមជ្រែង លើកតម្កើងតម្លៃវប្បធម៌របស់ពួកគាត់ថែមទៀត។

ឯរង្វាន់ពិសេស គឺត្រូវបានប្រគល់ជូនស្ថាប័ន ឬក្រុមណាដែលបានទទួលរង្វាន់ពីរ របស់ក្រសួងទេសចរណ៍ ពោលគឺស្ថាប័នដែលទទួលបានរង្វាន់តែមួយពីក្រសួងទេសចរណ៍ មិនអាចទទួលបានរង្វាន់ពិសេស ពីសម្តេចតេជោនាយករដ្ឋមន្ត្រីបានឡើយ។ 
























ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
5194
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
39614
ខែនេះ
:
0120891
សរុប
:
009303173