ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋស្រុកជីក្រែងចូលរួម អភិរក្សស្ពានព្រះទិសជាមួយអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ2015 03:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានព្រះទិស (ស្ពានកំពង់ក្តី) គឺស្ពានបុរាណមួយដែលបានកសាងនៅសម័យអង្គរ ចន្លោះចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្ពាននេះមានបណ្តោយប្រវែង៨៦ម៉ែត្រ ទទឹងប្រវែង១៦ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ពីបាតស្ទឹង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។

នៅក្នុងកិច្ចអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ធ្វើយ៉ាងណាឲ្យស្ពានប្រវត្តិសាស្រ្តនេះរក្សាបាននូវភាពគង់វង្សយូរអង្វែង មានសោភ័ណភាពល្អដើម្បីបម្រើដល់វិស័យទេសចរណ៍។ ជាក់ស្តែង ដោយសារទឹកភ្លៀងនៅរដូវវស្សា បានហូរច្រោះដីនៅលើតួស្ពានជាច្រើនកន្លែង បង្កការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរនោះ ទើបនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានសហការជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទវត្តជីក្រែង អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកជីក្រែង បានរួមកំលាំងគ្នាចាក់ដីគ្រួសក្រហម២៤ម៉ែត្រគូបបំពេញកន្លែងហូរច្រោះឲ្យមានសោភ័ណភាពឡើងវិញ ដើម្បីរួមចំណែកថែរក្សាស្ពានបុរាណនេះផង និងដើម្បីសម្រួលដល់ការធ្វើដំណើរផង។

នៅក្នុងឱកាសនោះ ឯកឧត្តម សឺង គង់ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងលោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ក៏បានដឹកនាំ បុគ្គលិក និងពលករសម្អាតឧទ្យានរបស់នាយកដ្ឋានប្រមាណជាង២០នាក់ទៅចូលរួម ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ប្រើប្រាស់នៅក្នុងពិធីនេះផងដែរ។

ព្រះតេជគុណ ឈឿន សាវង្ស គ្រូសូត្រស្តាំគង់នៅវត្តជីក្រែង មានថេរដីកាថា ដោយមើលឃើញពីស្ថានភាពផ្លូវលើស្ពានដក់ទឹក និងក្រហេងក្រហូង ដែលបណ្តាលមកពីទឹកភ្លៀងហូរច្រោះ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាការទស្សនារបស់ភ្ញៀវទេសចរ នោះ ទើបព្រះសង្ឃ គណៈកម្មការវត្ត បានមកពិភាក្សាជាមួយតំណាងអាជ្ញាធរជាតិអប្សរា ដើម្បីចាក់ដីបំពេញនៅលើតួស្ពានឱ្យបានល្អ។ ម្យ៉ាងទៀត ការងារនេះក៏ជាចំណែកមួយដ៏សំខាន់ក្នុងន័យបណ្តុះគំនិតឱ្យប្រជាពលរដ្ឋទាំងអស់ចេះស្រឡាញ់និងរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ដូនតាឱ្យបានគង់វង្សយូរអង្វែង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សឺង គង់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋភូមិជីក្រែង ដែលបានរួមសាមគ្គីគ្នាចូលរួមក្នុងកិច្ចការអភិរក្សជាមួយអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមបញ្ជាក់ថា នេះជាការរួមចំណែកមួយដ៏ធំរបស់ប្រជាពលរដ្ឋក្នុងការអភិរក្សមរតកដូនតា ដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយថែរក្សា ហើយសកម្មភាពនេះ ជាគំរូមួយដ៏ល្អចំពោះប្រជាពលរដ្ឋដទៃទៀតដែលរស់នៅតាមទីតាំងបុរាណដ្ឋាននានាយកតម្រាប់តាម។

បន្ថែមលើនោះ លោក ឈាន រដ្ឋា ក៏បានលើកឡើងដែរថា កិច្ចការអភិរក្សចាំបាច់ត្រូវតែមានការចូលរួមគាំទ្រពីប្រពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ទើបទទួលបានជោគជ័យ។ ក្នុងនាមលោកជាថ្នាក់ដឹកនាំមួយរូបនៃអាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់បន្តចូលរួមធ្វើជាគំរូបែបនេះ នៅតាមបុរាណដ្ឋានដទៃទៀត។

សូមបញ្ជាក់ថា ដើម្បីអភិរក្សនិងលើកតម្លៃបេតិកភណ្ឌជាតិ រាជរដ្ឋាភិបាលបានធ្វើផ្លូវវាងចេញពីស្ពានបុរាណនេះ តែនៅអនុញ្ញាតឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានឆ្លងកាត់និងទស្សនា ដដែល ហើយហាមឃាត់យានយន្តធុនធ្ងន់ចរាចរឆ្លងកាត់ ដែលអាចបង្កការខូចខាតដល់ស្ពានបុរាណ និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរផងដែរ៕







អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
5086
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
56408
ខែនេះ
:
0359916
សរុប
:
014802757